
អាខោនហ្វេសប៊ុកដែលក្រសួងថា ផ្សាយព័ត៌មានមិនពិត។ រូបថត AKP
ភ្នំពេញៈ ក្រសួងព័ត៌មានបានព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកដែលនៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិត បន្ទាប់ពីក្រសួងនេះ និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ព្រមៗគ្នាមួយ ឆ្លើយតបទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាល។
ប្រតិកម្មរបស់ស្ថាប័នទាំង ២ នេះធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសត្រៀមលិខិត ១ ច្បាប់ ដាក់ថ្វាយព្រះមហាក្សត្រ និងដាក់ជូន រដ្ឋសភា និងព្រឹទ្ធសភា ក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ន ប្រសិនបើស្ថានភាពជំងឺកូវីដ ១៩ រីករាលដាលកាន់តែខ្លាំង។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ក្រសួងព័ត៌មានតែងតែក្រើនរំឭក និងអំពាវនាវឱ្យអ្នកប្រកបមុខរបរអាជីពជាអ្នកសារព័ត៌មានទាំងអស់ឱ្យគោរពច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមជាអ្នកសារព័ត៌មាន។ ប៉ុន្តែក្រសួងនៅតែសង្កេតឃើញថា មានអ្នកសារព័ត៌មានមួយចំនួនតូចនៅតែមិនទាន់គោរពតាមការអំពាវនាវ និងការអប់រំណែនាំរបស់ក្រសួងហើយបានអនុវត្តប្រាសចាកពីវិជ្ជាជីវៈសារព័ត៌មានខុសទៅនឹងច្បាប់ និងឯកសារដែលតម្កល់ទុកនៅក្រសួងព័ត៌មាន។
លោក សុភ័ណ្ឌ បានព្រមានថា បើអ្នកសារព័ត៌មានមួយចំនួនតូចទាំងនោះ នៅតែបន្តធ្វើដោយខុសច្បាប់ និងប្រាសចាកពីវិជ្ជាជីវៈអ្នកសារព័ត៌មាន ក្រសួងក៏ដូចជាស្ថាប័នមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ដែលអាចឈានដល់ការផ្អាក ឬបញ្ឈប់ស្ថាប័នកុំឱ្យមានការផ្សព្វផ្សាយបន្តទៀត។ លើសពីនេះ បើបុគ្គលដែលប្រព្រឹត្តនៅក្នុងស្ថាប័នព័ត៌មានណាមួយបានប្រព្រឹត្តខុស ក្រសួងក៏នឹងចាត់វិធានការចំពោះបុគ្គលនោះដោយពិនិត្យលើអង្គហេតុ និងអង្គច្បាប់ ចំពោះករណីនីមួយៗ។
លោកបញ្ជាក់ថា៖ «ក្រសួងព័ត៌មានកន្លងមកនេះ ពិនិត្យមើលឃើញថា ស្ថាប័ននិងអ្នកសារព័ត៌មានមួយចំនួនធំបានអនុវត្តទៅតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ប៉ុន្តែទន្ទឹមគ្នានេះក៏មានឃើញ អង្គភាពស្ថាប័ន និងអ្នកសារព័ត៌មានមួយចំនួនតូចនៅតែអនុវត្តផ្ទុយទៅនឹងច្បាប់ក្រមសីលធម៌ និងវិជ្ជាជីវៈ ដូច្នេះបានជាក្រសួងជូនដំណឹងនេះ»។
បើតាមលោក មាស សុភ័ណ្ឌ អ្វីដែលក្រសួងសង្កេតឃើញ គឺស្ថាប័នដែលទើបចាប់ផ្តើមប្រកបវិជ្ជាជីវៈ និងអង្គភាពសារព័ត៌មានភាគច្រើនដែលធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធទំនើប (អនឡាញ) តែងតែផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិតរឿងខុសពីការពិត។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងព័ត៌មានចេញកាលពីថ្ងៃទី ៧ ខែធ្នូ ឱ្យដឹងថា ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលបានអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ មានអ្នកសារព័ត៌មានមួយចំនួនតូចមិនបានបំពេញតួនាទីស្របតាមវិជ្ជាជីវៈរបស់ខ្លួន ធ្វើជាស្ពានចម្លងក្នុងការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាល និងពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋនោះទេ។ ប៉ុន្តែបែរជាឆ្លៀតឱកាស ប្រាសចាកក្រមសីលធម៌ ផ្សព្វផ្សាយព័ត៌មានមិនពិត ក្លែងបន្លំ នាំឱ្យសាធារណជនយល់ខុស និងមានការសង្ស័យលើការអនុវត្តការងាររបស់អាជ្ញាធរមានសមត្ថកិច្ច បង្កឱ្យមានភាពភ័យខ្លាច ច្របូកច្របល់ រំខានដល់ការអនុវត្តតួនាទីរបស់អាជ្ញាធរមានសមត្ថកិច្ចប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។
លើសពីនេះអ្នកសារព័ត៌មានទាំងនោះបានទទួលយកសំណូក ឬជំរិតទារប្រាក់ជាថ្នូរនឹងការមិនផ្សព្វផ្សាយ ឬលុបព័ត៌មាន ដែលជាប្រការមួយរំលោភយ៉ាងធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដែលមិនអាចទទួលយកបាន។
សេចក្តីថ្លែងការណ៍ដដែលបន្តថា ដើម្បីលុបបំបាត់ភាពអសកម្មរបស់ក្រុមអ្នកសារព័ត៌មានមួយចំនួនតូច ដែលគ្មានវិជ្ជាជីវៈ និងក្នុងករណីបុគ្គលណា ដែលរងផលប៉ះពាល់ពីបញ្ហាដូចដែលបានរៀបរាប់ខាងលើ ក្រសួងព័ត៌មាន គាំទ្រឱ្យបុគ្គលនោះប្រើប្រាស់សិទ្ធិរបស់ខ្លួន ស្របតាមច្បាប់ និងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ ដោយមិនបាច់ជូនដំណឹងមកក្រសួងព័ត៌មានជាមុនឡើយ។
ដោយឡែកអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី ៧ ខែធ្នូ ក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរថា នារយៈពេលចុងក្រោយនេះក៏បានសង្កេតឃើញថា មានជនមួយចំនួនបានប្រឌិតផ្សព្វផ្សាយព័ត៌មានអកុសល មិនពិត បំពុលបរិយាកាសសង្គមក្នុងគោលបំណងធ្វើឱ្យប្រជាពលរដ្ឋច្របូកច្របល់ ស្លន់ស្លោ ស្តីពីបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ ១៩។
ការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះធ្វើឡើងក្នុងពេលដែលរាជរដ្ឋាភិបាលស្ថាប័នជំនាញអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមជាមួយនឹងប្រជាពលរដ្ឋទូទាំងប្រទេសបាននិងកំពុងសហការគ្នាយ៉ាងសកម្មសស្រាក់សស្រាំ និងម៉ឺងមាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ការ ការឆ្លងវីរុសកូរ៉ូណានៅក្នុងសហគមន៍។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា អង្គភាពពិនិត្យឃើញជនមួយចំនួនបានយកព័ត៌មានដែលផ្សព្វផ្សាយធម្មតា បែរជាយកទៅផ្សព្វផ្សាយប្រឌិត ខុសពីការពិត។ លោកលើកជាឧទាហរណ៍ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសមិនបិទរាជធានីភ្នំពេញ ឬតំបន់មួយណានោះទេ ប៉ុន្តែមានការផ្សព្វផ្សាយបិទជាដើម។
លោកបញ្ជាក់ថា៖ «សម្តេចនាយករដ្ឋមន្ត្រីនិយាយយ៉ាងច្បាស់ គ្រាន់តែសម្តេចត្រៀមលិខិតរួចហើយ ប៉ុន្តែវាមិនទាន់ប៉ះពាល់ខ្លាំងនោះទេ គ្រាន់តែត្រៀមទុក នៅពេលដែលមានហានិភ័យណាមួយកើតឡើង ហើយគ្រប់គ្រងមិនបាន យើងប្រើប្រាស់លិខិតនោះ»។
បើតាមលោក ផៃ ស៊ីផាន មានអ្នកដែលមាននិន្នាការនយោបាយមួយចំនួនបាននិយាយថា រាជរដ្ឋាភិបាលបានយកបញ្ហាជំងឺកូវីដ ១៩ ទៅរារាំង ឬធ្វើទុកបុកម្នេញសមាជិកអតីតគណបក្សសង្គ្រោះជាតិទៅវិញ និងមានការផ្សព្វផ្សាយបំភ័យជាច្រើនពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ នេះ ខុសពីការពិតដែលធ្វើឱ្យមានការភាន់ច្រឡំ និងច្របូកច្របល់ក្នុងសង្គម។
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជាថ្លែងថា អ្នកសារព័ត៌មានមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជាមួយភាគីពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយព័ត៌មានពិតឱ្យពលរដ្ឋយល់ដឹងពីការឆ្លងជំងឺកូវីដ ១៩។ បន្ទាប់ពីពលរដ្ឋទទួលបានព័ត៌មានពិតហើយ ពួកគេនឹងចេះការពារខ្លួន កុំឱ្យមានការឆ្លងពីជំងឺនេះ។ មួយវិញទៀត អ្នកសារព័ត៌មានគួរធ្វើយ៉ាងណា ផ្សព្វផ្សាយព័ត៌មានពិត ដើម្បីកុំឱ្យពលរដ្ឋមានភាពចលាចល និងភ័យខ្លាច។
លោកបញ្ជាក់ថា៖ «បើអ្នកសារព័ត៌មាន ឬអ្នកលេងហ្វេសប៊ុកបង្ហោះព័ត៌មានខុសពីការពិត ហើយធ្វើឱ្យពលរដ្ឋមានការយល់ច្រឡំ និងសង្គមមានការច្របូកច្របល់ ខ្ញុំយល់ថា ជាកំហុសមួយដ៏ធំដែលយើងទាំងអស់គ្នាគួរតែពិចារណាឡើងវិញ។ ក្នុងន័យនេះសេចក្តីថ្លែងការណ៍របស់ក្រសួងព័ត៌មាន និងអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលព្រួយបារម្ភពីការគ្រប់គ្រងជំងឺកូវីដ ១៩ ដោយផ្តើមចេញពីការផ្សាយព័ត៌មានមិនពិតនេះ»។
លោកយល់ថា សម្រាប់អ្នកកាសែតអាជីពមិនមានអ្វីជាបញ្ហាទេ ប៉ុន្តែមានអ្នកប្រកបវិជ្ជាជីវៈអ្នកសារព័ត៌មានមួយចំនួនបានអះអាងខ្លួនជាអ្នកកាសែតនោះតែងតែផ្សព្វផ្សាយព័ត៌មានធ្វើឱ្យមានការច្របូកច្របល់ក្នុងសង្គម»៕
វីដេអូ៖