ភ្នំពេញៈ ក្រសួងសុខាភិបាល បានព្រមានចាត់វិធានការចំពោះការផ្សព្វផ្សាយ និង ចែកចាយផលិតផល និង ឱសថតាមគណនីហ្វេកប៊ុក ដែលមិនចុះបញ្ជីឬក៏ផ្សព្វផ្សាយគ្មានការអនុញ្ញាត ហើយបានស្នើសុំឲ្យឈប់ធ្វើសកម្មភាពខុសច្បាប់តទៅទៀត។ នេះបើតាមសេចក្ដីជូនដំណឹងកាលពីថ្ងៃ១១មិថុនានិងថ្ងៃម្សិលមិញ។
ទន្ទឹមការព្រមាននេះក្រសួងក៏បានបង្ហោះផលិតផលប៉ុន្មានប្រភេទ ដូចជា PLUS FORT GOLD ANT USA និង Developped Sex រួមទាំងឈ្មោះគណនីហ្វេកប៊ុកដែលបានផ្សព្វផ្សាយផលិតផលទាំងនោះផងដែរ ដូចជា Nina Online Shop and Sath Dinna shop ជាដើម។
ជាមួយគ្នានេះក្រសួងបានអំពាវនាវសាធារណជនឲ្យឈប់ប្រើផលិតផលទាំងនោះពីព្រោះវាមានគុណវិបត្តិដល់សុខភាព។
សេចក្ដីជូនដំណឹងចុះថ្ងៃទី១១ខែមិថុនាបញ្ជាក់ថា៖«ដើម្បីចៀសវាងការខាតបង់ថវិកា ការប៉ះពាល់សុខភាពនិងការគំរាមកំហែងដល់អាយុជីវិត(ជំងឺគាំងបេះដូង)ក្រសួងសុខាភិបាលសូមជម្រាបជូនដំណឹងសាធារណជនឲ្យឈប់ប្រើប្រាស់ផលិតផលទាំងនោះជាបន្ទាន់ ជាពិសេសផលិតផល PLUS FORT»។
ដោយឡែក កាលពីម្សិលមិញ ក្រសួងក៏បានចេញសេចក្ដីជូនដំណឹងព្រមានគណនីហ្វេសប៊ុកឈ្មោះ White Skin House , White Skin House II និង Gluta White Skin House ផងដែរ ខណៈគណនីទាំងនេះបានផ្សព្វផ្សព្វឱសថ ផលិលផលបំប៉នសុខភាពនិងគ្រឿងសម្អាងគ្មានចុះបញ្ជិកានិងគ្មានច្បាប់។
បើតាមក្រសួងផលិតផលទាំងនោះមិនត្រូវបានត្រួតពិនិត្យដោយក្រសួងនិងមិនបានចុះបញ្ជិកាជាមួយក្រុមហ៊ុនស្របច្បាប់ទេ។ផលិតផលដែលមិនមានការអនុញ្ញាតពីក្រសួង គ្មានអាសយដ្ឋាន គ្មានប្រភពក្រុមហ៊ុននាំចូល ហើយការផ្សព្វផ្សាយបំផ្លើសការពិត។
តាមសេចក្ដីជូនដំណឹងទាំងនោះក្រសួងក៏បានបញ្ជាក់ពីពាក្យពេចន៍ខ្លះដែលគេប្រើក្នុងសារផ្សព្វផ្សាយនោះផងដែរមានដូចជា៖«ផលិតផលដែលអាចជួយឲ្យអ្នករួមភេទបានច្រើនដង»ជាដើម។
ទន្ទឹមនឹងនេះក្រសួងថានឹងចាត់វិធានការផ្លូវច្បាប់លើម្ចាស់គណនីហ្វេកប៊ុកទាំងនោះដោយផ្អែកទៅលើច្បាប់ស្ដីអំពីការគ្រប់គ្រងឱសថ។
ពៅ ពិសី អាយុ២៤ឆ្នាំដែលជាម្ចាស់គេហទំព័រហ្វេកប៊ុក«Oun Louk Palet Phol sex, Jouy Tinh oun oat»បានថ្លែងកាលពីម្សិលមិញថានាងបានបើកលក់ផលិតផល Developed Sex តាំងពីឆ្នាំ ២០១៦ នៅពេលអ្នកទិញសួររកផលិតផលនោះ ប៉ុន្តែ នាងថា ឈប់រកស៊ីជំនួញនោះហើយតាំងពីឆ្នាំ ២០១៧ មក ។
នាងបានថ្លែងថា៖«ឥឡូវខ្ញុំឈប់លក់ផលិតផលនោះហើយព្រោះទីផ្សារមិនធំដូចពីមុននោះទេ។
យ៉ាងណាក្ដី ពិសី ថានាងបានបង្វែរមកលក់ផលិតផលជំនួយផ្លូវភេទផ្សេងដែលទទួលពីតាមបណ្ដាក្រុមហ៊ុននានា។
នាងបានថ្លែងថា៖«ជាធម្មតាផលិតអ្វីក៏ដោយតែងតែមានគុណវិបតិ្តរបស់វាជានិច្ច។ទោះបីជាយើងប្រើប្រាស់ឡេសម្រាប់លាបក៏វាប៉ះពាល់ដល់សុខភាពដែរ។សូម្បីតែយើងញ៉ាំម្ហូបចំណីផ្សេងៗវាក៏ប៉ះពាល់ដល់សុខភាពរបស់យើងដែរព្រោះវាមានផ្ទុកសារធាតុគីមី»។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សុវណ្ណ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕