ភ្នំពេញៈ ក្រសួងទេសចរណ៍ បានព្រមានដកអាជ្ញាប័ណ្ណទេសចរណ៍គ្រប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ណាដែលមិនមានវិញ្ញាបនបត្របញ្ជាក់អនាម័យ ពីក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាលឬ រដ្ឋបាលថ្នាក់ក្រោមជាតិ។
តាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ ដែលចុះហត្ថលេខា ដោយលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែមករា ដែលទើបឃើញផ្សព្វផ្សាយកាលពីថ្ងៃអង្គារ បានឲ្យដឹងថា៖ «ក្រសួងទេសចរណ៍នឹងសម្រេចដកហូតមកវិញនូវអាជ្ញាប័ណ្ណទេសចរណ៍ ប្រសិន បើពិនិត្យឃើញថា មូលដ្ឋានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នោះ ពុំបានអនុវត្ដត្រឹមត្រូវតាមបទដ្ឋានអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ» ។
ជាមួយគ្នានេះក្រសួងបានលើកឡើងពីច្បាប់ស្ដីពីទេសចរណ៍ថា៖ «គ្មានបុគ្គលណាម្នាក់ អាចប្រកបអាជីវកម្មទេសចរណ៍បានទេ ប្រសិនបើបុគ្គលនោះ មិនបានទទួលការផ្ដល់អាជ្ញាប័ណ្ណទេសចរណ៍ពីក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ...» ។
សារាចរដដែលបានឲ្យដឹងថា នៅមានអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសច-រណ៍មួយចំនួន មិនទាន់បានអនុវត្តកាតព្វកិច្ចស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍ ក៏ដូចជាការអនុវត្តឱ្យបាននូវការស្នើសុំវិញ្ញាបនបត្របញ្ជាក់អនាម័យពីក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិនៅឡើយ។
លោក ទិត ចន្ថា អ្នកនាំពាក្យក្រសួងទេសចរណ៍ មិនអាចទាក់ទងសុំការពន្យល់បន្ថែមបានទេកាលពីថ្ងៃអង្គារ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ បានថ្លែងថា នៅខេត្ដព្រះសីហនុ រមណីយដ្ឋាន អាហារដ្ឋាន និងភោជនីយដ្ឋានធំៗ មានការគោរពទៅតាមលក្ខខណ្ឌណែនាំរបស់ក្រសួង និងមន្ទីរបានល្អ ចំពោះការពង្រឹងសុវត្ថិភាពចំណីអាហារនេះ។
លោកបានបន្ដថា៖ «យើងឃើញថា ពួកគាត់ចាប់ផ្ដើមយល់ និងចូលរួមចំពោះការពង្រឹងសុវត្ថិភាពចំណីអាហារ និងអនាម័យ ប៉ុន្ដែវាមិនទាំងអស់ទេ ព្រោះក៏មានអ្នកមួយចំនួន គាត់ក៏មិនទាន់បានចូលរួម តែយើងចាប់ផ្ដើមពង្រឹង សំខាន់ពីកម្រិត ភោជណីយដ្ឋាន មធ្យម និងបង្គួរដោយឡែកកម្រិតទាបនោះយើងរាងពិបាកបន្តិច»។
កញ្ញា ស៊ុន សុខ កញ្ញា អ្នកគ្រប់គ្រងទូទៅ រមណីយដ្ឋានសួនទឹកសុភមង្គល ភូមិស្រឡាបាលាត់ សង្កាត់អ៊ូម៉ាល់ ខេត្ដបាត់ដំបង ដែលផ្ដោតសំខាន់លើការលក់ចំណីអាហារបែបខ្មែរនោះបានឲ្យដឹងថា រមណីយដ្ឋានរបស់នាង បានបង្កើតឡើងដោយគោរពទៅតាមច្បាប់ត្រឹមត្រូវ ដោយបានសុំការអនុញ្ញាតមានអាជ្ញាប័ណ្ណពីក្រសួង និងមន្ទីរពាក់ព័ន្ធមុននឹងបើកដំណើរការរួមនឹងការគោរពតាមស្ដង់ដារចំណីអាហារ ដែលក្រសួងបានណែនាំ ពិសេសផ្នែកអនាម័យ។
កញ្ញាបន្តថា៖ «ចំពោះសុវត្ថិភាពចំណីអាហារ នៅកន្លែងយើង គឺយើងបានពង្រឹងទៅតាមការណែនាំដែលខាងមន្ទីរទេសចរណ៍ចុះមកណែនាំចំពោះអនាម័យ និងកន្លែងលក់ ដូររបស់យើងអីហ្នឹង»៕