ភ្នំពេញៈ ក្រសួង​រ៉ែ និង​ថាមពល​ព្រមាន​ចាត់វិធានការ​ចំពោះ​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ដែល​កំពុង​សាងសង់​ថ្មី​នៅ​ទូទាំង​ប្រទេស​ក្នុងករណី​មិនបាន​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​បច្ចេកទេស​សុវត្ថិភាព​តាម​កាលកំណត់​ដែល​អាច​នឹង​ប្រឈមមុខ​នឹង​ការផាកពិន័យ​ចន្លោះ​ពី ៤ ​លាន​ទៅ ១០ ​លាន​រៀល​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ថ្ងៃទី​ ២៣ មករា បាន​ឲ្យ​ដឹងថា ម្ចាស់​ស្ថានីយ​ប្រេង និង​ឧស្ម័ន ឥន្ធនៈ​ដែល​កំពុង​សាងសង់​ថ្មី​ដោយ​មិនទាន់​មាន​វិញ្ញាបនបត្រ​បច្ចេកទេស​សុវត្ថិភាព​ពី​ក្រសួង​ត្រូវ​មក​ដាក់ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ​បច្ចេកទេស​សុវត្ថិភាព​ពី​ក្រសួង​តាមរយៈ​មន្ទីរ​រ៉ែ និង​ថាមពល​រាជធានី និង​ខេត្ត​ទូទាំង​ប្រទេស​។

ក្រសួង​បន្តថា​ក្នុង​ករណី​ដែល​មិនបាន​ដាក់ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ​បច្ចេកទេស​សុវត្ថិភាព​ពី​ក្រសួង​តាម​ការកំណត់​នោះទេ​នឹង​ទទួល​ខុសត្រូវ​តាមច្បាប់​ជា​ធរមាន ដោយ​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ដែល​កំពុង​សាងសង់​ដែល​ក្រសួង​បាន​ចុះ​ស្រង់​ស្ថិតិ​ដោយ​គ្មាន​វិញ្ញាបនបត្រ​បញ្ជាក់​បច្ចេកទេស​សុវត្ថិភាព​នោះទេ​នឹង​ប្រឈម​មុខ​នឹង​ការពិន័យ​។

ក្នុងនោះ​ក្រសួង​ក៏បាន​អះអាង​ដោយ​យោងតាម​មាត្រា​ ៦៦ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​ដែល​ទើប​ប្រកាស​ឲ្យ​ប្រើ​កាលពី​ពាក់កណ្តាល​ឆ្នាំមុន​ថា បុគ្គល​ណា​ដែល​ធ្វើ​សកម្មភាព​ផ្នែក​ដោនស្ទ្រីម​ដោយ​គ្មាន​វិញ្ញាបនបត្រ​បច្ចេកទេស​សុវត្ថិភាព​ពី​ក្រសួង​រ៉ែ និង​ថាមពល​មុន​នឹង​ចាប់ផ្តើម​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​បម្រើ​សកម្មភាព​ដោនស្ទ្រីម​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​តម្លៃ​ក្រោម ៨០០ ​លាន​រៀល​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចំនួន ​៤ លាន រៀល និង​ត្រូវ​ផ្អាក​សកម្មភាព​សាងសង់​នានា​។ មាត្រា​នេះ​ក៏​បាន​បញ្ជាក់​ដែរថា ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​តម្លៃ​ចាប់ពី ៨០០ ​លាន​រៀល​ ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចំនួន​ ១០ លាន​រៀល និង​ត្រូវ​ផ្អាក​សកម្មភាព​សាងសង់​នានា ហើយ​ក្នុង​ករណី​នៅ​បន្ត​ប្រព្រឹត្ត​អំពើ​ល្មើស​ដដែល​នឹងត្រូវ​ផាកពិន័យ​ជា​ប្រាក់​ដោយ​ក្រសួង​រ៉ែ​ និង​ថាមពល​ចំនួន​ទ្វេដង​។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បច្ចុប្បន្ន​មាន​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ជាង ៤ ២០០ កន្លែង​ នៅ​ទូទាំង​ប្រទេស ​កម្ពុជា​ ក្នុង​នោះ​ស្ថានីយ​ប្រេង និង​ឧស្ម័ន​ឥន្ធនៈ​ថ្មី​ជាង ១០០ ​កន្លែង​ កំពុង​សាងសង់​។

លោក​បន្តថា ដោយសារ​តែ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​នេះ​ទើបតែ​ប្រកាស​ឲ្យ​ប្រើប្រាស់ ដូច្នេះ​ក្រសួង​ផ្តោត​ទៅ​លើ​ស្ថានីយ​ដែល​កំពុង​សាងសង់​ថ្មី​ទាំង​ជាង ១០០ កន្លែង​ ដោយ​កំណត់​ឲ្យ​ពួកគាត់​ត្រូវ​ដាក់​ពាក្យសុំ​វិញ្ញាបនបត្រ ហើយ​ស្ថានីយ​ប្រេង​ដែល​បាន​សាងសង់​ហើយ​មុន​ច្បាប់​នេះ​ចូល​ជា​ធរមាន​នឹង​បន្ត​អនុវត្ត​ច្បាប់​ពី​ខែ​កក្កដា​ឆ្នាំ​នេះ​។

លោក​បញ្ជាក់ថា​៖ «​ក្រោយពី​យើង​បាន​ប្រកាស​ឲ្យ​ស្ថានីយ​ដែល​កំពុង​សាងសង់​ដាក់​ពាក្យសុំ​វិញ្ញាបនបត្រ​នេះ​ឃើញ​ថា​មាន​ម្ចាស់​ស្ថានីយ​តែ​ ៥០ ​ភាគរយ​ប៉ុណ្ណោះ​បាន​ដាក់​ពាក្យស្នើសុំ​ចំណែក​ពាក់កណ្តាល​ទៀត​នៅ​មិនទាន់​ដាក់​នោះទេ​។ ក្នុង​ករណី​នេះ​បើ​ផុត​កាលកំណត់​មន្ត្រី​ក្រសួង​យើង​នឹង​ចុះ​ត្រួតពិនិត្យ​ហើយ​អាច​នឹង​ឈាន​ការផាកពិន័យ​តាម​ច្បាប់ និង​ផ្អាក​អាជីវកម្ម​ផងដែរ​»​។

លោក ជៀប សួរ បាន​ថ្លែងថា ករណី​ដែល​ក្រសួង​តម្រូវ​ឲ្យ​ស្ថានីយ​ទូទាំង​ប្រទេស​ត្រូវ​ដាក់​ពាក្យសុំ​វិញ្ញាបនបត្រ​បញ្ជាក់​បច្ចេកទេស​សុវត្ថិភាព​ពី​ក្រសួង ក៏​ព្រោះ​ដើម្បី​ទប់ស្កាត់​ហានិភ័យ​ដែល​អាច​នឹង​កើតមាន​ឡើង​ជាយថាហេតុ នៅពេល​ដែល​ស្ថានីយ​ទាំងនោះ​មិន​បាន​គោរព​ទៅ​តាម​ស្តង់ដា​បច្ចេកទេស ហើយ​ម្យ៉ាងទៀត​លោក​ថា ក៏​ព្រោះ​ពីមុន​កម្ពុជា​មិន​ទាន់​មានច្បាប់​គ្រប់គ្រង​ស្ថានីយ​ទាំងនេះ ប៉ុន្តែ​នៅពេល​មាន​ច្បាប់​ហើយ​នោះ​ក្រសួង​តម្រូវ​ឲ្យ​គ្រប់​ស្ថានីយ​ទាំងអស់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​។

តាម​សារាចរ​របស់​ក្រសួង​រ៉ែ និង​​ថាមពល​កាលពី​ឆ្នាំ ២០១៤ ស្ថានីយ​ប្រេងឥន្ធនៈ​ត្រូវតែ​មាន​ទីតាំង​ឆ្ងាយ​ពី​ទីប្រជុំជន ហើយ​ប្រសិន​បើ​ស្ថានីយ​ស្ថិតនៅក្នុង​តំបន់​ទីប្រជុំជន​គឺ​តម្រូវ​ឲ្យ​មាន​ការសាងសង់​ជញ្ជាំង​ការពារ​ដែល​មាន​កម្ពស់​យ៉ាងតិច ៣ ​ម៉ែត្រ​ដែល​មាន​ទំហំ​ផ្ទៃដី​អប្បបរមា​យ៉ាងតិច ៣៧៥ ​ម៉ែត្រ​ការ៉េ​ ដើម្បី​ធានា​សុវត្ថិភាព​។ ស្ថានីយ​ប្រេង​ទាំងអស់​ត្រូវ​មាន​ធុង​ស្តុក​ប្រេង​កប់​ក្រោម​ដី​សមស្រប​ទៅ​តាម​លក្ខណៈ​បច្ចេកទេស និង​បំពាក់​សម្ភារ​ពន្លត់ អគ្គិភ័យ ត្រូវមាន​លក្ខណៈ​សមស្រប​៕

វីដេអូ៖