ភ្នំពេញៈ ក្រសួង​សុខា​ភិបាល​កាល​ពី​ម្សិល​មិញ​បាន​ចេញ​លិខិត​ព្រមាន​ដល់​លោក​វេជ្ជបណ្ឌិ​ត ហម​ ​ឡុង​ ម្ចាស់​បន្ទប់​ពិ​គ្រោះ​ព្យាបាល​ជំងឺ​លើ​ករ​ណី​ដែល​បាន​ពិនិត្យ​ និង​ព្យាបាល ជំ​ងឺ​គ្រុន​ឈាម​ដែល​បាន​ឲ្យ​អ្នក​ជំ​ងឺ​ដេក​សម្រាក​ព្យាបាល​ដែល​ជា​ករណី​ខុស​ទៅ​នឹង​លិខិត​អនុ​ញ្ញាត​ ដែល​មិន​អនុញ្ញាតឲ្យ​មាន​គ្រែ​សម្រាប់​អ្នក​ជំ​ងឺ​ដេក​សម្រាក​ព្យាបាល​លើស​ពី ​២៤ ម៉ោង​ឡើយ។

លិខិត​ព្រមាន​​ដែល​មាន​ហត្ថលេ​ខា​និង​ត្រា​លោក ​ឱ វណ្ណ​ឌីន​ រដ្ឋ​លេខា​ធិការ​ក្រសួង​សុខា​​ភិបាល​បាន​ឲ្យ​ដឹង​ថា​៖ «​លោ​ក​វេជ្ជ​បណ្ឌិត​ ​ហម​ ​ឡុង​ ​ត្រូវ​តែ​គោរព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​របស់​ក្រសួង​សុខា​ភិបាល​ ​ដោយ​ស្មារ​តី​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​និង​មិន​ត្រូវ​ឲ្យ​មាន​ករណី​នេះ​កើត​ឡើង​ទៀត​ឡើយ។ ​ក្នុង​ករណី​មិន​គោរព​តាម​ការ​ណែនាំ ​ក្រសួង​សុខា​ភិបាល​នឹង​បិទ​បន្ទ​ប់​ពិគ្រោះ​ព្យាបាល​ជំងឺ​ឈ្មោះ​ ​ហម​ ​ឡុង​ ​ព្រម​ទាំង​លោក​វេជ្ជ​បណ្ឌិត​ ​ហម​ ​ឡុង​ ត្រូវ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​មុខ​ច្បាប់​ជា​ធរមាន»។​

​លោក​ ​ហម​ ​ឡុង​ ​កាល​ពី​ម្សិល​មិញ​បដិ​សេធ​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​ករណី​ដែល​រង​ការ​ព្រមាន​នេះ​។​ការ​ព្រមាន​នេះ​​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​ឃ្លីប​វីដេអូ​មួយ​ កាល​ពី​ព្រឹក​ ថ្ងៃ​ទី​ ១៤​ ខែ ​មិថុនា​ ឆ្នាំ ២០១៩ ស្ដីពី​ភាព​ចម្រូង​ចម្រាសមួយ​រវាង​ម្ចាស់​បន្ទប់​ព្យាបាល​ជំងឺ​ ​ហម​ ឡុង​ និង​ ឪ​ពុក​ម្ដាយ​​របស់​កុមា​រ​ ២ នាក់​ ដែល​មាន​ជំងឺ​ គ្រុន​ឈាម​ ​ពាក់​ព័ន្ធ​នឹង​ករណី​ថ្លៃ​ព្យា​បាល​ដ៏ខ្ពស់​​បំផុត ​និង​មិន​ធ្លាប់​មាន​នៅ​កម្ពុជា ​គឺ​ សម្រាក​ព្យាបាល​ ៩ ថ្ងៃ​ថ្លៃ ​៥​,២​០​០ ​​ដុល្លារ ​ដែល​តម្លៃ​នេះ​ត្រូវ​បាន​មហា​ជន​ទូទៅ​ចាត់​ទុក​ថា​ជា​ការ​ព្យាបាល​ដើម្បី «​ជំរិត​ទារ​ប្រាក់​»​ ពី​ពលរដ្ឋ។​

យោង​តាម​ឃ្លីប​វី​ដេអូរ​មួយ​ ​ដែល​ត្រូវ​បាន​បង្ហោះ​ផ្សព្វ​ផ្សាយ​ពេញ​បណ្ដាញ​សង្គ​ម​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ១៤​ ​ខែ ​មិថុនា​ ​ឆ្នាំ ​២០១៩​ ​ឪ​ពុក​ម្ដាយ​ក្មេង​ ២ ​នាក់​ ​ដែល​កើត​ជំងឺ​គ្រុន​ឈាម​ ​បាន​និយាយ​ទាំង​អស់​សង្ឃឹម​ថា ​គា​ត់​គ្មាន​លទ្ធ​ភាព​ក្នុង​ការ​បង់​ថ្លៃ​ព្យាបាល​ជំងឺ​ឲ្យ​កូន​នោះ​ទេ​ បើ​ថ្លៃ​ព្យា​បាល​រហូត​ដល់ ​៥,២០០​ ដុល្លារ​ ក្នុង​រយៈ​ពេល​តែ​ ៩ ថ្ងៃ។​ ​ប៉ុន្តែ​ម្ចាស់​បន្ទប់​ព្យាបាល​នោះ​ ​បាន​និយាយ​ថា ​គាត់​បាន​ប្រើ​ថ្នាំ​ល្អៗ​ និង​ថ្លៃ​ៗ​ ដើម្បី​ជួយ​ព្យាបា​ល​និង​សង្គ្រោះ​ជីវិ​ត​ក្មេង​ទាំង​ ២ នោះ​ ពី​ជំងឺ​ គ្រុន​ឈាម​។​

យ៉ាង​ណា​ក៏​ដោយ​ករណី​នោះ ​ត្រូវ​បាន​សម្របសម្រួល​រក​ដំ​ណោះ​ស្រាយ​រួច​រាល់​ហើយ​ ​បន្ទាប់​ពី​ក្រសួ​ង​​សុខាភិ​បាល​ ​បាន​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​មក​ពិនិត្យ​អង្កេត​ភ្លាមៗ​ដល់​ទី​កន្លែង​ ​ដោយ​គូភា​គី​ទាំង​ ២ ​(​ម្ចាស់​បន្ទប់​ព្យា​បាល​និង​ឪពុក​ម្ដាយ​អ្នក​ជំងឺ​)​​ បាន​ព្រម​ព្រៀង​គ្នា​ក្នុង​តម្លៃ​ត្រឹម ​២,០០០ ​ដុល្លារ។​

ទោះ​ជា​បែប​ណា​ក្ដី​ ​កាល​ពី​ម្សិល​មិញ​ ​លោក​ ​រិន​ ​សារ៉ុម​ ​អាយុ​ ៤០​ ឆ្នាំ ជា​ឪពុក​ក្មេង​កើត​ជំងឺ​គ្រុន​ឈាម ​២​ នាក់​ ​ដែល​មាន​លំ​នៅ​​ភូមិ​ពាន​ភ្លើង​ ​ឃុំ​ស្មោង​ខាង​ជើង​ ​ស្រុក​កំចាយ​មារ​ ខេត្ត​ព្រៃវែង បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា​ ​បន្ទាប់​ពី​ពិនិត្យ​ឃើញ​កូន​គាត់​ទាំង​ ២ ​ដែល​ កូន​ស្រី​ឈ្មោះ ​រិន​ រីណា​ ​អាយុ​ ១៥ ​ឆ្នាំ ​និង​ កូន​ប្រុស​ឈ្មោះ​ រិន​ ​សុធា​រា​ អាយុ​ ១១ ​ឆ្នាំ ​បាន​គ្រុន​ក្ដៅ​ខ្លាំង​ ចំនួន​ ៣ ថ្ងៃ​ជាប់​គ្នា គាត់​និង​ប្រពន្ធ​បាន​នាំ​កូន​មក​បន្ទប់​ព្យា​បាល​ ហម​ ​ឡុង ​ដែល​មា​ន​ទី​តាំង​ស្ថិត​នៅ​ក្នុ​ង​​រាជ​ធានី​ភ្នំ​ពេញ​ ​ដើម្បី​ព្យាបាល។​

​​លោក​ថ្លែង​ថា​៖​ «​លោក​គ្រូពេទ្យ​ ​ហម​ ​ឡុង ​បាន​ពិនិត្យ​អាការជំងឺ​របស់​កូន​ខ្ញុំ​ទាំង​ ២ រួច​​ ប្រាប់​ថា​ ពួក​គេ​មាន​ជំងឺ​គ្រុន​ឈាម​ ​ត្រូវ​ការ​សម្រាក​ព្យា​បាល​ច្រើន​ថ្ងៃ​។​ ​មុន​សម្រេច​ចិត្ត​ទុក​កូន​ទាំង ​២ ​ឲ្យ​គាត់​ព្យាបា​ល​ ​ខ្ញុំ​បាន​ស៊ើប​សួរ​តម្លៃ​ពី​អ្នក​ជំងឺ​ផ្សេង​ទៀត​ ​ដឹង​ថា​ ថ្លៃ​ព្យាបាល​មាន​តម្លៃ​ស​ម​រម្យ​គឺ​ក្នុង​អ្នក​ជំងឺ​ម្នាក់​អស់​ច្រើន​បំផុត​ត្រឹម​តែ ​១,០០០ ​ដុល្លារ​ប៉ុ​ណ្ណោះ។​ ​ប៉ុន្តែ​ក្រោយ​ការ​សម្រាក​ព្យា​បា​ល​រយៈ​ពេល​ ៩ ​ថ្ងៃ ​បាន​ជា​សះ​ស្បើយ ​ស្រាប់​តែ​វិក្កយ​បត្រ​ព្យា​បាល​គាត់​ចេញ​ឲ្យរ​ហូត​ដល់​ ៥,២០០​ ដុល្លារ»។​

​​បើ​តាម​សម្ដី​ ​លោក ​សា​រ៉ុម​ ​ក្រោយ​ទទួល​បាន​វិក្កយ​បត្រ​ថ្លៃ​ព្យាបា​ល​នោះ ​គាត់​និង​​ប្រពន្ធ​របស់​គាត់​ ​បាន​នាំ​គ្នា​អ​ង្វរ​លោក​គ្រូ​ពេទ្យ ​សុំ​បញ្ចុះ​ថ្លៃ​មក​នៅ​ត្រឹម​ ​៣,៥០០ ដុល្លារ​ ប៉ុន្តែ​លោក​គ្រូ​ពេទ្យ​មិ​ន​ព្រម​ ​ហើយ​ថែម​ទាំង​ស្ដី​ប​ន្ទោស​មក​ពួ​ក​គាត់​ថា​ ​កាល​ពី​កូន​ឈឺធ្ងន់​មក​សុំ​ឲ្យ​ពេទ្យ​ជួយ​សង្គ្រោះ​ព្យាបាល​កូន​ដោយ​និយាយ​ថា​អស់​ប៉ុន្មាន​អស់​ទៅ​ឲ្យ​តែ​កូន​ជា​ ​ឥឡូវ​ក្រឡាស់​សម្ដី។​ ​

​យ៉ាង​ណា​ក៏​ដោយ​ ​លោក​ សារ៉ុ​ម​ ​បាន​ទទួល​ស្គាល់​ថា​ ពួក​គាត់​​ពិត​ជា​បាន​អង្វរ​លោក​គ្រូ​ពេទ្យ​បែប​នោះ​មែន​ ​ក្នុង​នាម​ពួក​គាត់​ជា​ឪពុក​ម្ដាយ​របស់​កុមារ​ ​ដែល​មាន​ជំងឺ​គ្រុន​ឈាម​ទាំង​ ២ នោះ ព្រោះ​ពួក​គាត់​ពិត​ជា​មិន​ចង់​បាត់​បង់​កូនៗ​របស់​ខ្លួន​នោះទេ​ ​ប៉ុន្តែ ​ពួក​គាត់​ពិត​ជា​គ្មាន​លទ្ធ​ភាព​រក​ប្រាក់​ច្រើន​បែប​នោះមក​បង់​ថ្លៃ​ព្យាបាល​ឲ្យ​កូន​គ្រប់​ចំនួន​ដែរ​។​

លោក​បាន​បន្ត​ថា​៖​ «​ក្រោយ​ការ​អង្វរ​របស់​ពួក​ខ្ញុំ ​គាត់​[​គ្រូ​ពេ​ទ្យ ​ឡុ​ង​]​បាន​ចុះ​ថ្លៃ​ ១​០០ ​ដុល្លារ​ដែរ គឺ​ពី​ ៥,២០០ ដុល្លារ​ ​មក​នៅ​ត្រឹម​​ ៥,១០០​ ដុល្លារ​ ​តែ​ពួក​ខ្ញុំ​នៅ​តែ​សុំគា​ត់​ត្រឹម​ ៣,៥០០​ ដុល្លារ។​ បន្ទាប់​មក​ក៏​មាន​មន្ត្រី​ពី​ក្រសួង​ និង​មន្ទីរ​សុខា​ភិ​បាល​រាជ​ធានី​​ភ្នំពេញ​ ​ចុះ​មក​ជួយ​សម្រប​សម្រួល ដោយ​មន្ត្រី​ម្នាក់​ដែល​ខ្ញុំ​មិន​ស្គាល់​ឈ្មោះ ​បាន​សួរ​ខ្ញុំ​ថា ​តើ​ប្អូន​មាន​លុយ​ជាប់​ខ្លួន​ប៉ុន្មាន​? ​និង​អាច​បង់​ថ្លៃ​ព្យាបាល​គេ​ប៉ុន្មាន​?​ ​ខ្ញុំ​បាន​ប្រាប់​មន្ត្រី​នោះ​ដោយ​ត្រង់​ថា​ ​ខ្ញុំ​មាន​លុយ​ជាប់​មក​ជា​មួយ​សរុប​ ២,៥០០​ ដុល្លា​រ​ ​ប៉ុ​ន្តែ​ខ្ញុំ​អាច​ពឹង​ពាក់​បង​ប្អូន​ឲ្យ​រក​ខ្ចី​អ្នក​ជិត​ខាង​មក​បង្គ្រប់​ ប្រសិន​បើ​ខាង​លោក​គ្រូ​ពេទ្យ​យល់​ព្រម​ចុះ​ថ្លៃ​ត្រឹម​ ៣,៥០០​ ដុល្លារ​។​ ​ស្រាប់​តែ​ម​ន្ត្រី​នោះ​ប្រាប់​ទៅ​គ្រូពេទ្យ​ ឡុង​ ថា សូម​លោក​គ្រូ​ពេទ្យ​មេត្តា​ពួ​ក​គាត់​យក​ត្រឹម​តែ​ ២,០០០​ ដុល្លារ​ បាន​ហើយ ​ទុក​ ៥០០ ដុល្លារ​ឲ្យ​ពួក​គាត់​ធ្វើ​សោ​ហ៊ុ​យ​នាំ​កូន​ទៅ​ផ្ទះ​វិញ ​ព្រោះ​ពួ​កគាត់​គ្មាន​លុយ​នោះ​ទេ​ ​ហើយ​លោក​គ្រូ​ពេទ្យ​នោះ​ បាន​យល់ព្រម»។​

​​លោក​ ​សា​រ៉ុម​ ​បាន​បញ្ជាក់​ទៀត​ថា​៖​ «​បន្ទាប់​មក​ ​មន្ត្រី​រូប​នោះ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ ​ដោយ​ឲ្យ​ពួក​ខ្ញុំ​ជា​ឪពុក​ម្ដាយ​ ​និង​​លោក​គ្រូពេទ្យ​ ​ហម​ ឡុ​ង​ ផ្ដិត​មេ​ដៃ​ព្រម​ព្រៀង​ក្នុង​តម្លៃ ២,​០០០ ដុ​ល្លារ ​និង​មិ​ន​មាន ​ការ​ប្ដឹង​ផ្ដល់​អ្វី​ឡើយ»។​

​​លោក ​ងី ​មាន​ហេង​ ​ប្រធាន​មន្ទីរ​សុខា​ភិបាល​រាជ​ធានី​ភ្នំពេញ​ ​នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ ​បាន​អំពាវ​នាវ​សាជា​ថ្មី​ ដល់​ម្ចាស់​គ្លី​និក​ ​និង​​បន្ទប់​ពិនិត្យ​ព្យា​បាល​​ជំងឺ​តូច​ធំ​ទាំង​អស់​ ឲ្យ​បញ្ឈប់​ការព្យា​បាល​អ្នក​ជំងឺ​ទាំង​ឡាយ​ណា​ ដែល​មាន​ផ្ទុក​វីរុស​ជំងឺ​គ្រុន​ឈាម​ ​គ្រុន​ចាញ់​ ​និង​ជំងឺ​ឆ្កែឆ្កួត។​

លោក​ ​មាន​ហេង​ ថ្លែង​ថា​៖​ «​ដើម្បី​ទប់​ស្កាត់​នូវ​ករណី​ខាង​លើ​នេះ ​និងដើម្បី​ពង្រឹង​ការ​គ្រប់​គ្រង​និង​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​គ្រុន​ឈាម​ ​គ្រុន​ចាញ់ ​និ​ង​ជំងឺ​ឆ្កែ​ឆ្កួត ក៏​ដូច​ជា​ជំងឺ​ឆ្លង​ដទៃ​ទៀត​ ​គ្រប់​គ្លីនិក​និង​បន្ទប់​ព្យាបាល​ឯក​ជន​ទាំង​អស់​ ត្រូវ​បញ្ឈប់​ការ​ព្យា​បាល​អ្នក​ជំងឺ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ ​និង​សូម​រាយ​ការណ៍ ​និង​បញ្ជូន​អ្នក​ជំងឺ​​មក​កាន់​មន្ទី​រ​ពេទ្យ​រដ្ឋ ដើម្បី​ឲ្យ​គ្រូ​ពេទ្យ​ជំនាញ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​រដ្ឋ​ ​ពិនិត្យ​ព្យាបាល»៕