ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ព្រមាន​ផាកពិន័យ និង​អាច​ឈានដល់​បិទ​អាជីវកម្ម​ក្នុង​ករណី​ដែល​ម្ចាស់​សេវា​សុខាភិបាល​ឯកជន​ណាមួយ​បន្ត​ចេញ​វេជ្ជបញ្ជា និង​លទ្ធផល​ពី​មន្ទីរពិសោធន៍ ឬ​សេវា​អម​វេជ្ជសាស្ត្រ​ដោយ​សរសេរ​ដៃ​ខ្ជីខ្ជា មើល​មិន​ដាច់ ដោយ​ក្រសួង​តម្រូវ​ឱ្យប្រើ​កុំព្យូរទ័រ​។

លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ចេញ​លិខិត​ក្រើនរំឭក​ទៅដល់​ម្ចាស់​សេវា​សុខាភិបាល​ឯកជន​ទាំងអស់​កាលពី​ថ្ងៃទី​ ២៥ ខែ ធ្នូ ឆ្នាំ​ ២០២០ ​ដោយ​លោកស្រី​លើកឡើង​ថា ក្នុង​រយៈពេល​កន្លងមក​ក្រសួង​សុខាភិបាល​សង្កេត​ឃើញ​កន្លែង​ព្យាបាល​ជំងឺ​ឯកជន​មួយ​ចំនួន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​សារាចរ​ណែនាំ​របស់​ក្រសួង​ស្តីពី​ការចេញ​វេជ្ជបញ្ជា​តាម​កុំព្យូទ័រ​។ ទន្ទឹមនឹង​នេះដែរ​ក៏​នៅមាន​កន្លែង​ព្យាបាល​ជំងឺ​ឯកជន​មួយចំនួន​នៅតែ​មិន​ព្រម​អនុវត្តតាម​ការណែនាំ​របស់​ក្រសួង​ក្នុង​ការចេញ​វេជ្ជបញ្ជា​ដោយ​កុំព្យូទ័រ ដោយ​នៅតែ​បន្ត​ចេញ​សរសេរ​ដោយ​ដៃ ខ្ជីខ្ជា មើល​មិន​ដាច់ និង​មិន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​វេជ្ជសាស្ត្រ​។

លោកស្រី​បញ្ជាក់ថា​៖ «​សូម​លោក លោកស្រី ដែលជា​ម្ចាស់​សេវា​សុខាភិបាល​ឯកជន​ទាំងអស់​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ក្នុង​ការចេញ​វេជ្ជបញ្ជា​តាម​កុំព្យូទ័រ​ឱ្យបាន​ទាំងអស់​គ្នា​»​។

លោកស្រី​ព្រមាន​ថា​៖ «​ក្នុងករណី​ដែល​នៅតែមាន​កន្លែង​ព្យាបាល​ជំងឺ​ឯកជន​ណាមួយ មិន​ព្រម​គោរព​ទៅតាម​ការណែនាំ​នេះ​ក្រសួង​សុខាភិបាល​នឹង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​កន្លែង​ព្យាបាល​នោះ និង​ធ្វើការ​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​ ៥ ​លាន​រៀល​តាម​ប្រកាស​អន្តរក្រសួង​...​ឬ​ដកយក​អាជ្ញាប័ណ្ណ​មកវិញ ព្រម​ទាំង​បិទ​កន្លែង​ព្យាបាល​មិនឱ្យ​ព្យាបាល​អ្នកជំងឺ​តទៅទៀត​ឡើយ​»​។

បើ​តាម​លោកស្រី វណ្ណឌីន ​ក្រសួង​បាន​ធ្វើ​ការណែនាំ​ម្តង​ហើយ​ក្នុងអំឡុង​ឆ្នាំ ២០១៧-២០១៨ ទៅដល់​សេវា​សុខាភិបាល​ឯកជន​ទាំងអស់​ក្នុង​ការរៀបចំ​សរសេរ​វេជ្ជបញ្ជា​តាម​កុំព្យូទ័រ​ដើម្បី​ឱ្យមាន​ភាពច្បាស់លាស់ ហើយ​ក្រសួង​ក៏បាន​ទុកពេល​ដើម្បីឱ្យ​សេវា​ឯកជន​ទាំងនោះ ពង្រឹង​ទៅលើ​សេវា​របស់​ពួកគាត់​នីមួយៗ​។ «​ដល់ពេល​ដែល​យើង​ត្រូវតែ​អនុវត្ត​ឱ្យបាន​ហ្មត់ចត់​នូវ​ការណែនាំ ក៏ដូចជា​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ដោយសារ​យើង​សង្កេតឃើញ​ថា មាន​វេជ្ជបញ្ជា​មួយចំនួន​នៅតែ​សរសេរ​ខ្ជីខ្ជា ហើយ​អាន​មិន​ដាច់​»​។ ការចេញ​សេចក្តី​ក្រើនរំឭក​នេះ គឺជា​ការពង្រឹង​បន្ថែម​នូវ​ចំណុច​ខ្វះចន្លោះ ខណៈ​កន្លងមក​ក្រសួង​ក៏បាន​សាកសួរ​ពលរដ្ឋ ដែល​គាត់​ទទួល​បាន​វេជ្ជបញ្ជា​ហើយ​អាន​មិន​ដាច់​។

លោក មុំ សាក់ អាយុ​ ៣០ ​ឆ្នាំ​ ជា​ពលរដ្ឋ​មួយរូប​ថ្លែង​ថា លោក​ឃើញ​វេជ្ជបញ្ជា​ដែល​សរសេរ​ដោយ​ដៃ​គ្រូពេទ្យ​ខ្លះ​អាន​មិន​ដាច់​។ «​ខ្ញុំ​គាំទ្រ​លើ​វិធានការ​ឱ្យ​សេវា​សុខាភិបាល​ឯកជន​ចេញ​វេជ្ជបញ្ជា​ដោយ​កុំព្យូទ័រ ឬ​អាច​សរសេរ​ដោយ​ដៃ​ក៏បាន ប៉ុន្តែ​សុំ​សរសេរ​ដោយ​ការប្រុងប្រយ័ត្ន និង​យកចិត្ត​ទុកដាក់​ផង កុំ​សរសេរ​មើល​ដាច់​តែ​ខ្លួនឯង ចំណែក​អ្នកផ្សេង​មើល​មិន​យល់​នោះ​»​។

អ្នកនាង រ៉ុន សុខុម អាយុ​ ២៩ ​ឆ្នាំ​ក៏​ថ្លែង​ដែរ​ថា អ្នកនាង​នៅតែ​ឃើញ​មាន​វេជ្ជបញ្ជា​សរសេរ​ដោយ​ដៃ​ពិបាក​មើល ប៉ុន្តែ​ក៏មាន​គ្រូពេទ្យ​សរសេរ​ដោយ​កុំព្យូទ័រ​ដែរ​។ អ្នកនាង​ថា​៖ «​សុំឱ្យ​គាត់​សរសេរ​ឱ្យ​ច្បាស់ៗ ដោយសារ​នៅតាម​ឱសថស្ថាន​ខ្លះ​ឱសថការី​ ឬ​អ្នកលក់​ថ្នាំពេទ្យ​មើល​ឈ្មោះ​ថ្នាំ​មិន​យល់​គាត់​បែរជា​ឱ្យ​ថ្នាំ​មក​ខុស ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកជំងឺ​ថែម​មួយកម្រិត​ទៀត​»៕