ភ្នំពេញៈ ក្រសួង​ការងារ​បានចេញ​លិខិត​ព្រមាន​សហជីព​មួយ​ដោយ​ឲ្យ​សហជីព​នេះ បញ្ឈប់​ជាបន្ទាន់​ក្នុង​ការដឹកនាំ​កម្មករ​នៅ​រោងចក្រ វ៉ាយអូលែត អឹភែរឹល ខេមបូឌា ខូអិលធីឌី តវ៉ា​ដើម្បី​ទាមទារ​ឲ្យ​រោងចក្រ​ដែល​ប្រកាស​ក្ស័យធន​បើកប្រាក់​ឈ្នួល​ និង​ប្រាក់​អតីតភាព​ការងារ​ដែល​ក្រសួង​ថា​ជា​សកម្មភាព​ខុសច្បាប់​។

កាលពី​ថ្ងៃទី​ ១ ខែកក្កដា ​កម្មករ​រាប់រយ​នាក់​ពី​រោងចក្រ វ៉ាយអូលែតអឹភែរឹល ​បាន​ផ្ទុះ​ការតវ៉ា​នៅ​មុខ​រោងចក្រ​នៅ​សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ រហូត​ដល់​បិទផ្លូវ​ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​អតីតភាព​ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ដល់​ពួកគេ​ ខណៈ​រោងចក្រ​ប្រកាស​ក្ស័យធន​។

លិខិត​ព្រមាន​ដែល​បាន​ផ្ញើជូន​លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ចុះ​ថ្ងៃទី ១ ​កក្កដា​របស់​នាយកដ្ឋាន​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ​បាន​ឲ្យ​ដឹងថា ផ្អែក​តាម​សកម្មភាព​របស់​លោកស្រី​ដែល​បាន​ប្រព្រឹត្ត​នៅ​អំឡុង​ថ្ងៃទី​ ១ ខែកក្កដា នៅ​ក្រុមហ៊ុន វ៉ាយអូលែតអឹភែរឹល គឺជា​សកម្មភាព​ល្មើសច្បាប់ ព្រោះ​ការដឹកនាំ​នេះ​ពុំ​ស្របច្បាប់ ហើយ​អ្នក​ទទួល​ខុសត្រូវ​កិច្ចការរដ្ឋបាល​របស់​សហព័ន្ធ​សហជីព​ក៏​ត្រូវបាន​ផុត​អាណត្តិ​ហើយ​ដែរ​។

លិខិត​បន្តថា​៖ «​ថ្នាក់ដឹកនាំ​សហជីព​រូបនេះ​ក៏បាន​ដឹកនាំ​ និង​ញុះញង់​កម្មករនិយោជិត​ឲ្យ​គំរាមកំហែង និង​ដាក់​សម្ពាធ​លើ​ភាគី​និយោជក​ដើម្បី​ទទួលបាន​នូវ​ការទូទាត់​ប្រាក់​ឈ្នួល​ផ្ទុយពី​ស្មារតី​ច្បាប់ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​»​។

លោក ជ្រុន ថេរ៉ាវង្ស ប្រធាន​នាយកដ្ឋាន វិវាទ​ការងារ​បាន​ព្រមាន​ក្នុង​លិខិត​ថា​៖ «​ចាប់ពី​ថ្ងៃ​ទទួលបាន​នូវ​លិខិត​ព្រមាន​នេះ សូម​លោកស្រី​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ល្មើសច្បាប់​ខាងលើ​។ ករណី​ពុំមាន​ការកែប្រែ ឬ​ផ្គើន​ចំពោះ​លិខិត​ព្រមាន​នេះ​អង្គការ​វិជ្ជាជីវៈ​របស់​លោកស្រី​អាច​នឹង​ត្រូវ​ប្តឹង ដើម្បី​រំលាយចោល ឬ​ទទួល​នូវ​វិធានការ​ផ្សេងៗ​តាម​ការកំណត់​របស់​ច្បាប់​ជា​កំហិត​»​។

ប៉ុន្តែ​លោកស្រី​ យ៉ាង សុភ័ណ្ឌ ថ្លែង​ថា​អ្វី​ដែល​លោកស្រី​បាន​ទៅ​ជួប​ជាមួយ​កម្មករ​នេះ​ក៏​ព្រោះតែ​កម្មករ​បាន​ទទួល​រង​នូវ​ភាពអយុត្តិធម៌​គឺ​មិន​បាន​ញុះញង់ ឬ​ជំរុញ​កម្មករ​ឲ្យ​ប្រព្រឹត្ត​ល្មើសច្បាប់​ណាមួយ​ទេពី​ព្រោះ​អ្វីដែល​កម្មករ​បានធ្វើ​គ្រាន់តែ​ទាមទារ​នូវ​ប្រាក់​អត្ថប្រយោជន៍​ដែល​រោងចក្រ​ត្រូវ​ផ្តល់​ឲ្យ​កម្មករ​ទៅតាម​ផ្លូវច្បាប់​ប៉ុណ្ណោះ​។ «​ខ្ញុំ​នៅតែ​ឈរលើ​គោលការណ៍​មួយ​គឺ​ត្រូវតែ​គាំទ្រ​ទៅ​សមាជិក​របស់​ខ្ញុំ​ក្នុង​ការទាមទារ ព្រោះ​អ្វី​ដែល​ក្រសួង​ចេញ​លិខិត​ព្រមាន​មកលើ​ខ្ញុំ ដោយសារ​តែ​វា​ប៉ះពាល់​ប្រយោជន៍​របស់​ពួកគាត់​ដែល​ធ្វើឲ្យ​ពួកគាត់​ខឹងសម្បា​មក​កាន់​នឹង​ខ្ញុំ ដែល​ខ្ញុំ​ប្រើប្រាស់​សិទ្ធិ​មួយ​ជួយ​ដល់​សមាជិក​របស់ខ្ញុំ ដែល​ពួកគាត់​កំពុង​រង​នូវ​អំពើ​អយុត្តិធម៌​»​។

កម្មករ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថ្លែង​ថា រោងចក្រ​បានប្រកាស​ព្យួរការងារ​កម្មករ​រយៈពេល​ ២ ​ខែ​គឺ​ចាប់ពី​ខែ​ឧសភា ដល់​ខែ​មិថុនា ហើយ​នៅ​ថ្ងៃទី​ ២៥ មិថុនា រោងចក្រ បាន​ប្រកាស​បិទ​រោងចក្រ​ភ្លាមៗ​ដោយ​បាន​សន្យា​ផ្តល់​ប្រាក់​គ្រប់​ចំនួន​ឲ្យ​កម្មករ​ទៅតាម​លក្ខខណ្ឌ​ច្បាប់​នៅ​ថ្ងៃទី ១ កក្កដា​។ ប៉ុន្តែ​មកដល់​ថ្ងៃ​បើកប្រាក់​បែរជា​រោងចក្រ​ប្រកាស​ផ្តល់ប្រាក់​ដល់​កម្មករ​តែ​ ៣ ​ចំណុច​ទៅវិញ​ទើប​កម្មករ​ផ្ទុះ​ការតវ៉ា​គឺ​គ្មាន​ការ​ញុះញង់​ជំរុញ​ពី​សហជីព​ណាមួយ​នោះទេ​៕