The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​ព្រមាន​អ្នក​សាងសង់​រំលោភ​​ចំណី​ផ្លូវ​ជាតិ​លេខ ៤

ក្រសួង​ព្រមាន​អ្នក​សាងសង់​រំលោភ​​ចំណី​ផ្លូវ​ជាតិ​លេខ ៤

រថយន្ត​កំពុង​បើក​តាម​ផ្លូវ​ជាតិ​លេខ​ ៤ ​កាល​ពី​ពេល​កន្លង​មក​។
រថយន្ត​កំពុង​បើក​តាម​ផ្លូវ​ជាតិ​លេខ​ ៤ ​កាល​ពី​ពេល​កន្លង​មក​។ រូបថត AIM VALINDA

ក្រសួង​ព្រមាន​អ្នក​សាងសង់​រំលោភ​​ចំណី​ផ្លូវ​ជាតិ​លេខ ៤

ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ព្រមាន​ចាត់​វិធានការ​តឹងរ៉ឹង​ចំពោះ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​សាងសង់​សំណង់ ឬ​លុប​ប្រឡាយ​បង្ហូរ​ទឹក​នៅ​​តាម​បណ្តោយ​ផ្លួវ​ជាតិ​លេខ ៤ បន្ទាប់ពី​មាន​​ការ​សាងសង់​មួយ​ចំនួន​ចាប់​តាំង​ពី​ផ្លូវ​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ដក​យក​ពី​ក្រុមហ៊ុន​មក​គ្រប់គ្រង​វិញ​។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ស្តីពី​ការ​គ្រប់គ្រង​ដី​ចំណី​ផ្លូវ និង​ការ​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ភ្នំពេញ-ក្រុង​ព្រះសីហនុ​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​បាន​ឱ្យ​ដឹង​ថា​ ក្រោយ​ពី​រដ្ឋាភិបាល​សម្រេច​លុប​ចោល​នូវ​កិច្ចព្រមព្រៀង​សម្បទាន​ជាមួយ​ក្រុមហ៊ុន​អេហ្សិត ឌីស្ទ្រីប្យូហ្ស៊ិន (AZ Distribution Co.) កាលពី​ថ្ងៃ​ទី ១៣ មករា ឆ្នាំ ២០១៦ ក្រសួង​សង្កេត​ឃើញ​មាន​ការ​កើតឡើង​នូវ​បាតុភាព​រំលោភ​ច្បាប់​ពី​សំណាក់​បុគ្គល​មួយ​ចំនួន​ដែល​រស់នៅ​តាម​​បណ្តោយ​ផ្លូវ​នោះ។

បាតុភាព​ទាំងនោះ​រួមមាន​ការ​សាងសង់​សំណង់ ការ​លុប​ប្រឡាយ​ស្រះ គន្លង​បង្ហូរ​ទឹក​សម្រួល​សុវត្ថិភាព​ផ្លូវ​ថ្នល់ ការ​លក់ដូរ និង​ការ​ចត​យានយន្ត​គ្មាន​សណ្តាប់ធ្នាប់​លើ​ដី​ចំណី​ផ្លូវ ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៤ នេះ។

សេចក្តី​ជូន​ដំណឹង​បន្ត​ថា​ដើម្បី​ធានា​ការពារ និង​ថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​ក្រសួង​ដោយ​មាន​កិច្ចសហការ​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​នឹង​ចាត់​វិធានការ​ចំពោះ​​ម្ចាស់​លំនៅឋាន ឬ​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​ដែល​ប្រើប្រាស់​ផ្លូវ​ពុំ​ស្រប​តាម​ច្បាប់។

សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា​៖ ​«អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​សាងសង់​សំណង់​លុប​ប្រឡាយ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សមត្ថកិច្ច​គ្រប់គ្រង​ផ្លូវ​ថ្នល់»។

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក កែម ឡី ថ្លែង​ថា​ក្រសួង​គួរ​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ ឃុំ -សង្កាត់ ជា​មុន​សិន​មុន​នឹង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​សាងសង់​លើ​ចំណី​ផ្លូវ​ ដើម្បី​ចៀសវាង​ផលប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​​ទទួល​បាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន។

លោក​ថា៖ «គ្រាន់តែ​ជា​វិធានការ​ធ្វើ​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​ខ្លាំង​តាម​ពិត​អ្នក​ដែល​ចេញ​ឱ្យ​មាន​ការ​សាងសង់​សម្រាប់​សំណង់​រឹងមាំ​ធំៗ​គឺ​អ្នក​ដែល​ចុះ​ហត្ថលេខា​មុន​គេ​ជួយ​វាស់វែង​គឺ​ប្រធាន​ភូមិ​អ៊ីចឹង​ប្រសិន​បើ​ប្រធាន​ភូមិ​ឱ្យ​សាងសង់​យើង​ត្រូវតែ​ទៅ​មើល​លិខិត​ហ្នឹង​ចាប់​ដាក់​ពន្ធនាគារ​ហ្មង​ទៅ​ព្រោះ​វា​ខុស​ការ​សាងសង់​លើ​ដី​សាធារណៈ»​។

យ៉ាង​នេះ​ក្តី​លោក​ថា ​ក្រសួង​គួរ​ផ្តល់​សិទ្ធិ​អំណាច​ទៅ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​គ្រប់គ្រង​ពោល​អាជ្ញាធរ​ដែនដី​ជា​អ្នក​រស់នៅ​ទី​នោះ​ហើយ​អាច​ដឹង​រាល់​សកម្មភាព​ទាំងអស់​នៅពេល​ពលរដ្ឋ​ចាប់ផ្តើម​សាងសង់​អ្វី​មួយ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ និង​ចាត់​វិធានការ​លើ​អាជ្ញាធរ​មូលដ្ឋាន​ដែល​​ចេញ​ប្លង់​សាងសង់​ផ្តេសផ្តាស​​។

កាលពី​ដើម​ឆ្នាំ ២០១៦ រដ្ឋាភិបាល​បាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៤ ឈប់​បង់​ប្រាក់​សម្រាប់​រថយន្ត​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ ៤ ដែល​ជា​ផ្លូវ​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ជំនួយ​របស់​សហរដ្ឋអាមេរិក​តែ​ត្រូវ​បាន​ក្រុមហ៊ុន​ AZ ទទួល​បាន​សិទ្ធិ​យក​ប្រាក់​ពី​រថយន្ត​ឆ្លង​កាត់​​ចាប់​តាំងពី​ឆ្នាំ ២០០២ ក្រោម​កិច្ចសន្យា​សម្បទាន​ជាមួយ​រដ្ឋាភិបាល​រយៈពេល ៣៥ ឆ្នាំ។

ភ្នំពេញ​ ប៉ុស្តិ៍​ ពុំ​អាច​សុំការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ពី​វិធានការ​ជាក់លាក់​បាន​នៅ​ឡើយ​ទេ៕

អត្ថបទគួរចាប់អារម្មណ៍