ភ្នំពេញៈ ក្រសួង​ធន​ធាន​ទឹកនិង​ឧតុនិ​យម​បាន​ព្រមាន​ថា​នឹងមាន​ខ្យល់​បក់​បោក​ខ្លាំងនិ​ង​រលក​សមុទ្រ​ធំៗកើត​ឡើងចា​ប់ពី​ថ្ងៃទី​១៩​ដល់២៥​ខែឧសភា​ ដែល​បញ្ហា​នេះអ្នក​នេសាទ​​សមុទ្រ​និង​អ្នក​និយម​ដើរ​កម្សាន្ត​តាម​សមុទ្រ​គប្បី​ផ្អាក​សកម្ម​ភាព​ជា​បណ្ដោះ​អាសន្ន​ដើម្បី​ចៀស​វាង​គ្រោះថ្នាក់​កើត​ឡើង​ជាយ​កថា​ហេតុ។

បើតាម​ការ​ព្យាករ​អាកាស​ធាតុ​របស់​ក្រសួង​ធ​នធា​នទឹក​និង​ឧតុ​និយម​ដែល​បាន​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែឧសភា ឆ្នាំ​២០២១ ​ប្រទេស​កម្ពុជា​នឹង​ទទួល​រង​នូវ​ឥទ្ធិព​ល​ពី​ខ្យល់​មូសុង​និរតី​ខ្លាំង(The Strong Monsoon) ដែល​នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ប្រទេស​។

​ទន្ទឹម​នឹង​នេះក៏​មាន​បាតុ​ភូត​ខ្យល់​កន្ត្រាក់​និង​ផ្គរ​រន្ទះ​កើតឡើង​ផង​ដែរ​ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ប្រុងប្រ​យ័ត្ន​ខ្ពស់​ពិសេស​​អ្នក​ដែល​រស់​នៅក្នុ​ង​តំបន់​​ទំនាប​ក្នុង​ភូមិ​ភាគ​កណ្ដាល និង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​ជាប់​ជួរ​ភ្នំ​ដង​រែកនិ​ងខ្ព​ង់រាប​ឦ​សាន។

ក្រៅពីនេះក្រសួង​ធន​ធាន​ទឹក​និង​ឧតុ​និយម​ក៏បាន​អំពាវ​នាវ​ផង​ដែរ​ថា៖«សូម​ប្រជា​នេសាទនិង​​អ្នក​ធ្វើដំណើរ​ទេស​ចរណ៍​តាម​ផ្លូវទឹក​មាន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ល្បឿន​ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់»។

ជាមួ​យនឹង​​ការអំ​ពាវនាវ​នេះអ្ន​កស្រី អ៊ុ​ល សុវណ្ណ​ដា ប្រធាន​គ្រប់​គ្រង​ទូក​ទេស​ចរណ៍​ On The Rocks Tours ក្នុង​ខេត្ត​ព្រះ​សីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​នៅពេ​លនេះ​ពុំ​សូវ​មាន​ភ្ញៀវ​ទេសចរ​កម្សាន្ត​តាម​ប្រជុំ​កោះ​ក្នុង​ខេត្ត​ព្រះសី​ហនុ​នោះ​​ទេ ​ដូច្នេះ​ការ​ចេញ​ទូក​គឺមាន​តិច​តួច​ណាស់។​ម្យ៉ាង​ទៀត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ​អាកា​សធា​តុ​ក៏​មិន​សូវ​អំណោយ​ផល​ដែរ គឺ​មាន​ភ្លៀង​ និង​ខ្យល់​បក់​បោក​ខ្លាំង​។

អ្នកស្រី​បន្ត​ថា នៅក្នុង​សប្ដាហ៍​នេះ ប្រសិន​បើមាន​​ភ្លៀងខ្យល់​​បក់បោក​ខ្លាំង​ដូច​ការព្យា​ករ​របស់​ក្រសួង​ធ​នធាន​ទឹក​និង​ឧតុនិ​យម​មែន​នោះ អ្នកស្រី​នឹង​មិន​ឲ្យ​ក្រុម​នាវិក​ចេញ​ទូក​នោះទេ ​បើទោះ​ជា​ភ្ញៀវ​បាន​កក់​ឬ​ទិញ​សំបុត្រ​សម្រាប់​ធ្វើដំ​ណើរក​ម្សា​ន្ត​រួចហើ​យ​ក៏ដោ​យ។ អ្នកស្រី​ថា៖« យើង​តែង​តែ​គិតដ​ល់​ពី​សុវត្ថិ​ភាព​របស់​ភ្ញៀវ ​ជា​ចម្បង​»។

ចំណែក​ប្រជា​នេសា​ទ​នៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ​ ស្រុក​ព្រៃនុប លោក ​ណុន ឌឿ​ន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ប​ច្ចុប្បន្ន អ្នក​ភូមិ​របស់​លោក​មិន​ហ៊ាន​ចេញ​នេសាទ​ត្រី​នៅក្រៅ​តំបន់​លម្ហ​សមុទ្រ​នោះ​ទេ ព្រោះ​​បារម្ភ​ពី​អាកាស​ធាតុដែ​លមា​ន​ការ​ផ្លាស់​ប្ដូរ​ឆាប់​រហ័ស​ពេក​។

លោក​ថ្លែង​ថា៖«កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុនអ្ន​កភូមិ​យើង​ម្នាក់​ចេញ​ទូក​ទៅ​នេសាទ​ក្រៅ​តំបន់​លម្ហសមុទ្រ​ហើយ​ជួប​​គ្រោះថ្នា​ក់​ខ្យល់​កន្ត្រាក់​វាយ​ពន្លិច​ តែ​សំណា​ងល្អ​បាន​ក្រុម​ឆ្មាំ​សមុទ្រ​​ជួយ​សង្គ្រោះ​ទាន់ពេ​ល»​។

​បើតាម​​លោក​ ឌឿ​ន បច្ចុប្បន្នអ្នកភូ​មិ​របស់គា​ត់ចេ​ញ​ទូក​នេសាទ​តែ​ក្នុង​តំបន់​ទឹករា​ក់ៗប៉ុ​ណ្ណោះមិន​​ឆ្ងាយ​ពី​កោះ​ខ្យង​នោះ​ទេ៕