ភ្នំពេញ៖ ក្រសួង​មហាផ្ទៃ​បានពិនិត្យ​សំណើ​សុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​របស់ ​លោក ​ប៉ុល ហំម ​និងលោក ​ផាន់ ច័ន្ទសាក់ ​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​គណ​បក្ស​សង្រ្គោះជាតិ ​ដែលបាន​ស្នើកាលពី​ថ្ងៃទី ១៧ ​ឧសភា ​រួចរាល​ហើយ។ ក្រសួង​បាន និង​កំពុង​រៀបចំ​សំណុំ​ឯកសារ​ថ្វាយ​ទៅព្រះ​មហា​ក្សត្រ ​ដើម្បី​ឡាយ​ព្រះហត្តលេខា​ផ្តល់​នីតិសម្បទា​ជាផ្លូវ​ការ។

លោក​ ឈឹម កាន ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​មហាផ្ទៃប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅថ្ងៃ​ទី ១៩​ ខែឧសភា​ថា ​លោក​កំពុង​ចាត់​ចែង​អនុវត្ត​នីតិវិធី ​រៀបចំ​លិខិត ​ដើម្បី​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ ​ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ​ដល់​លោក​ ប៉ុល ហំម ​និង​លោក ​ផាន់ ច័ន្ទសាក់។

លោក​ ឈឹម កាន ​ថ្លែងថា​៖ «តាម​ការពិនិត្យ​ជាក់ស្តែងទាំង​លោក ប៉ុល ហំម ​និង​លោក ​ផាន់ ច័ន្ទសាក់ ពុំ​មាន​ប្រព្រឹត្ត​ខុសទៅ​នឹង​បម្រាម​របស់​តុលាការ​នោះ​ទេ។ អ៊ីចឹង​គាត់​អាចទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​បាន»។

ទោះជា​យ៉ាងណា ​លោក​ ឈឹម កាន មិនបាន​បញ្ជាក់ថា ​ពេលណា​នឹង​បញ្ជូន​លិខិត​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​ ដើម្បី​ឡាយ​ព្រះហត្ត​លេខា​នោះ​ទេ​ ប៉ុន្តែលោកថា​ នឹង​ផ្ញើ​ទៅ​ឆាប់ៗ​នេះ។

លោក​ ផាន់ ច័ន្ទសាក់ ​ថ្លែងថា ​ក្រោយពី​លោក​ជាប់​បម្រាម​របស់​តុលាការ​កំពូល​អស់រយៈ​ពេល​ជាង ​៣ ឆ្នាំនេះ ​លោកបាន​គោរព​តាម​សេចក្តី​សម្រេច​របស់​សាលក្រម​បាន​យ៉ាង​ត្រឹម​ត្រូវ។

លោក ​ផាន់ ច័ន្ធសាក់ ​ថ្លែងថា ​លោកក៏មិន​ដែល​បានចូល​រួម​សកម្មភាព​នយោបាយ ​ឬ​ក៏ចូល​រួម​ជា​សមាជិក​នយោបាយ​នោះ​ទេ ​ក្រៅពី​ការរស់​នៅ​ជាប្រជា​ពលរដ្ឋ​ធម្មតា ​និង​ប្រកប​ការងារ​ជាធម្មតា។ ដូច្នេះ ​បានជា​ក្រសួង​មហាផ្ទៃ​បាន​ពិនិត្យ​មើល​បុគ្គលិក​លក្ខណៈ​សម្បត្តិ​របស់​លោក​ទាំង​អស់​នេះ ​ក៏បាន​សម្រេច​ផ្តល់​ឱ្យនីតិសម្បទា​នយោបាយ​ឡើង​វិញ។

លោក ​ផាន់ ច័ន្ទសាក់ ​ថ្លែងថា​៖ «ខ្ញុំក៏មិន​បាន​ចូលរួម​ចលនា​លើក​ម្រាម ៩ ​ឬ ​ម្រាម ​៨ ​ឯណា ​ខ្ញុំ​នៅ​ស្ងៀម​ស្ងាត់​ធម្មតា»។

លោក​បញ្ជាក់ថា ​នៅពេល​ដែល​ទទួល​នីតិសម្បទា​នយោបាយ​វិញ​ហើយ​ នោះ​លោកនឹង​ទៅ​ចូលរួម​អាជីព​នយោបាយ​ជាមួយ​លោក ​អ៊ូ ច័ន្ទរ័ត្ន​ ដែល​បង្កើត​គណបក្សថ្មី ​គឺ​គណបក្ស​កែទម្រង់​កម្ពុជា៕