ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ​ស​ ខេង ​បាន​សម្រេច​ដាក់​វិន័យ ​ក្រោម​រូបភាព “ព្រមាន​លើក​​ទី១” ចំពោះ​ឧត្តម​សេនីយ៍ទោ​ អ៊ាវ ចំរើន ​ស្នងការ​នគរបាល ​ខេត្ត​កណ្តាល ​ដោយ​មូលហេតុ ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​គ្រប់គ្រង​ និង​ដឹកនាំ។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​លោក ​ឆាយ គឹម​ខឿន។

ការ​សម្រេច​ដាក់​វិន័យ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​របស់​ជន​ដែល​អះអាង​ថា ​ជា​មន្ត្រី​ក្រប​ខ័ណ្ឌ​នគរបាល​ខេត្ត​កណ្ដាល​ចំនួន ​៥០ រូប​ បាន​ផ្ដិត​មេដៃ​ប្តឹង​លោក ​អ៊ាវ ចំរើន ​ទៅ​ក្រសួង​មហាផ្ទៃ ​ដោយ​បាន​ចោទ​មេ​នគរបាល​ខេត្ត​រូប​នេះ​ថា​ ប្រើ​អំណាច​ផ្តាច់​ការ​ ធ្វើ​បាប​កូនចៅ ​និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ផ្សេងៗ។

លោក ​ឆាយ គឹមខឿន​ បញ្ជាក់​ថា​៖ «គាត់ ​(លោក អ៊ាវ ចំរើន) ​មិនមែន​អាក្រក់​ទាំង​អស់​ទេ ​គាត់​ក៏​មាន​គុណ​សម្បត្តិ​របស់​គាត់​ដែរ​។ តែ​ដោយសារ​មាន​ការ​ធ្វេស​ប្រហែស​ ធ្វើ​ឲ្យ​មាន​បញ្ហា​ខ្លះ​ក្នុង​ការ​បញ្ជា​ដឹកនាំ ​ដូច្នេះ​ហើយ​ត្រូវ​តែ​ពិន័យ ​និង​ព្រមាន​គាត់​ខ្លះ»។

ទាក់ទង​នឹង​បណ្តឹង​ចោទ​លោក ​អ៊ាវ ចំរើន​ ថា​ប្រើ​អំណាច​ផ្តាច់ការ ​ធ្វើ​បាប​កូនចៅ​ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ផ្សេងៗ ​លោក ​ឆាយ គឹមខឿន​ បាន​ឆ្លើយ​ថា​៖ «បង​ឆ្លើយ​មិន​រួច​ទេ​ បើ​អូន​ឯង​ដឹង​ពី​ណា​សួរ​បញ្ជាក់​ពី​ហ្នឹង​ទៅ។ បន្ទាប់​ពី​ការ​ព្រមាន​មក​យើង​តាម​អង្កេត​មើលថា​ គាត់​កែ​ប្រែ ​ឬ​អត់? ​ហើយ​បើ​គាត់​មិន​កែប្រែ ​ចូល​ដំណាក់កាល​ទី២ ​ត្រូវ​ដក​ហូត​តំណែង ​ឬ​យ៉ាង​ម៉េច​ទៅ​តាម​កំហុស​របស់​គាត់»។

យោង​តាម​សេចក្តី​សម្រេច​ចុះ​ថ្ងៃ​ទី ២៥ ​កក្កដា ​របស់​លោក ​ស ខេង ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ដែល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​ទើប​ទទួល​បាន​កាល​ពី​ថ្ងៃ​ទី ១០ ​សីហា ​នេះ​បញ្ជាក់​ថា ​នាយ​ឧត្តមសេនីយ៍ ​នេត សាវឿន ​អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​ស្នើ​អនុវត្ត​វិន័យ​ក្រោម​រូបភាព​ “ព្រមាន​លើក​ទី១”​ ចំពោះ​ឧត្តម​សេនីយ៍ទោ ​អ៊ាវ ចំរើន ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល ​ដោយ​មូលហេតុ ​“ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​គ្រប់គ្រង ​និង​ដឹកនាំ”។

សេចក្តី​សម្រេច​បញ្ជាក់​ថា​៖ «​សាមី​ខ្លួន​ដែល​មាន​ឈ្មោះ ​(អ៊ាវ ចំរើន) ​ត្រូវ​កែប្រែ​នូវ​កំហុស​ឆ្គង ​និង​ឥរិយាបថ​ដឹកនាំ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។ ក្នុង​ករណី​នៅ​តែ​ប្រព្រឹត្ត​ផ្ទុយ​ពី​ការ​ណែនាំ​ទៀត​នោះ​នឹង​ចាត់​វិធានការ​ តាម​វិន័យ​របស់​កម្លាំង​នគរបាល​ជាតិ»។

នៅ​ពេល​ទាក់ទង​ពី​ម្សិលមិញ ​លោក​ឧត្តមសេនីយ៍ទោ ​អ៊ាវ ចំរើន ​និយាយ​ថា​ លោក​មិន​អាច​ធ្វើ​ការ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការ​ដាក់​វិន័យ​នេះ​បាន​ទេ។

កាល​ពី​ចុង​ខែ​ឧសភា ​ក្រសួង​មហាផ្ទៃ​បាន​កោះ​ហៅ​ស្នងការ​រង​នគរបាល​ខេត្ត​កណ្តាល​ចំនួន ​៦ រូប​ ឲ្យ​ចូល​ទៅ​បំភ្លឺ​ រួម​មាន​លោក ​រឿន ណារ៉ា​ លោក​ វ៉ែន សុវិន ​លោក ​ចាន់ សាវឿន ​លោក ​តុប សុវណ្ណ ​លោក​ សេង គីម​ឃន ​និង​លោក ​ឈឿន សុចិត្ត ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​ លោក​ស្នង​ការ​រូប​នេះ ​បាន​ប្រើ​អំណាច​ផ្ដាច់​ការ​ ធ្វើ​បាប​កូនចៅ​ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​រូបភាព​ផ្សេងៗ​រហូត​ដល់ ​១៦ ​ករណី។

ពាក្យ​បណ្តឹង​ខាង​លើ​​​បញ្ជាក់​ថា​៖ «កាត់​ប្រាក់​បោះឆ្នោត​ជាតិ ​ក្រុមប្រឹក្សា​ឃុំ ​និង​ថវិកា​អត្ត​សញ្ញាណប័ណ្ណ ​កាត់​ប្រាក់​ការងារ​អន្តោប្រវេសន៍ ​(ក្នុង​ចំនួន ​៥០% ​នៃ​ប្រាក់​សរុប​របស់​រាជរដ្ឋាភិបាល​ផ្តល់​ឲ្យ)។ រថយន្ត​ទំនើប​លួច​កោដ្ឋ​មាស​ សារីរិកធាតុ​ចំនួន ​១ គ្រឿង ​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ស្រុក​ពញាឮ។ រថយន្ត​ហ៊ីយ៉ាន់ដាយ​ដឹក​ស្រា​ជីវ៉ាក់​ក្លែងក្លាយ​ចំនួន ១ ​គ្រឿង យក​លុយ​ជា​ថ្នូរ​នឹង​ការ​តែងតាំង​តួនាទី​ពី ២ ០០០​ ទៅ ៣ ០០០ ដុល្លារ​ យក​លុយ​ពី​អ្នក​លេង​ឆ្នោត​នៅ​ជ្រៃ​ធំ ​ស្រុក​កោះធំ​ក្នុង ​១ ខែ ៨០០ ​ដុល្លារ។ បើក​ដៃ​ឲ្យ​លោក ​លី សុជាតិ​ នាយ​ការិយាល័យ​សេដ្ឋកិច្ច​ដើរ​ដាក់​ខែ​អីវ៉ាន់​គេច​ពន្ធ»៕