ភ្នំពេញៈ ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​គណៈកម្មាធិការ​ចំនួន ២ ​កាលពី​ម្សិលមិញ​ដើម្បី​រួមសហការ​គ្នា​ធ្វើការ​ទាក់ទង​និង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជំងឺអេដស៍ និង​កាមរោគ​។

គណៈកម្មាធិការ​ទាំង​ ២ នោះ រួមមាន​គណៈកម្មាធិការ​ប្រឆាំង​គ្រឿងញៀន ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ខែសីហា ឆ្នាំ ២០១៩ និង​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​កាមរោគ​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម្រេច​បង្កើត​តាំងពី​ឆ្នាំ​ ២០០១​។

លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ក្នុងឱកាស​ដែល​ប្រកាស​ដាក់ឱ្យ​ដំណើរការ​នោះ​ថា បើទោះ​ជា​កន្លងមក​គណៈកម្មាធិការ​ទាំង​ ២ មិនទាន់​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ប៉ុន្តែ​គណៈកម្មាធិការ​ទាំង​ ២ បាន​ចូលរួម​សហការគ្នា​រៀបចំ​ការងារ​បាន​ ១ ​ជំហាន ហើយ​ជាពិសេស​ការរៀបចំ​នូវ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​។

លោក​បញ្ជាក់ថា​៖ «​ភាពយឺតយ៉ាវ​នៃ​ការប្រកាស​ដំណើរការ​ជា​ផ្លូវការ​នូវ​គណៈកម្មាធិការ​ទាំង​ ២ នេះ គឺ​បណ្តាលមកពី​បញ្ហា​កូវីដ​ ១៩ រួមទាំង​បញ្ហា​​រួមផ្សំ​មួយ​ចំនួន​ទៀត​»​។

លោក កៅ ខុនដារ៉ា បាន​លើកឡើង​ថា ចាប់ពី​ពេល​នេះ​ទៅ​គណៈកម្មាធិការ​ទាំង​ ២ ​នេះ​នឹង​ចូលរួម​ចំណែក​លុប​បំបាត់​បញ្ហា​ដែល​កើតមានឡើង​ដោយសារ​គ្រឿងញៀន និង​បញ្ហា​ជំងឺអេដស៍ ដែល​កំពុង​បន្ត​គំរាមកំហែង​នៅក្នុង​ប្រទេស តំបន់ និង​ពិភពលោក​។ គណៈកម្មាធិការ​ទាំង​ ២ គឺ​ត្រូវ​រៀបចំ​ផែនការ​បណ្តុះបណ្តាល និង​ធ្វើការ​បណ្តុះបណ្តាល​ពី​បញ្ហា​គ្រឿងញៀន ជំងឺអេដស៍ និង​កាមរោគ​ដល់​ក្រុម​ជនបង្គោល និង​តាម​អង្គភាព​ជា​សមាជិក និង​រាជធានី ខេត្ត​។

លោក នាក់ យុទ្ធា ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រឆាំង​គ្រឿងញៀន​ថ្លែងថា​គណៈកម្មាធិការ​ទាំង​ ២ ​នេះ​គឺ​មាន​ទិសដៅ​រួមគ្នា ដោយ​បញ្ចូល​សកម្មភាព​តែ​ ១ ​ក្នុង​ការងារ​ផ្សព្វផ្សាយ និង​អប់រំ​។ ជាពិសេស​នោះ​គឺ​ការងារ​ស្ដារនីតិសម្បទា​របស់​ជនរងគ្រោះ ដែល​រង​ផលប៉ះពាល់​៕