ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ណែនាំ​ឲ្យ​អភិបាល​រាជធានី-ខេត្ត​ត្រូវ​រៀបចំ​ឲ្យ​មន្ត្រី​ និង​កងកម្លាំង​ត្រូវមាន​វត្តមាន​ជាប្រចាំ​នៅ​តាម​សាលា​រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ដើម្បី​ត្រៀម​លក្ខណៈ​ដោះស្រាយ​សភាពការណ៍​ក្នុង​ការថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​ត្រូវ​ធ្វើ​ការតាមដាន​ក្តាប់​សភាពការណ៍ សកម្មភាព​ចលានា​របស់​ «​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​»​ ​ដើម្បី​ចាត់វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​ និង​ទាន់ពេល​។

ការចេញ​សេចក្តី​ណែនាំ​នេះ​កើតមានឡើង​ ខណៈ​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី ​បាន​ធ្វើការ​អំពាវនាវ​ជា​បន្តបន្ទាប់ និង​នៅក្នុង​វីដេអូឃ្លីប​មួយ​ទៀត​ដែល​ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​ ២៩ ខែ​តុលា​ ថា​ លោក​បាន​ត្រៀមខ្លួន​រួចរាល់​អស់​ហើយ​ក្នុង​ការវិលត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ០៩ វិច្ឆិកា​ ដោយ​លោក​ត្រូវ​លះបង់​សិទ្ធិសេរីភាព​របស់​លោក និង​ស្ម័គ្រចិត្ត​បូជា​ដល់​អាយុជីវិត​ថែមទៀត ដើម្បី​មក​ស្តារ​លទ្ធិប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​ និង​ផ្តល់​សេរីភាព​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​។

ជាមួយ​គ្នា​នេះ​លោក​ សម រង្ស៊ី ក៏​បាន​អំពាវនាវ​ទៅកាន់​សហគមន៍​អន្តរជាតិ​ផងដែរ​ឱ្យ​ជួយ​តាម​ឃ្លាំមើល​រូបលោក​ និង​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា កុំ​ឲ្យ​ប្រើ​អំពើហិង្សា​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មក​ចូលរួម​ទទួល​ស្វាគមន៍​ដំណើរ​វិលត្រឡប់​របស់​លោក​។

បើ​យោងតាម​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ចេញ​កាលពី​ថ្ងៃទី​ ៣០ ខែ​តុលា ឆ្នាំ ២០១៩ បាន​ដាក់​ចេញ​នូវ​វិធានការ​ចំនួន​ ៨ ​ចំណុច ដើម្បី​បង្កើន​ការថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​នៅក្នុង​ឱកាស​ខួប​ ៦៦ ​ឆ្នាំ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ថ្ងៃ​ ៩ វិច្ឆិកា និង​ព្រះរាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប​អកអំបុក សំពះ​ព្រះខែ​នៅ​ដើមខែ​ក្រោយនេះ​។

សេចក្តី​ណែនាំ​បន្តថា ស្រប​ពេល​ជាមួយ​គ្នា​នេះ​ចលនា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ក៏​បាន​ប្រកាស​ដាក់​ចេញ​នូវ​គម្រោង​ផែន​ការធ្វើ​រដ្ឋប្រហារ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ក្រោម​ឧបាយកល​នៃ​ការប្រកាស​វិលត្រឡប់​ចូលមក​កម្ពុជា​វិញ​របស់​លោក​ សម រង្ស៊ី ​និង​បក្ខពួក​នៅ​ចំពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ប្រារព្ធ​ពិធី​បុណ្យជាតិ​ទាំង​ ២ ​ខាង​លើ​នេះ​។

សេចក្តី​ណែនាំ​បន្តថា ក្រសួង​មហាផ្ទៃ​សូម​ធ្វើ​ការណែនាំ​ដល់​លោក លោកស្រី អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​រាជធានី-ខេត្ត ត្រូវអនុវត្ត​នូវ​វិធានការ​ចាំបាច់​មួយចំនួន​។ «​អភិបាល​រាជធានី ខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​មាន​វត្តមាន​នៅ​រាជធានី ខេត្ត​សាមី​ជាប់​ជាប្រចាំ​ចាប់ពី​ដើម​ខែ​វិច្ឆិកា​រហូត​ដល់​ពិធីបុណ្យ​ជាតិ​ទាំង​ ២ ​ខាង​លើ​ត្រូវបាន​ប្រារព្ធ​ចប់សព្វគ្រប់​។ ទន្ទឹមនេះ​ត្រូវ​រៀបចំ​ចាត់ចែង​មន្ត្រី​ប្រចាំការ​នៅ​តាម​សាលា​រាជធានី​-​ខេត្ត-ក្រុង​- ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ដើម្បី​ត្រៀម​លក្ខណៈ​ដោះស្រាយ​សភាពការណ៍​ចំពោះមុខ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​»​។

សេចក្តី​ណែនាំ​បន្តថា​អភិបាល​នៃ​គណៈអភិបាល​រាជធានី-ខេត្ត ក៏​ត្រូវ​ដឹកនាំ​ណែនាំ​ដល់​មេបញ្ជាការ កងកម្លាំង​មាន​សមត្ថកិច្ច​នានា​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឲ្យ​ត្រួតពិនិត្យ​វត្តមាន​កម្លាំង​ក្រោម​ឱវាទ និង​គ្រប់គ្រង​ចាត់ចែង​ប្រើប្រាស់​កម្លាំង​ស្រប​តាម​ផែនការ​ដែល​បានកំណត់ និង​ត្រួតពិនិត្យ​ជាប្រចាំ​នូវ​ការអនុវត្ត​ផែនការ​នេះ​។

សេចក្តី​ណែនាំ​បញ្ជាក់ថា​៖ «​ក្នុង​រាជធានី​-​ខេត្ត​នីមួយៗ​ត្រូវ​ធ្វើការ​តាមដាន​ក្តាប់​សភាព​ការណ៍​សកម្មភាព​ចលនា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់ ដើម្បី​ចាត់វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ និង​ត្រូវ​អប់រំ​ប្រជាជន​ឱ្យ​ចៀសវៀង​ការចូលរួម​ក្នុង​សកម្មភាព​ណាមួយ​នៃ​គម្រោង​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​»​។

សេចក្តីណែនាំ​ក៏បាន​ណែនាំ​ឲ្យ​អភិបាល​នៃ​គណៈអភិបាល​រាជធានី​-​ខេត្ត​ ត្រូវ​ដឹកនាំ​ណែនាំ​ដល់​គណៈបញ្ជាការ​ក្រុង ស្រុក-ខណ្ឌ ដើម្បី​ដឹកនាំ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ-សង្កាត់ និង​អាជ្ញាធរ ឃុំ-សង្កាត់ ភូមិ ឱ្យ​ពង្រឹង​កិច្ចសហការ​បង្កើន​ការគ្រប់គ្រង​ការចេញ-ចូល​របស់​ប្រជាជន និង​គ្រប់គ្រង​មុខសញ្ញា​នានា​តាម​គោលការណ៍​ជំនាញ និង​ត្រូវ​ដឹកនាំ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​ចូលរួម​ពិសា​អំបុក​សាមគ្គី​ជាតិ ដើម្បី​ការពារជាតិ សាសនា ព្រះមហាក្សត្រ​។

អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ច័ន្ទរ័ត្ន បានចាត់ទុក​ការណែនាំ​របស់​ក្រសួង​មហាផ្ទៃ​នេះ​ថា​ជា​ការឆ្លើយតប​ហួសហេតុ​ទៅ​នឹង​ផែនការ​វិលត្រឡប់​របស់​លោក​ សម រង្ស៊ី​។

លោក​បញ្ជាក់​ថា​៖ «​វា​ជា​ការឆ្លើយតប​មួយ​ដែល​លើស​ពី​អ្វី​ដែល​អាច​កើតឡើង​។ វា​ធ្វើឲ្យ​បរិយាកាស​សង្គម​កាន់តែ​អាប់អួរ និង​វា​ធ្វើឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​កម្មវិធី​បុណ្យ​ហ្នឹង​»​។ លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ក៏​បាន​ថ្លែង​កាលពី​ម្សិលមិញ​ដែរ​ថា បើ​សេចក្តីណែនាំ​ខាងលើ​គឺ​ដើម្បី​ការពារ និង​ថែរក្សា​សន្តិសុខ​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ​វា​គឺជា​រឿង​ធម្មតា​។

ប៉ុន្តែ​លោក​ថា ការចេញ​សេចក្តី​ណែនាំ​បែបនេះ​នៅក្នុង​កាលៈទេសៈ​នេះ​គឺ​វា​ពាក់ព័ន្ធ​ទៅនឹង​បញ្ហានយោបាយ​ដែល​សំដៅ​ទៅលើ​ការវិលត្រឡប់​របស់​លោក​​ សម រង្ស៊ី​។ លោក​បញ្ជាក់ថា​៖ «​វា​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​មួយចំនួន​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ការដើរ​ហើរ និង​ធ្វើដំណើរ​ទៅមក​...​ដែល​បញ្ហា​ទាំងនេះ វា​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ​»​។

ប៉ុន្តែ​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា វា​ជា​ការចាំបាច់​ដែល​អាជ្ញាធរ និង​កងកម្លាំង​សមត្ថកិច្ច​ត្រូវ​ពង្រឹង​កិច្ចការពារ​សន្តិសុខ និង​ថែរក្សា​សណ្តាប់ធ្នាប់​សង្គម​ដែល​សំដៅ​ធ្វើការ​បង្ក្រាប និង​កម្ចាត់​ចោល​ភ្លាមៗ​ចំពោះ​ក្រុម​ចលនា​ឧទ្ទាម​ក្រៅច្បាប់ ដែល​ប៉ុនប៉ង​ផ្តួលរំលំ​របបរាជានិយម និង​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​។

លោក​បញ្ជាក់ថា​៖ «​ដោយសារ​តែ​ថ្ងៃ​ ៩ ​វិច្ឆិកា រាជរដ្ឋាភិបាល​យើង​បាន​កំណត់​ជា​ថ្ងៃ​ហូប​អំបុក​ដើម្បី​ការពារជាតិ សាសនា ព្រះមហាក្សត្រ ដូច្នេះ​សេចក្តី​ណែនាំ​របស់​សម្តេច​ក្រឡាហោម (​ស ខេង​) ​គឺ​សំដៅ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​រួមគ្នា និង​ប្រមូល​កម្លាំង​រួមគ្នា ដើម្បី​ការពារជាតិ សាសនា ព្រះមហាក្សត្រ​។ អាអ្នក​ដែល​ព្រួយ​គឺជា​អ្នក​ដែល​ចង់​ឲ្យ​ សម រង្ស៊ី វា​មក​ដើម្បី​បង្ក​ការ​វឹកវរ និង​ទទួល​បាន​ជ័យភណ្ឌ ហើយ​បើ​អ្នក​មិន​គាំទ្រ​ (​សម រង្ស៊ី​) គេ​មិន​មាន​ការព្រួយ​នោះទេ​»​។

លោក​ ខៀវ សុភ័គ បាន​បន្តថា អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​តែងតែ​ធ្វើការ​រិះគន់​ទៅលើ​រាជរដ្ឋាភិបាល ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ហើយ​ពួកគេ​ធ្វើការ​រិះគន់​នេះ គឺ​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ពី​ខាង​ក្រុម​ចលនា​ឧទ្ទាម​ក្រៅច្បាប់​តែប៉ុណ្ណោះ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ការពារ​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ​ថា ត្រឹមត្រូវ និង​ពុំមែន​ជា​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស និង​សិទ្ធិសេរីភាព​បញ្ចេញមតិ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​អាជ្ញាធរ​រាជធានី-ខេត្ត​មាន​ភារកិច្ច​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ពិសេស​នៅក្នុង​ពិធីបុណ្យ ប្រពៃណី​ធំៗ​បែបនេះ​ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ច្រើន ដូច្នេះ​អាជ្ញាធរ​ត្រូវយក​ចិត្ត​ទុកដាក់​ទៅលើ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​។ ដូច្នេះ​វា​មិនមែន​ប៉ះពាល់​ទៅ​ដល់​សិទិ្ធ​សេរីភាព​របស់​ប្រជាពលរដ្ឋ ការរៀបចំ​ពិធីបុណ្យ​នោះទេ​។ វា​មិនមែន​ជា​ការសម្លុត​គំរាមកំហែង​ពី​ណា​នោះទេ​»៕

វីដេអូ៖