ភ្នំពេញ: ក្រសួង​មហា​ផ្ទៃ​កាល​ពី​ម្សិល​មិញ​បាន​ប្រកាស​ទទួល​ស្គាល់ ​«គណ​បក្ស​បំណង​ពល​រដ្ឋ»​ ដែល​មាន​លោក​ អ៊ិត​ សារ​ម្យ ​ជា​ប្រ​ធាន​គណបក្ស​ចាប់​ពី​ថ្ងៃទី ​៧​ ខែ​កុម្ភៈ​​ត​ទៅ ​ដោយ​ស្ថា​ប​និក​គណ​បក្ស​រំពឹង​ថា​ នឹង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ប្រកួត​នា​ពេល​ខាង​មុខ​ ប៉ុន្ដែ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ ការ​បង្កើត​នេះ​កើន​ចំនួ​ន​ តែ​គ្មាន​គុណភាព។

​តាម​លិខិត​ចុះ​ថ្ងៃទី​ ៧ ​ខែ​កុម្ភៈ​ ​ចុះហត្ថ​លេខា​ដោយ​លោក​ ស ​ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃបាន​ឲ្​យដឹង​ថា ​«គណ​បក្ស​បំណង​ពល​រដ្ឋ»​ មាន​ទីស្នាក់​ការ​ក​ណ្តា​ល​នៅ​ផ្ទះ​លេខ ​៣៤​ ផ្លូវ​លេខ​ ២០​ បុរី​ពិភព​ថ្មី​ ភូមិ​ត្រពាំងថ្លឹង ​សង្កាត់​ចោម​ចៅ​ទី ១ ​ខណ្ឌ​ពោធិ៍សែន​ជ័យ រាជ​ធានី​ភ្នំពេញ។

លោក​ អ៊ិត ​សារ​ម្យ ​ស្ថាប​និក​ និង​ជា​ប្រធាន​គណ​បក្ស​នេះ​​ថ្លែង​ថា ​ការ​បង្កើត​គណ​បក្ស​ថ្មី​នេះ​ដើម្បី​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ ​ហើយ​ក្រុម​ការងារ​គណ​បក្ស​នឹង​ចុះ​ធ្វើ​សក​ម្ម​ភាព​ ដោយ​រៀប​ចំ​រច​នា​ស​ម្ព័ន្ធ​នៅ​តាម​មូល​ដ្ឋាន​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​គោលនយោ​បាយ​ថ្មីៗ​ជូន​ពល​រដ្ឋ​តាម​មូល​ដ្ឋាន​ ដើម្បី​ចូលរួម​ប្រ​កួត​គ្រប់​ពេល​បោះឆ្នោត​ជាតិ​ និង​ក្រោម​ជាតិ។​

លោក​ សារ​ម្យ ​ថ្លែង​​ថា៖​ «​យើង​ដឹង​ច្បាស់​ថា ​ការ​បង្កើត​គណ​បក្ស​នយោ​បាយ​ នឹង​ទទួល​បាន​នូវ​ពាក្យ​អវិជ្ជមាន​ផ្សេងៗ​ដូច​ជា​ ការ​បំបែក​សំឡេង​ បក្ស​អាយ៉ង​ ប្រយោ​ជន៍​​ផ្ទាល់​ខ្លួន​ ឬ​ចង់​ធ្វើ​ធំ​ជា​ដើម។ ​ពាក្យ​ដែល​ជន​រួមជា​តិ​លើក​ឡើង​នេះមិន​មាន​អ្វី​ចម្លែក​ទេ ព្រោះ​វា​ជា​ការ​ពិត​មួយ​ផ្នែក​ធំ​នៃ​បរិ​បទ​នយោ​បាយ​ក្នុង​សង្គម​ខ្មែរ»។​

លោក​ ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​ថា​​ កាល​ពី​សប្ដាហ៍​មុន​​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​​លក្ខន្តិ​កៈ​ ​និង​បែប​បទ​បង្កើត​គណបក្ស​​ហើយ​មិន​មាន​កំហុស​ឆ្គង​អ្វី​ទេ។​

​លោក​បញ្ជាក់​ថា​៖​ «​យើង​បាន​ទទួល​ស្គាល់​គាត់​ហើយ​ ប្រហែល​កាល​ពី​អាទិត្យ​មុន​នេះ​ទេ»។​

លោក​ សំ គ​ន្ធា​មី ​នា​យក​ប្រតិ​បត្តិ​គណៈ​កម្មា​ធិ​ការ​អ​ព្យា​ក្រឹត ​និង​យុត្តិ​ធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា ​ហៅ​កាត់​ថា ​និក​ហ្វិ​ក​ បាន​ថ្លែង​ថា ​ការ​បង្កើត​គណ​បក្ស​ឡើង​ជា​បន្ត​បន្ទាប់​នេះ​ វា​មិន​មាន​អ្វី​ច​ម្លែក​​ទេ សម្រាប់​នយោ​បាយ​កម្ពុជា ​ព្រោះ​គេ​បាន​សង្កេត​​មើល​ជា​ច្រើន​អាណត្តិ​រួម​មក​ហើយ​ ដោយ​គណ​បក្ស​តូចៗ​ គ្រាន់​តែ​អ្នក​កំដរ​គណ​បក្ស​ធំៗ​ប៉ុ​ណ្ណោះ។

​លោក​បាន​បញ្ជាក់​ថា​៖​ «​​យើង​គិត​មើល​ កា​ល​ពី​បោះឆ្នោ​ត​អា​ណត្តិ​មុន​ហ្នឹង​មាន​ ២០ ​គណ​បក្ស​ គ្មាន​គណ​បក្ស​ណា​បាន​មួយ​អាស​នៈក្រៅ​ពី​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ផង»។ ​គណ​បក្ស​ន​យោ​បាយ​ចំនួន​ ៤១​ បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ៕