ភ្នំពេញៈ ក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់ និងចុះឈ្មោះសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គមដែលទើបបង្កើតថ្មីក្នុងបញ្ជីរបស់ក្រសួងជាផ្លូវការ ខណៈប្រធានសមាគម លោក ជុំ ហួត បង្ហាញជំហរថានឹងលើកកម្ពស់ការយល់ដឹងពីសិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌សង្គម និងការពារប្រព័ន្ធអេកូឡូស៊ីចាំបាច់របស់បរិស្ថាននៅកម្ពុជា។
តាមប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី ៩ កក្កដា ដែលភ្នំពេញប៉ុស្ដិ៍ទើបទទួលបានពីម្សិលមិញឲ្យដឹងថា ក្រសួងមហាផ្ទៃសម្រេចចុះឈ្មោះ សមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គមទៅក្នុងបញ្ជីរបស់ខ្លួនដែលសមាគមនេះមានស្នាក់ការកណ្តាលនៅភូមិត្រពាំងស្មាច់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជាមួយនឹងការទទួលស្គាល់នេះក្រសួងមហាផ្ទៃបានណែនាំឲ្យសមាគមនេះធ្វើសកម្មភាពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាពិសេសគឺស្របតាមលក្ខន្តិកៈរបស់ខ្លួនដោយមិនរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ។
តាមលក្ខន្តិកៈ សមាគមនេះធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីតស៊ូមតិ ចូលរួមថែរក្សា ការពារធនធានធម្មជាតិ ទន្លេមេគង្គ ទន្លេសាប សមុទ្រ ដោយអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ សហគមន៍ និងការអភិរក្សព្រៃឈើ សត្វព្រៃ បរិស្ថានឲ្យមាននិរន្តរភាព។
លក្ខន្តិកៈដដែលបានបន្តថា៖ «ចក្ខុវិស័យគឺចង់ឃើញសង្គមមួយដែលឱ្យតម្លៃទៅលើបរិស្ថាន និងសង្គមដែលប្រជាពលរដ្ឋម្នាក់ៗជាអ្នកចូលរួមថែរក្សាការពារ អភិរក្សសត្វព្រៃ ព្រៃឈើ ធនធានធម្មជាតិ និងយុត្តិធម៌សង្គម។ បេសកកម្មរបស់យើងគឺធ្វើឱ្យយុវជន និងពលរដ្ឋមានទំនុកចិត្ត វិជ្ជាជីវៈ សក្ដានុពល ក្លាយជាកោសិកាល្អក្នុងសង្គមក្នុងការរួមចំណែកការពារធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព»។
លោក ជុំ ហួត ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គមបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការដែលលោកបង្កើតសមាគមនេះគឺដើម្បីបានធ្វើសកម្មភាពសង្គមឲ្យបានពេញលេញ ហើយក៏រំពឹងថា នឹងមានការគាំទ្រពីរាជរដ្ឋាភិបាលពិសេសមន្ត្រីមូលដ្ឋាន។
លោកថា៖ «ដើម្បីចៀសវាងពីការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលថាពួកយើងធ្វើសកម្មភាពខុសច្បាប់ ពួកយើងក៏សម្រេចបង្កើតសមាគមនេះឡើងដើម្បីបង្ហាញថា សមាគមយើងគឺស្របច្បាប់ហើយធ្វើការងារអ្វីមួយគឺស្របតាមច្បាប់»។
លោក ជុំ ហួត ក៏បានបញ្ជាក់ដែរថា សមាគមនេះនឹងរួមចំណែកលើកកម្ពស់ការយល់ដឹងសិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌សង្គម និងការពារប្រព័ន្ធអេកូឡូស៊ីចាំបាច់របស់បរិស្ថាន និងបង្កើនការបារម្ភពីការបាត់បង់ធនធានធម្មជាតិ ដើម្បីបង្ហាញលទ្ធផលទៅរដ្ឋាភិបាលយកទៅអនុវត្តតាមនីតិវិធីសមស្រប។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកផ្នែកអង្គការ សមាគម បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា គិតមកទល់ពេលនេះគឺមានអង្គការ សមាគម ជិត ៦ ០០០ ស្ថាប័នហើយ ដែលក្រសួងចុះបញ្ជី និងផ្តល់សិទ្ធិពេញលេញស្របតាមច្បាប់ និងលក្ខន្តិកៈដែលបានកំណត់។
លោកបន្តថា ការទទួលស្គាល់សមាគមថ្មីនេះក៏មិនខុសគ្នានឹងសមាគម ឬអង្គការដទៃទៀតដែរ ព្រោះឲ្យតែក្រសួងមហាផ្ទៃពិនិត្យឃើញថា អ្វីដែលពួកគេបានបំពេញគឺស្របតាមច្បាប់ហើយគឺក្រសួងតែងតែអនុញ្ញាត។
លោកប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលើកឡើងពីម្សិលមិញថា បើមើលលើចំនួនអង្គការ និងសមាគមដែលបានចុះបញ្ជី គឺពិតជាមានច្រើន។ ប៉ុន្តែបើពិនិត្យពីសកម្មភាពជាក់ស្តែង និងគុណភាពនៃអង្គការសមាគមទាំងនោះ គឺឃើញថានៅមានចំនួនតិចតួចនៅឡើយ។
លោកថា៖ «ការផ្តល់សិទ្ធិសេរីភាព ឬក៏លំហូរសម្រាប់អង្គការសង្គមស៊ីវិលហ្នឹងក៏នៅមានកម្រិត...ហើយអាស្រ័យលើស្ថានភាពនយោបាយដែលកន្លងមក បើស្ថានភាពនយោបាយតានតឹងនោះសិទ្ធិសេរីភាពក៏មានការរឹតត្បិត សូម្បីតែថ្លែងសារ ឬការបញ្ចេញមតិអ្វីនោះក៏មានការឃាត់ឃាំងដែរ»។
លោក ប៉ា ច័ន្ទរឿន រំពឹងថាអង្គការសមាគមនឹងទទួលបានសិទ្ធិពេញលេញក្នុងការបំពេញសកម្មភាពរបស់ខ្លួន ព្រោះស្ថាប័នទាំងនេះគឺបានដើរតួនាទីសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ជាពិសេសសកម្មភាពរបស់ស្ថាប័នទាំងនេះក៏ត្រូវបានការពារដោយច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ។
ប៉ុន្តែលោក ប៊ុន ហុន បានបញ្ជាក់ថា៖ «ចំពោះសកម្មភាពជាក់ស្តែងគឺអាស្រ័យលើសមាគមនោះថា បានធ្វើត្រឹមត្រូវទេ។ បើគាត់ធ្វើមិនស្របច្បាប់ មិនស្របជាមួយលក្ខន្តិកៈដែលបានដាក់មកក្រសួងគឺនឹងមានវិធានការតាមហ្នឹង»៕