ភ្នំពេញ: ក្រសួងមហាផ្ទៃនឹងចេញសំបុត្រកំណើតប្រភេទថ្មីដល់កូនជនបរទេសបែបអន្តោប្រវេសន៍នៅកម្ពុជាក្រោយពីមន្រ្តីអត្រានុកូលដ្ឋានធ្លាប់ចេញសំបុត្រកំណើតដល់កូនពួកគេជាសញ្ជាតិកម្ពុជាតែម្តងអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ដែលបានថ្លែងនៅក្នុងសន្និបាតរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលបានរៀបចំកាលពីថ្ងៃទី ៣១ ខែមីនានៅទីស្តីការក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងថាលោកបានស្នើសុំរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ដើម្បីអនុញ្ញាតឲ្យចេញសំបុត្រកំណើតប្រភេទថ្មីដល់កូនជនបរទេសបែបអន្តោប្រវេសន៍ដែលកើតនៅកម្ពុជាដែលកន្លងមកមន្រ្តីអត្រានុកូលដ្ឋានមួយចំនួនធ្លាប់ចេញឲ្យដោយខុសច្បាប់ជាង ៣០ ឆ្នាំក្នុងការចេញសំបុត្រកំណើតជាសញ្ជាតិកម្ពុជាដល់កូនអន្តោប្រវេសន៍តាំងពីពួកគេចាប់កំណើត។
លោក សុខ ផល មានប្រសាសន៍ថា៖ «កន្លងមកជាង ៣០ ឆ្នាំមកអត់មានបែងចែកសំបុត្រកំណើតដល់កូនជនអន្តោប្រវេសន៍នោះទេ។ មេឃុំចេញសំបុត្រកំណើតដល់កូនពួកគេជាសញ្ជាតិកម្ពុជាអ៊ីចឹងពួកគេបានទទួលសញ្ជាតិតាំងពីកំណើតតែម្តងគឺវាខុសច្បាប់»។
លោកថ្លែងថាលិខិតបញ្ជាក់កំណើតថ្មីនឹងចេញដោយដាក់សញ្ជាតិកូនជនអន្តោប្រវេសន៍ជាសញ្ជាតិដើមរបស់ឪពុកម្តាយពួកគេសិនក្នុងឋានៈជាជនអន្តោប្រវេសន៍ដរាបណាពួកគេទទួលបានសិទ្ធិគ្រប់គ្រាន់ទើបកូនរបស់ពួកគេបានទទួលសញ្ជាតិកម្ពុជា។
នៅក្នុងពិធីបិទសន្និបាតក្នុងថ្ងៃដដែលនោះដែរលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថាគ្រប់ក្មេងដែលជាកូនជនអន្តោប្រវេសន៍មានសិទ្ធិទទួលបានការអប់រំ និងផ្តល់ការសិក្សាគ្រប់ក្មេងទាំងអស់ដែលមិនបែងចែកសញ្ជាតិនោះទេ។ លោក សុខ ផល បានបញ្ជាក់ក្រោយពីបញ្ចប់សន្និបាតថាលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានឯកភាពឲ្យធ្វើសំបុត្រកំណើតដល់កូនជនអន្តោប្រវេសន៍នឹងធ្វើឡើងនាពេលខាងមុខ។
របាយការណ៍ស្ដីពីសកម្មភាពការងាររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រចាំឆ្នាំ ២០១៦ និងទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ ២០១៧ សរសេរថា៖ «ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីនគរបាលអន្តោប្រវេសន៍បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់កិច្ចការគ្រប់គ្រងជនបរទេសដែលមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាសំដៅការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយសង្គម ដោះស្រាយត្រឹមត្រូវបញ្ហាជនអន្តោប្រវេសន៍ ជនភៀសខ្លួន ជនឆ្លងដែន តាមច្បាប់ព្រះរាជាណាចក្រកម្ពុជា និងលិខិតុបករណ៍អន្តរជាតិដែលពាក់ព័ន្ធ និងចូលរួមបង្ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សកម្មភាពចលាចល អស្ថិរភាពសង្គម»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានថ្លែងថា៖ «បញ្ហាពីរដែលអាចឲ្យមេឃុំចេញសំបុត្រកំណើតសញ្ជាតិខ្មែរដល់កូនជនអន្តោប្រវេសន៍គឺអាចមានករណីអន្តរាគមន៍ និងបញ្ហាពុករលួយហើយខ្ញុំមើលមិនឃើញថាដំណោះស្រាយចេញសំបុត្រកំណើតប្រភេទថ្មីអាចរកដំណោះស្រាយបញ្ហាដែលកើតមកជិត ៣០ ឆ្នាំមកហើយនោះ»។
លោក មាស លន់ ចៅសង្កាត់រងសង្កាត់ផ្សារឆ្នាំង ក្រុងខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាលោកមិនដឹងពីនីតិវិធីរបស់មេឃុំផ្សេងៗក្នុងការចេញសំបុត្រកំណើតដល់កូនជនអន្តោប្រវេសន៍ដោយរបៀបណានោះទេ។
លោកថ្លែងថា៖ «ខ្ញុំមិនដឹងថាឃុំផ្សេងគេចេញដោយរបៀបណានោះទេតែសម្រាប់ឃុំផ្សារឆ្នាំងគឺឃុំចេញត្រឹមលិខិតបញ្ជាក់ដល់ពួកគេបើវៀតណាមដាក់ថាវៀតណាម»។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថាចាប់តាំងពីឆ្នាំ ២០០២ មកមានជនបរទេសអន្តោប្រវេសន៍ចំនួន ១៩៤៣៧ គ្រួសារមនុស្សចំនួន ៧០០១២ នាក់មាន ២០ សញ្ជាតិក្នុងចំណោមនោះមានជនជាតិវៀតណាមមានចំនួន ១៩ ១៥៩ គ្រួសារស្មើនឹង ៦៩ ៤១៣ នាក់ និងបានធ្វើប្រកាសទទួលស្គាល់ជាជនអន្តោប្រវេសន៍ចំនួន ២៣២៩៥ និងប័ណ្ណស្នាក់នៅអាចិន្រៃ្តយ៍ចំនួន ៥៣៨៧ នាក់។
ក្នុងនោះក្នុងឆ្នាំ ២០១៦ អគ្គនាយកដ្ឋានបានឃាត់ខ្លួន និងបណ្តេញចេញជនបរទេសខុសច្បាប់សរុបចំនួន ២៩៩៨ នាក់មាន ៥០ សញ្ជាតិពីបទស្នាក់ និងធ្វើការខុសច្បាប់នៅកម្ពុជា៕