ព្រះសីហនុៈ ក្រសួង​មហាផ្ទៃ​គ្រោង​នឹង​បញ្ជូន​ជនជាតិ​ចិន​ប្រុស-ស្រី ​ចំនួន ​១២៨​ នាក់ ​ទៅ​កាន់​ប្រទេស ​ចិន ​វិញ ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃទី ​១៤​ ខែ ​សីហា ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនធឺណិត​។​​

លោក អ៊ី ​សុខឃី​ ប្រធាន​​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម ​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ប្រាប់​ពី​ម្សិលមិញ​ថា ជនជាតិ​ចិន​ទាំង​នោះ​ត្រូវ​បាន​ឃុំ​នៅ​ក្នុង​​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​​ ​ហើ​យ​​មន្ត្រី​ជំនាញ​កំពុង​សាកសួរ​ពួក​គេ។​

លោក ​សុខឃី​ បាន​ថ្លែង​ថា​៖​ ​«​ក្រុម​ជន​ទាំង​នេះ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ហើយ​ពេល​បំពេញ​នីតិវិធី​ចប់​ចុង​ក្រោយ ​សមត្ថកិច្ច​នឹង​បញ្ជូន​ចេញ​ពី​ប្រទេស ​កម្ពុជា ​ហើយ​»​​។

លោក​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល ​ខេត្ត​ព្រះសីហនុ ​បាន​ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា​ ក្នុង​ប្រតិបត្តិការ​ចាប់​ខ្លួន​ក្រុម​ជន​សង្ស័យ​ប្រុស​-​ស្រី ​ជា​ជនជាតិ​ចិន​នោះ​ គឺ​ខាង​អគ្គនាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​មហាផ្ទៃ​ជា​អ្នក​អនុវត្ត​ផ្ទាល់ ​ហើយ​បាន​សហការ​ជា​មួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​ និង​មាន​ការ​សម្របសម្រួល​ផ្លូវ​ច្បាប់​ពី​ខាង​អយ្យការ​អម​សាលា​​ដំបូង​ខេត្ត​ព្រះសីហនុ​រួម​នឹង​នគរបាល​នៃ​ប្រទេស ​ចិន ​ផង។​​

លោក​បន្ត​ថា ​ក្នុង​ប្រតិបត្តិការ​ចាប់​ក្រុម​ជន​សង្ស័យ​នេះ​ សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​នៅ ​២ ​ទីតាំង​ ដែល​ទីតាំង​ទី​១​ ​នៅ​អគារ ​៥ ​ជាន់ ​ស្ថិត​ក្នុង​ក្រុម ​២៦​ ភូមិ ​២​ សង្កាត់​ ​៣ ​និង​នៅ​​ទីតាំង​ទី២​ នៅ​ផ្ទះ​សំណាក់​រ៉ូយ៉ាល់​ព្រីនសេស​ក្នុង​ក្រុម ​៤​ ភូមិ ​៣ ​សង្កាត់ ​២​ ក្រុង​ព្រះសីហនុ​ សរុប​មាន​ចំនួន ​១២៨ ​នាក់​ ហើយ​ពាក់ព័ន្ធ​នឹង​ក្រុម​​ជន​សង្ស័យ​លោក​ថា ​មិន​បាន​ដឹង​លម្អិត​ទេ ​ព្រោះ​កម្លាំង​សមត្ថកិច្ច​របស់​លោក​គ្រាន់​តែ​សហការ​​ក្នុង​នាម​ជា​ម្ចាស់​ដែនដី​ប៉ុណ្ណោះ។

លោក ​ណារិន្ទ​ ​ថ្លែង​ថា​​ ក្រោយ​ចាប់​ខ្លួន​ គឺ​សមត្ថកិច្ច​ខេត្ត​បាន​បញ្ជូន​បន្ត​ទៅ​ក្រសួង​មហាផ្ទៃ​​ទាំង​យប់​ ​កាល​ពី​ថ្ងៃទី ​១៤ ​សីហា ​បន្ទាប់​ពី​សមត្ថកិច្ច​​ចាប់​ខ្លួន​បាន​ប៉ុន្មាន​ម៉ោង​។​ ក្រុម​ជន​សង្ស័យ​មាន​ចំនួន​សរុប​ទាំង​អស់ ​១២៨ ​នាក់ ​ដែល​ក្នុង​នោះ​មាន​មនុស្ស​ស្រី​​ជាង ​១០ ​នាក់​។

លោក​បញ្ជាក់​ប្រាប់​ថា​​៖ ​«​ខ្ញុំ​គិត​ថា​ ពួក​គេ​មិន​ដឹង​ថា​ពាក់ព័ន្ធ​នឹង​បទល្មើស​អី​ទេ​។​ ប៉ុន្តែ​យើង​ក្នុង​នាម​ជា​អាជ្ញាធរ ​យើង​រួម​សហការ​ក្នុង​ប្រតិបត្តិការ​នេះ​។ ​ចំពោះ​មនុស្ស​ទាំង​អស់​នេះ ​សុទ្ធ​តែ​ចាប់​តាម​ដី​កា ​របស់​នគរបាល​ដែល​ជា​ភាគី​ជា​មិត្ត​ចិន​​»​​។​

ពាក់ព័ន្ធ​បទល្មើស​ឆបោក​​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនធឺណិត​នេះ​ដែរ​ កាល​ពី​ខែ​ ធ្នូ ​ ឆ្នាំ ២០១៨​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួង​មហាផ្ទៃ​ក៏​បាន​បណ្តេញ​​ជនជាតិ​ចិន​ចំនួន ​២៣៥ ​នាក់ ​ក្នុង​នោះ​ស្រី ​៣៥ ​នាក់​ចេញ​ពី​កម្ពុជា​ទៅ​ប្រទេស ​ចិន វិញ​ដែរ​ ក្រោយ​មាន​ការ​បង្ក្រាប​ពាក់ព័ន្ធ​ករណី​​ឆបោក ​គំរាម ​និង​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​(VOIP)​ នេះ​ដែរ​។

លោកស្រី​ ជៀប​ ​សុធារី​ មន្រ្តី​សម្របសម្រួល​នៃ​សមាគម​អាដហុក​ ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ ​បាន​ឲ្យ​ដឹង​កាល​​ពី​ម្សិលមិញ​ថា ​ករណី​ឆបោក​​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​ គឺ​​ក្រុម​ជន​ល្មើស​ឆបោក​តែ​ជា​​មួយ​ជនជាតិ​ចិន​គ្នា​គេ​ទេ ​ហើយ​អ្នក​ដែល​​រក​ឃើញ​ថា​កើត​មាន​បទល្មើស​នេះ​ គឺ​​ខាង​សមត្ថកិច្ច​របស់​ប្រទេស ​ចិន ​ទេ ​ហើយ​គេ​មក​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា​​។​ ប៉ុន្តែ​ទោះ​យ៉ាង​​ណា​ក៏​មាន​​ផល​ប៉ះពាល់​​ដល់​សន្តិសុខ​​សង្គម​កម្ពុជា​ខ្លះ​ដែរ​។​

លោកស្រី​ថ្លែង​​ថា​៖​ ​«​​ពី​មុន​ដំបូង​ពេល​ដឹង​ថា​ សមត្ថកិច្ច​ចាប់​ជនជាតិ​ចិន​​រឿង​ឆបោក​ជំរិត​ទារ​ប្រាក់​នេះ​ យើង​មាន​ការ​ភ្ញាក់​ផ្អើល​ដែរ​ តែ​ឥឡូវ​​នេះ​​យើង​លែង​ភ្ញាក់​ផ្អើល​ដូច​​មុន​ទៀត​ហើយ ​ព្រោះ​​វា​កើត​ឡើង​ញឹកញាប់​ពេក​»៕