ក្រសួង​មហាផ្ទៃ ​សម្រេច​បង្កើត​ភូមិ​ថ្មី​ចំនួន​ ៣៧ ​ស្ថិត​ក្នុង​ឃុំ-សង្កាត់​ចំនួន ១៧ ​នៃ​ស្រុក-ក្រុង​ចំនួន ៥ ​ក្នុង​ខេត្ត​ក្រចេះ ​តាម​សំ​ណើ​របស់​ខេត្តនេះ ​និង​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការគ្រប់គ្រង​រដ្ឋបាលរ​បស់​អាជ្ញាធរ​មូលដ្ឋាន ​ព្រមទាំង​ការអភិវឌ្ឍ​នៅ​តំបន់​ដាច់​ស្រ​យាល។

បើ​តាម​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ​ចុះ​ថ្ងៃទី ៩ ​ខែ មីនា ​ឆ្នាំ ២០២១ ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ស ខេង ​ឧប​នាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​ការបង្កើត​ភូមិ​ថ្មី​នេះ ​គឺ​ផ្អែក​លើ​សំណើ​របស់​រដ្ឋបាលខេត្ត​នេះ។

ប្រកាស​ដដែល​បានបញ្ជាក់ថា​៖ «ការរៀបចំ​រចនាសម្ព័ន្ធ ​និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ភូមិ​បង្កើត​ថ្មី​ដូច​មានចែង​ក្នុង​ប្រកាស​នេះ​ ត្រូវ​អនុលោម​ទៅតាម​សេចក្តីណែនាំ ​ឆ្នាំ ២០០៦ ​របស់​ក្រសួង​មហាផ្ទៃ ​ស្តីពី​បែបបទ ​នីតិវិធី​នៃ​ការជ្រើសរើស​មេភូមិ ​ការចូល​កាន់​តំណែង ​ការផ្លាស់ប្តូរ​មេភូមិ ​ការតែងតាំង​ជំនួយការ​មេភូមិ ​និង​តួនាទី ​ភារកិច្ច ​របៀបរបប​ធ្វើ​ការងារ​របស់​មេ​ភូមិ»។

តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​មុខងារ​សាធារណៈ ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ​មកទល់​បច្ចុប្បន្ន ​ខេត្ត​ក្រចេះ ​មាន​ស្រុក​-ក្រុង​ចំនួន ​៦ ​ឃុំ-សង្កាត់ ​ចំនួន​ ៤៧ ​និង​ភូមិ​ចំនួន​ ២៥៨។ ​ក្នុង​ចំណោម​ភូមិ​ទាំងអស់​នេះ​ មាន​ឧបសម្ព័ន្ធ​ជា​រចនាសម្ព័ន្ធ ​គ្រប់គ្រង​រដ្ឋបាល​បណ្ដោះ​អាសន្ន ​ឬ​ហៅថា ​ភូមិ​ឧបសម្ព័ន្ធ​ចំនួន​ ១២។

ក្រសួង​នេះ​បញ្ជាក់ថា​៖ «ក្នុងភូមិ​សាស្ត្រ ​ភូមិ​ឧបសម្ព័ន្ធ​ទាំងអស់​នោះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ ២២ ៦២០ គ្រួសារ។ ចំនួន​មនុស្ស​ ៨៧ ០៧៦ នាក់ ​ហើយ​អ្នក​ដែលមាន​អាយុ​ចាប់ពី​ ១៨ ឆ្នាំ​ឡើង ​មាន​ចំនួន​ ៤៦ ៨៣៥ នាក់ ​និង​បានចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន​ ៣២ ៦៣៨ នាក់»។

តាម​ទំព័រ​ហ្វេស​ប៊ុក​ដដែល​បញ្ជាក់ថា ​ការសម្រេច​បង្កើត​ភូមិ​ថ្មី​ជា​ផ្លូវការ​ជំនួស​ឲ្យ​ភូមិ​ឧបសម្ព័ន្ធ​បណ្ដោះអាសន្ន ​មិន​ត្រឹមតែ​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការគ្រប់គ្រង​រដ្ឋបាល​របស់​អាជ្ញាធរ​មូលដ្ឋាន​ខេត្តក្រចេះ​ប៉ុណ្ណោះ​ទេ។

ប៉ុន្តែ​ថែមទាំង​បាន​បង្ក​លទ្ធភាព ​ធំធេង​សម្រាប់​ការអភិវឌ្ឍ​មូលដ្ឋាន​នៅ​តំបន់​ដាច់​ស្រយាល​នេះ​ទៀត​ផង ​ខណៈ​ភូមិ​ឧបសម្ព័ន្ធ​ដែល​នៅ​សេស​សល់​ចំនួន​ ៨០ ទៀត​ នឹង​បានប្រែក្លាយ​ទៅជា​ភូមិ​ថ្មី​ជា​ផ្លូវការ​បន្ថែមទៀត​ក្នុងពេល​ដ៏​ខ្លី​ខាង​មុខ។

លោក ​វ៉ា ថន ​អភិបាលខេត្ត​ក្រចេះ ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ​តាម​សំណើ​របស់​រដ្ឋបាលខេត្ត​ គឺ​បានស្នើ​បង្កើត​ភូមិ​ថ្មី​ជាង​ ៨០ ភូមិ ​ព្រោះ​តំបន់​ទាំង​នោះ ​មាន​មនុស្ស​រស់នៅ​ច្រើន​ ដែល​តម្រូវ​ឲ្យ​មាន​រដ្ឋបាល​មួយ​គ្រប់គ្រង ​សម្រាប់​ផ្តល់​ភាព​ជិតស្និទ្ធ​និង​ងាយស្រួល​ដល់​ពលរដ្ឋ។ ប៉ុន្តែ​ដោយ​តាម​គោល​ការណ៍​នៃការ​បង្កើត​ភូមិនិង​តម្រូវការ​ជាក់ស្តែង ​គឺ​ការបង្កើត​នេះ​បាន​ជ្រើស​រើស​ភូមិ​ដែល​មាន​អាទិ​ភាព​មុន ​ព្រោះ​បច្ចុប្បន្ន​ ភូមិ​ថ្មី​ទាំងនេះ ​មាន​មនុស្ស​មក​តាំង​ទីលំនៅ​ជាក់ស្តែង​ច្រើន។

លោក​បញ្ជាក់ថា​៖ «ភូមិ​ថ្មី​ទាំងនេះ​ មិនទាន់​បានរៀបចំ​រចនា​សម្ព័ន្ធ​អ្វី​ទេ ​គ្រាន់តែ​បាន​ចាត់តាំង​អនុ​ភូមិ​ ឬ​សមាជិក​ម្នាក់​ទៅ​គ្រប់​គ្រង។ ឧទាហរណ៍​គាត់​នៅក្នុង​ភូមិ​ផ្សេង​ យើង​ឲ្យ​គាត់​ដែល​នៅក្បែរ​ភូមិ​ថ្មី​នោះ​ទៅ​ដឹកនាំ​បណ្តោះ​អាសន្ន​សិន ​ហើយ​នៅ​ពេល​បង្កើត​ក្រុមប្រឹក្សា​បាន​ហើយ ​យើង​ប្រគល់​សិទ្ធិឲ្យ​បោះឆ្នោត​ជ្រើសរើស​តាម​ការគ្រប់​គ្រង​រដ្ឋបាល​ភូមិ​សង្កាត់។ យើង​ឲ្យ​គាត់​ជ្រើស​ដោយ​ខ្លួន​គាត់​ទេ។ ក្នុង​នាម​ខេត្ត ​យើង​គ្រាន់តែ​បង្កើត​ជូន​គាត់​ទេ»។

លោក​លើកឡើង​ថា ​ការបង្កើន​ភូមិ​បន្ថែម​ទៀត​ បង្ហាញ​ពី​តម្រូវការ​កាន់តែ​ច្រើន ​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​ការផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ៕