ភ្នំពេញ៖ ក្រសួង​មហាផ្ទៃ​កាល​ពី​ម្សិលមិញ​បាន​បើក​កិច្ច​ប្រជុំ​រវាង​ថ្នាក់​ដឹកនាំ​ និង​អង្គភាព​ពាក់ព័ន្ធ​នៃ​ក្រសួង​នេះ ដើម្បី​ស្វែងរក​វិធីសាស្រ្ត​ក្នុង​ការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​រត់​ពន្ធ​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់ និង​ករណី​លួច​លាក់​នាំ​ជន​បរទេស​ចេញ​ពី​ភូមិសាស្ត្រ​បិទ​ខ្ទប់​ក្នុង​អំឡុង​ពេល​រាជរដ្ឋាភិបាល​ដាក់​បម្រាម​ហាម​ធ្វើ​ដំណើរ​ឆ្លង​ដែន។

កិច្ច​ប្រជុំ​នេះ ធ្វើ​ឡើង​តាមរយៈ​ប្រព័ន្ធ​អនឡាញ​ដឹកនាំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ និង​អង្គភាព​ចំណុះ​ក្រសួង​មហាផ្ទៃ​ដូចជា រដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គស្នងការ​នគរបាលជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួង​នេះ ព្រម​ទាំង​មន្រ្តី​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត។

លោក ប៉ោ ភក្តិ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​នេះ​ថា កិច្ច​ប្រជុំ​នេះ គឺ​ដើម្បី​ស្វែងរក​វិធីសាស្រ្ត​ក្នុង​ការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​រត់​ពន្ធ​មនុស្ស​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ១៩។

លោក​បាន​បន្ត​ថា៖ «ការ​ពិភាក្សា គឺ​យើង​និយាយ​ជា​រួម គឺ​ការ​នាំ​មនុស្ស​ឆ្លងដែន​ក្នុង​អំឡុង​ពេល​រីក​រាលដាល​ជំងឺ​កូវីដ ១៩។ តែ​មែនទែន​ទៅ​យើង​ផ្តោត​សំខាន់​លើ​ការ​រត់​ពន្ធ​មនុស្ស​ឆ្លង​កាត់​ព្រំដែន (ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ)»។

បន្ថែម​ពី​នេះ លោក ប៉ោ ភក្តិ បាន​អះអាង​ថា ជា​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ក្រសួង​មហាផ្ទៃ នឹង​រៀបចំ​ឯកសារ​មួយ​ទាក់ទង​នឹង​ការ​ណែនាំ​រួម ជាពិសេស​ទៅ​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តាម​ព្រំដែន ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្រ្កាប​សកម្មភាព​ល្មើស​ទាំង​នេះ ស្រប​ពេល​ក្រសួង​មើល​ឃើញ​ថា សកម្មភាពល្មើស នៅ​តែ​បន្ត​កើត​មាន​ឥត​ឈប់ឈរ។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​គ្រាន់​តែ​អាច​ជម្រាប​ជូន​ថា ក្នុង​រយៈកាល​នេះ មាន​សកម្មភាព​ដែល​យើង​ទទួល​បាន​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការ​ឆ្លង​ដែន​នេះ។ ដោយសារ​តែ​មូលហេតុ​នេះ​ហើយ បាន​ជា​យើង​មាន​ការ​រៀបចំ​កិច្ច​ប្រជុំ​នេះ ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្រ្កាប»។

បើ​តាម លោក ប៉ោ ភក្តិ យ៉ាងយូរ​ក្នុង​សប្តាហ៍​នេះ ក្រសួង​មហាផ្ទៃ​នឹង​ប្រកាស​ឲ្យ​អនុវត្ត​ជា​ផ្លូវ​ការ​នូវ​សេចក្តី​ណែនាំ​នេះ​តាម​ស្មារតី​នៃ​កិច្ច​ប្រជុំ​ក្រោយ​ទទួល​បាន​យល់ព្រម​ពី​រដ្ឋមន្ត្រី​មហាផ្ទៃ លោក ស ខេង៕