ភ្នំពេញៈ ក្រសួងមហាផ្ទៃបានប្រកាសជ្រើសរើសបេក្ខជនជាសិស្ស និងនិសិ្សតចំនួន ២៣២ នាក់ ឲ្យចូលបម្រើការងារ នៅក្នុងក្របខ័ណ្ឌមន្ដ្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ ២០១៩ ដើម្បីឲ្យទៅបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលថ្នាក់ជាតិ ជំនួយឲ្យកន្លែងខ្វះខាតដែលមន្ត្រីបានចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ បោះបង់ចោលការងារនិងមរណភាព។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថាសម្រាប់បេក្ខជនក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់និងក្របខ័ណ្ឌមន្ត្រីក្រមការ មានមណ្ឌលប្រឡងនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម សៀមរាប បាត់ដំបង កំពត និងក្រចេះ។ រីឯក្របខ័ណ្ឌលេខាធិការរដ្ឋបាលមានមណ្ឌលប្រឡងនៅ សាលារាជធានីភ្នំពេញ សាលាខណ្ឌកំបូល សាលាខណ្ឌបឹងកេងកង សាលាខេត្តព្រះសីហនុ សាលាក្រុងកោះរ៉ុង សាលាខេត្តពោធិ៍សាត់ សាលាស្រុកតាលោសែនជ័យ សាលាខេត្តកំពង់ធំ សាលាស្រុកតាំងគោក សាលាខេត្តកណ្ដាល សាលាខេត្តសៀមរាប សាលាខេត្តព្រៃវែង សាលាខេត្តបាត់ដំបង សាលាខេត្តបន្ទាយមានជ័យ សាលាខេត្តកំពង់ចាម សាលាខេត្តឧត្តរមានជ័យ សាលាខេត្តកំពង់ស្ពឺ សាលាខេត្តត្បូងឃ្មុំ សាលាខេត្តតាកែវ សាលាខេត្តស្វាយរៀង សាលាខេត្តកំពត និងសាលាខេត្តក្រចេះ។
កាលបរិច្ឆេទទទួលពាក្យប្រឡងចាប់ពីថ្ងៃទី ៣០ ខែ សីហា និងកាលបរិច្ឆេទប្រឡងនឹងធ្វើនៅថ្ងៃទី ២២ ខែកញ្ញាខាងមុខនេះ។ បេក្ខជនដែលមានបំណងចូលបម្រើការងារនៅសាលារាជធានី-ខេត្ត សាលាក្រុង ស្រុក ខណ្ឌ និងសាលាឃុំសង្កាត់ ត្រូវទៅដាក់ពាក្យសុំចុះឈ្មោះនៅតាមសាលារាជធានីភ្នំពេញ និងសាលាខេត្តសាមីនៅរៀងរាល់ម៉ោងធ្វើការ។
លោក ប្រាក់ សំអឿន អគ្គនាយក និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងបានឲ្យដឹងថា បេក្ខជនទាំងអស់ធ្វើការប្រឡងសម្រាប់ជំនួសមន្ត្រីដែលត្រូវចូលនិវត្តន៍ សម្រាប់កន្លែងរដ្ឋបាលថ្មី និងស្ថាប័នថ្មីមួយចំនួន។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា តាមគោលការណ៍ក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានដាក់ចេញឲ្យប្រឡងជ្រើសរើសអ្នកដែលមានចំណេះដឹង និងចេះប្រើប្រាស់បច្ចេកវិទ្យាទំនើប។
លោកបានបញ្ជាក់ថា៖ «ពីព្រោះយើងឥឡូវបាន និងកំពុងអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលសម័យបច្ចេកវិទ្យា។ឥឡូវយើងប្រើ online ទាំងអស់ហើយ»។
លោក ប៉ិច ពិសី នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជាបានស្នើសុំឲ្យគណៈកម្មការប្រឡងតាមគ្រប់ស្ថាប័នរបស់រដ្ឋទាំងអស់ប្រព្រឹត្តទៅដោយឯករាជភាព តម្លាភាព ហើយការជ្រើសបេក្ខជនទាំងអស់ត្រូវពឹងផ្អែកលើសមត្ថភាព បទពិសោធ និងបច្ចេកទេសរបស់បេក្ខជនជាមួយនឹងគោលការណ៍ច្បាស់លាស់ក្នុងការប្រឡង ហើយគណៈកម្មការត្រូវទប់ស្កាត់រាល់អំពើពុករលួយ ការសូកប៉ាន់គ្រប់រូបភាព ដូចជាគ្រួសារ និងបក្ខពួកនិយម។
លោកបានបញ្ជាក់ថា៖ «យើងឃើញបទពិសោធដែលកន្លង យើងឃើញមានបញ្ហាមិនប្រក្រត្រីមួយចំនួនពាក់ព័ន្ធនឹងការប្រឡងដូចជា មានបេក្ខជនប្រឡងមានការរអ៊ូរទាំថាទាល់តែមានការជូនលុយមួយចំនួនដល់គណៈកម្មការ ឬក៏ដូចជាអ្នកទទួលបន្ទុកប្រឡងទើបខ្លួនបានជាប់»។
លោក ប្រាក់ សំអឿន បដិសេធការលើកឡើងដែលថាមានអំពើពុកលួយឬការសូកប៉ាន់ ដោយលោកបានអះអាងថា ដោយសារតែក្រសួងមានគណៈកម្មការគ្រប់គ្រងការប្រឡង ទាំងការរៀបចំវិញ្ញាសា ទាំងការសម្រេចផ្សេងៗ សុទ្ធតែមានគណៈកម្មការគ្រប់គ្រង ហើយគេមានគោលការណ៍របស់គេច្បាស់លាស់។
លោកថា៖ «យើងមានយន្តការត្រឹមត្រូវហើយ ដូចជាមិនធ្លាប់មានបណ្តឹងអ្វីពាក់ព័ន្ធការរៀបចំនាពេលកន្លងមកទេ»៕