ភ្នំពេញៈ ក្រសួង​មហា​ផ្ទៃ​ស្នើ​ឲ្យ​លោក រៀល ខេមរិន្ទ្រ​ ដូរ​ឈ្មោះ​គណបក្ស​ចេញ​ ពី​ឈ្មោះ «ចក្រ​ភព​ខ្មែរ» ដែល​លោកបាន​ស្នើសុំ​បង្កើត ​ដោយសារ​ថា​ ឈ្មោះ​នេះ​ជា​អតីត​ឈ្មោះ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ កម្ពុជា។

ការ​ជូន​ដំណឹង​របស់​ក្រសួង​មហា​ផ្ទៃ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ មួយ​សប្ដាហ៍​ក្រោយ​ពេល​លោក រៀល​ ខេមរិន្ទ្រ​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​បង្កើត​គណបក្ស​ ដែល​មានឈ្មោះ «ចក្រភពខ្មែរ» ​កាល​ពី​ថ្ងៃទី​ ១៨​ ខែ មីនា ​ជា​ថ្ងៃ​ដែល​លោក​ទទួល​បាន​ការ​ផ្តល់​នីតិសម្បទា​នយោបាយ​ឡើង​វិញ ​ក្រោយពី​ត្រូវបាន​ដកហូត​សិទ្ធិ​នយោបាយ​ កាលពី​ឆ្នាំ ២០១៧ ​បន្ទាប់ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​របស់​លោក​​​​​ត្រូវបាន​រំលាយ។

យោង​តាម​លិខិត​ផ្ញើទៅ​លោក ​រៀល ខេមរិន្ទ្រ ​កាលពី​ថ្ងៃទី ២៦ ​ខែ មីនា​ ចុះហត្ថ​លេខា ​ដោយ​ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ស​ ខេង ​បានប្រាប់​លោក​ ខេមរិន្ទ្រ ថា​៖ «ផ្អែកតាម​បទ​ប្បញ្ញត្តិ ​មាត្រា ២​ និង​មាត្រា​ ១១ ថ្មី ​នៃ​ច្បាប់​ស្តីពី​គណ​បក្ស​នយោ​បាយ​ ក្រសួង​មហាផ្ទៃ ​ស្នើឲ្យ​តំណាង​ស្ថាបនិក​គណបក្ស​ ធ្វើការ​ផ្លាស់​ប្តូរ​ឈ្មោះ​​គណ​បក្ស​ដែល​ស្នើប​ង្កើត ​ដោយ​សារ​ឈ្មោះ​ ចក្រភព​ខ្មែរ ​គឺជា​អតីត​ឈ្មោះ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ កម្ពុជា»។

លោក​ រៀល ខេមរិន្ទ្រ​ គឺ​ជា​អតីត​តំណាង​រាស្ត្រ​មណ្ឌល​ស្វាយ​រៀង​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ដែលជា​បក្សប្រឆាំង និង​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​ ១១៨​ ត្រូវ​បាន​ហាម​ឃាត់​ធ្វើ​នយោបាយ​ ក្រោយពេល​អតីត​បក្ស​ប្រឆាំង​មួយនេះ​ត្រូវ​បាន​រំលាយ​។ លោក​បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ កាល​ពី​សប្ដាហ៍​មុន ​ក្រោយ​ពេល​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ។

ទាក់​ទង​កាល​ពី​ម្សិល​មិញ លោក​បានថ្លែង​ថា​ លោក​នឹង​រក​ឈ្មោះ​ផ្សេង​ដើម្បី​ប្ដូរ​តាម​ការ​ស្នើ​របស់​ក្រសួង​មហា​ផ្ទៃ។ លោក​ថ្លែង​ថា​ គណបក្ស​របស់​លោក​កើត​ចេញ​ពី​ការ​ចូលរួម​នៃ​មនុស្ស​ប្រមាណ​ ២០០​ នាក់​ ដោយ​លើស​ពី​តម្រូវ​ការ​របស់​ក្រសួង​ដែល​តម្រូវ​ឲ្យ​មានស្ថាបនិក​តែ ​៨០ ​នាក់ ​ប៉ុណ្ណោះ​ក្នុង​ការ​ស្នើ​សុំ​បង្កើត​បក្ស​មួយ។

ជំហាន​បន្ទាប់​ លោក​នឹង​ប្រមូល​ស្នាម​មេដៃ​ឲ្យ​បាន​ ៤ ពាន់​នាក់​ដើម្បី​ដាក់​ជូន​ក្រសួង​មហា​ផ្ទៃ ​ហើយ​ចុះ​ឈ្មោះ​ដើម្បី​ប្រកួត ប្រជែង ​ដោយ​ដំណាក់​កាល​នេះ​មាន​រយៈ​​ពេល​ ៦​ ខែ ដើម្បីរកសំឡេងឲ្យបាន​គ្រប់​ក្នុងការ​បង្កើត​បក្ស​នេះ។

លោក​ថ្លែង​ថា ​គណបក្ស​របស់​លោក​ឈរ​លើ​បាវចនា​ ៣ ​«គឺ​គុណធម៌ ​សច្ចធម៌​ និង​យុត្តិធម៌»។

លោក​បញ្ជាក់ពី​ទិស​ដៅ​នយោបាយ​របស់​គណបក្ស​នេះ​ថា៖​ «​គោល​នយោបាយ​គណបក្ស​ ដែល​ខ្ញុំ​ដឹក​នាំ​ គឺ​យើង​ធ្វើ​យ៉ាង​ណា​គឺ​ខ្មែរ​តែ​មួយ។ ខ្មែរ​ក្រោម​ ខ្មែរ​លើ​ ខ្មែរ​កណ្ដាល​ជា​​ខ្មែរ​តែ​មួយ ​ហើយ​យើង​យល់​ សាមគ្គីភាព​​ជា​មួយ​គ្នា​ ដោយ​មិន​ប្រកាន់​និន្នា​ការ​នយោ​បាយ​ណា​ទេ ​អ្នក​មិន​ចូលរួម​ជាមួយ​​យើង​ក៏​ជា​ខ្មែរ ​យើង​មិន​ខឹង ​យើង​អត់​លាបពណ៌​គេ។ គណបក្ស​ខ្ញុំ​ គឺ​យើង​មិន​វាយ​ប្រហារ​គណបក្ស​ណាទេ ​តូច​ក៏​ដោយ​ធំក៏​ដោយ​ គណបក្ស​កាន់​អំណាច​ក៏​ដោយ ​យើង​ជា​ខ្មែរ​ដូច​គ្នា ​បម្រើ​ជាតិ​ដូចគ្នា»។

លោក​ថ្លែង​បន្ត​ថា​៖ «អ្នក​ណា​ដែល​ធ្វើខុស អ្នក​ណា​ធ្វើ​ត្រូវ​គឺ​ជា​សមត្ថភាព​ប្រាប់​ប្រជាពលរដ្ឋ​ថា​គេ​មាន​សមត្ថភាព​ប៉ុន​ណា​ដើម្បី​បម្រើ​រាស្ត្រ​។ យើង​គិត​តែ​លើ​បក្ស​​ដែល​យើង​បង្កើត។ យើង​យក​គោល​ការណ៍​របស់​យើង​ទៅ​បម្រើ​ប្រជារាស្ត្រ​ទៅ​យក​ចិត្ត​ប្រជារាស្ត្រ​ដើម្បី​ឲ្យ​គាត់​ពិចារណា​ថា​ តើ​អ្នកណា​ជា​អ្នកបម្រើ​របស់​គាត់​ដោយ​ស្មោះ​ត្រង់?»។

លោក​និយាយថា​ លោក​នឹង​ព្យាយាម​ដណ្ដើម​យក​បេះ​ដូង​ប្រជារាស្ត្រ។នៅពេល​សួរ​ថា​ តើ​លោក​នឹង​វិល​ត្រឡប់​ទៅ​ចូល​រួម​ជាមួយ​អតីត​គណ​បក្ស​របស់​លោក​ឬ​ទេ​ ប្រសិន​បើ​បក្ស​នោះ​រស់​ឡើង​វិញ ឬ​មួយ​មេដឹកនាំ​រួម​គ្នា​បង្កើត​បក្ស​ថ្មី​មួយនោះ លោក​ថ្លែង​ថា លោក​មិន​វិល​ត្រឡប់​ទៅវិញ​ទេ ប៉ុន្តែ​ នឹង​ធ្វើ​ជា​គូ​ប្រកួត​ប្រជែង​តាម​បែប​ប្រជាធិប​តេយ្យ។

ប៉ុន្តែ​លោក​និយាយ​ថា​៖ «ប្រសិន​ជា​ថ្ងៃ​ណា​មួយ​អ្នក​ប្រជា​ធិបតេយ្យ​គេ​រួប​រួម​គ្នា ហើយ​ត្រូវ​ការ​យើង​ឲ្យ​រួប​រួមដែរ យើង​រួបរួម​ព្រោះ​យើង​ជា​ជាតិ​តែ​មួយ យើង​ប្រជាធិប​តេយ្យ​តែ​មួយ»។

លោក ​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​នយោបាយ​​ថ្លែង​ថា​នៅពេល​នេះ​គេ​មិន​ទាន់​អាច​​វិភាគ​ថា​ តើ​គណបក្ស​របស់​លោក​ រៀល ខេមរិន្ទ្រ​ នឹង​ទៅ​ជា​យ៉ាង​ណា​ទេ​មាន​​តែ​រង់​ចាំ​មើល​សិន​ថា​ បក្ស​នេះ​មាន​ទស្សន​វិស័យយ៉ាង​ណា​សម្រាប់​ប្រទេស​ជាតិ ​ហើយ​បក្ស​នេះ​អាច​ធ្វើ​បាន​ប៉ុនណា។

លោកឈឹម កាន​ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋានរដ្ឋបាលក្រសួង​មហាផ្ទៃ​ទទួលប​ន្ទុក​កិច្ចការ​សមាគម ​និង​គណបក្ស​នយោបាយ ឲ្យដឹង​ថា គណ​បក្ស​នយោបាយ​ដែល​បាន​ចុះប​ញ្ជី​មាន​ចំនួន​​ ៤២ ​ប​ក្ស។ ឯបក្ស​ដែល​កំពុង​ដំណើរការ​បង្កើត​មាន​ចំនួន ៣ គណបក្ស៕