ភ្នំពេញៈ ក្រសួងមហាផ្ទៃបានពន្យល់ទៅអ្នករាយការណ៍ពិសេស ២ រូបរបស់អង្គការសហប្រជាជាតិថា ការណែនាំ និងវិធានការជាច្រើនត្រូវបានដាក់ចេញ និងអនុវត្តនៅតាមពន្ធនាគារទូទាំងប្រទេសក្នុងពេលដែលជំងឺកូវីដ-១៩រាតត្បាតនៅទូទាំងពិភពលោកដែលកិច្ចការទាំងនេះធ្វើឡើងដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។
លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា និងលោកស្រី Tlaleng Mofokeng អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សគ្រប់រូបក្នុងការទទួលបាននូវសុខភាពផ្លូវកាយ និងផ្លូវចិត្ត ក្នុងកម្រិតស្តង់ដាមួយខ្ពស់បំផុតដែលអាចធ្វើបានកាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២០ បានសរសេរលិខិតមួយមករដ្ឋាភិបាលកម្ពុជា តាមរយៈយន្តការនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
លិខិតបានស្នើសុំការពន្យល់របស់រដ្ឋាភិបាលកម្ពុជាអំពីវិធានការដែលដាក់ចេញនៅតាមពន្ធនាគារ បន្ទាប់ពីមានព្រឹត្តិការណ៍ឆ្លងកូវីដ១៩នៅក្នុងសហគមន៍ទ្រង់ទ្រាយតូច ២៨ វិច្ឆិកា។ អ្នករាយការណ៍ពិសេសថ្លែងថា ភាពចង្អៀតណែននៅតាមពន្ធនាគារនៅកម្ពុជាគឺជាហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។
លិខិតរបស់អ្នករាយការណ៍ពិសេសសរសេរថា៖ «យើងមានការបារម្ភអំពីហានិភ័យដែលថា បើសិនជាមានករណីកូវីដ១៩នៅក្នុងពន្ធនាគារ វានឹងឆ្លងយ៉ាងលឿន និងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ការបង្ការទប់ស្កាត់ការឆ្លងកូវីដ១៩នៅពន្ធនាគារគឺជាបញ្ហាសុខភាពសាធារណៈ ហើយវាជាប្រយោជន៍មិនមែនសម្រាប់តែអ្នកដែលបាត់បង់សេរីភាពប៉ុណ្ណោះទេ វាក៏ជាប្រយោជន៍សម្រាប់បុគ្គលិកនៅពន្ធនាគារ និងសាធារណជន»។
អ្នករាយការណ៍ពិសេសទាំង ២ បានស្នើឱ្យរដ្ឋាភិបាល ផ្ដល់ព័ត៌មានអំពីវិធានការដែលបានដាក់ចេញ និងអនុវត្ត ដែលធានាបានថា រាល់អ្នកជាប់ឃុំទាំងអស់ នៅក្នុងពន្ធនាគារដែលចង្អៀតនេះ អាចទទួលបានការធ្វើតេស្ត។ ពួកគេក៏សួរអំពីផែនការរបស់រដ្ឋាភិបាលក្នុងការរៀបចំថវិកា និងធនធានមនុស្ស ដើម្បីដោះស្រាយបញ្ហាជំងឺនេះ។
លិខិតដដែលបន្តថា៖ «សូមផ្ដល់ព័ត៌មានអំពីវិធានការដែលរដ្ឋាភិបាលរបស់ឯកឧត្តមនឹងធ្វើដើម្បីធានាបាននូវសុខុមាលភាពជាចាំបាច់របស់អ្នកជាប់ឃុំ នៅក្នុងករណីដែលពួកគេបានឆ្លងកូវីដ១៩ និងវិធានការបង្ការ ដើម្បីគ្រប់គ្រងការរីករាលដាលនៃវីរុសនេះ»។
កាលពីថ្ងៃទី ១ ខែកុម្ភៈ ស្ថានបេសកកម្មអចិន្រៃ្តយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានឆ្លើយតបទៅនឹងសំណួររបស់អ្នករាយការណ៍ពិសេស ដោយភ្ជាប់ជាមួយនឹងលិខិតបំភ្លឺរបស់ក្រសួងមហាផ្ទៃ។ នៅក្នុងលិខិតនោះ ក្រសួងមហាផ្ទៃបានថ្លែងថា អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានដាក់ចេញនូវការណែនាំជាច្រើនក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ និងអន្តរាគមន៍។
អគ្គនាយកដ្ឋានពន្ធនាគារក៏កំពុងតែធ្វើការជាមួយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) ដៃគូអភិវឌ្ឍន៍នានា រួមមានគណៈកម្មការអន្តរជាតិនៃកាកបាទក្រហម (ICRC) អង្គការសុខភាពពិភពលោក (WHO) និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ។
លិខិតរបស់ក្រសួងមហាផ្ទៃសរសេរថា៖ «អ្នកជាប់ឃុំក៏ត្រូវបានបណ្ដុះបណ្ដាលអំពីរបៀបនៃការតាមដានអាការ ការការពារ ការរាយការណ៍ និងការឆ្លើយតប។ បុគ្គលិកពន្ធនាគារត្រូវបានបណ្ដុះបណ្ដាលទាក់ទងនឹងការធ្វើតេស្តបន្ទាន់ ការវេចខ្ចប់សំណាកបញ្ជូនទៅមន្ទីរពិសោធន៍ និងការឆ្លើយតបបន្ទាន់»។
ការបាញ់ថ្នាំសម្លាប់មេរោគប្រភេទ chlorite ត្រូវបានធ្វើឡើងរៀងរាល់សប្ដាហ៍ នៅក្នុងអគារពន្ធនាគារ បន្ទប់ឃុំឃាំង ឡានដឹកអ្នកជាប់ឃុំ ប៉ុស្តិ៍សុខភាព និងនៅទីតាំងរួម និងបន្ទប់រដ្ឋបាលស្របទៅតាមគោលការណ៍ណែនាំរបស់ WHO និងក្រសួងសុខាភិបាល។ នេះបើយោងតាមលិខិតដដែល។
ក្រសួងមហាផ្ទៃបានបញ្ជាក់ទៀតថា៖ «ជាភ័ស្តុតាងជាក់ស្ដែង សំណាកជាង ១០០ ត្រូវបានយកពីអ្នកជាប់ឃុំដោយសារតែមានការសង្ស័យថា ពួកគេមានរោគសញ្ញាប្រហាក់ប្រហែលនឹងរោគសញ្ញាជំងឺកូវីដ១៩ ហើយសំណាកទាំងនោះត្រូវបានធ្វើតេស្ត ប៉ុន្តែមិនមានអ្នកជាប់ឃុំណាម្នាក់ នៅក្នុងពន្ធនាគារកម្ពុជាមានជំងឺកូវីដ១៩ទេ»។
ក្រសួងមហាផ្ទៃក៏បានរៀបរាប់ប្រាប់ទៀតថា ក្រៅពីនេះក៏មានការដំឡើងទុយោ និងស្នូកទឹកនៅទីធ្លារួមសម្រាប់លាងដៃ ព្រមទាំងបានចែកចាយនូវសម្ភារអនាម័យបន្ថែមទៀត។ ការផ្គត់ផ្គង់ទឹកស្អាត និងទឹកមានសុវត្ថិភាព ក៏ត្រូវបានពង្រីកបន្ថែមនៅខេត្តជាក់លាក់មួយចំនួនដែលមានកង្វះប្រភពទឹកផងដែរ៕