ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានសម្រេចបោះបង់ចោលគម្រោងពន្ធនាគារទំនើប (VIP) បន្ទាប់ពីបានធ្វើការសិក្សារកពុំឃើញមានប្រទេសណាមួយ ធ្វើពន្ធនាគារទំនើបបែបនេះសម្រាប់ឃុំខ្លួនអ្នកជាប់ឃុំ ដែលមានលទ្ធភាពបង់ប្រាក់ ខណៈពន្ធនាគារដែលវិនិយោគជាមួយក្រុមហ៊ុនឯកជននេះ បានសាងសង់ជិតរួចរាល់។ នេះបើតាមលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
លោក ខៀវ សុភ័គ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១៩ ថា ក្រសួងមហាផ្ទៃ បានសម្រេចបោះបង់គម្រោងសាងសង់ពន្ធនាគារ វីអាយភី (VIP) ដោយតម្រូវឲ្យអ្នកទោសបង់ប្រាក់តិចបំផុតពេលជាប់ឃុំនេះចោល បន្ទាប់ពីបានធ្វើការសិក្សាពីតាមបណ្ដាប្រទេសផ្សេងៗមិនមានប្រទេសណាធ្វើពន្ធនាគារបែបនេះទេ រួមនឹងការខ្វះលទ្ធភាពធ្វើផងដែរ។
លោកបានថ្លែងថា៖ «យើងធ្វើក៏អត់មានលទ្ធភាពធ្វើដែរ។ យើងដើរទៅមើលប្រទេសគេផ្សេង អត់មានប្រទេសណា គេមានបទពិសោធន៍ធ្វើពន្ធនាគារនេះទេ។ អ៊ីចឹង យើងក៏បោះបង់ចោលគម្រោងនេះទៅ។ ប្រទេសគេផ្សេងៗ អត់ទាន់មានធ្វើ បើយើងធ្វើគេនឹងយកគំរូតាមយើង ហើយបើយើងធ្វើតែឯងក៏មិនកើតដែរ»។
បើតាមលោក ខៀវ សុភ័គ បានឲ្យដឹងថា គម្រោងពន្ធនាគារវីអាយភីនេះ កន្លងមក ក្រសួងមហាផ្ទៃបានឲ្យក្រុមហ៊ុនឯកជនមួយ វិនិយោគធ្វើពន្ធនាគារនេះ ដោយពេលបញ្ចប់ការសាងសង់ នឹងឲ្យជនជាប់ទោសបង់ថ្លៃស្នាក់នៅក្នុងតម្លៃថោកបំផុត។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៣ ខែកក្កដានេះថា អគារពន្ធនាគារ សម្រាប់អ្នកដែលមានលទ្ធភាពបង់ថ្លៃស្នាក់នៅត្រូវបានសាងសង់រួចហើយ ប៉ុន្តែនៅសេសសល់ប្រព័ន្ធមួយចំនួនដូចជាលូ ទឹក និងភ្លើងជាដើម។
លោកបន្តថា ពន្ធនាគារទំនើបនេះ ត្រូវបានក្រសួងមហាផ្ទៃបើកដំណើរការសាងសង់កាលពីខែ ឧសភា ឆ្នាំ ២០១៧ ដោយមានការវិនិយោគជាមួយក្រុមហ៊ុន គន្ធរីខុន ហូលឌីង ក្នុងទឹកប្រាក់ប្រមាណ ៤ លានដុល្លារ។ អគារពន្ធនាគារសាងសង់នៅលើផ្ទៃដី ១ ហិកតាកន្លះ ប៉ុន្តែបរិវេណទាំងមូលមានទំហំ ៣ ហិកតា។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេស ស៊ើបអង្កេតនៃអង្គការលីកាដូ បានស្វាគមន៍ចំពោះការសម្រេចចិត្តលុបគម្រោងពន្ធាគារ VIP របស់រដ្ឋាភិបាលនេះ។
លោកសំអាតបញ្ជាក់ថា៖ «ក្នុងកាលៈទេសនេះ កម្ពុជាមិនគួរមានពន្ធនាគារប្រភេទនេះទេ។ វាមានភាពអវិជ្ជាមានច្រើន…ប្រទេសជិតខាងយើង ក៏មិនទាន់មានពន្ធនាគារបែបនេះដែរ»។ លោកបន្តថា ពន្ធាគារ VIP នេះ វាបង្កឲ្យមានការរើសអើង រវាងអ្នកទោស មកពីគ្រួសារអ្នកមាន និងអ្នកក្រ។ ប៉ុន្តែវាក៏អាចជួយកាត់បន្ថយការចង្អៀតណែនក្នុងពន្ធនាគារផងដែរ។
លោកថា៖ «វាធ្វើឲ្យអ្នកមានជាប់ឃុំហ្នឹងមិនរាងចាល ជាពិសេសអ្នកមានដែលប្រព្រឹត្តបទល្មើស ដូចជារឿងគ្រឿងញៀន និងលួចប្លន់ជាដើម»៕