ភ្នំពេញៈ ​ក្រសួងមហាផ្ទៃ​បាន​សម្រេច​អនុញ្ញាតឱ្យ​លោក អ៊ូ ច័ន្ទរ័ត្ន និង​ស្ថាបនិក​ផ្សេងទៀត​បង្កើត​ «​គណបក្ស​កែទម្រង់កម្ពុជា​» ប៉ុន្តែ​មិនឱ្យ​ប្រើពាក្យ​ «​សង្គ្រោះ​បម្រើ​ការពារ​» ​ដូចដែល​ធ្លាប់បាន​ប្រើ​នៅក្នុង​បាវចនា​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​តុលាការ​​កំពូល​ចេញ​សាលដីកា​រំលោយ​ទៅហើយ​នោះឡើយ​។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​​ ស ខេង កាលពី​ថ្ងៃទី​ ១៦ មីនា បាន​អនុញ្ញាត​ឱ្យ​លោក តំណាង​ស្ថាបនិក គណបក្ស​កែទម្រង់​កម្ពុជា បង្កើត​គណបក្ស​នេះ​តាម​ការស្នើសុំ​។ គណបក្ស​នេះ​មាន​ស្នាក់ការ​កណ្ដាល​នៅ​ភូមិ​ពុកឆ្មា ឃុំ​អន្លង់វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។

ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​បញ្ជាក់ថា​៖ «​ទន្ទឹមនេះ​ផ្អែក​តាម​បញ្ញត្តិ​មាត្រា​ ១១ ​ថ្មី​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ក្រសួងមហាផ្ទៃ​ស្នើឱ្យ​តំណាង​ស្ថាបនិក​បក្ស​ធ្វើការ​ផ្លាស់ប្ដូរ​ពាក្យ សង្គ្រោះ​បម្រើ​ការពារ​ដែល​មាន​នៅក្នុង​សញ្ញា​​សម្គាល់​របស់​គណបក្ស ដោយសារ​ពាក្យ​នេះ​ដូចគ្នា​នឹង​បាវចនា​របស់​គណបក្សនយោបាយ​ដែល​ត្រូវបាន​រំលាយ​ដោយ​សាលដីកា​តុលាការ​កំពូល​» ​។

បន្ថែម​ពីលើ​នេះ ដើម្បី​ឱ្យ​គណបក្ស​នេះ​ទទួល​បាន​សុពលភាព និង​អាចធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ គណបក្ស​កែទម្រង់​កម្ពុជា​ត្រូវ​រៀបចំ​បែបបទ និង​បំពេញ​លក្ខខណ្ឌ​ស្នើសុំ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ស្របតាម​កថាខណ្ឌ​ទី​២ មាត្រា​ ៩ មាត្រា​ ១៨ ​ថ្មី និង​មាត្រា​ ២០ ​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​។

យោងតាម​មាត្រា​ ៩ ​កថាខណ្ឌ​ទី​២ ​គណបក្ស​នយោបាយ​ដែល​បង្កើត​ថ្មី​ត្រូវ​បោះឆ្នោត​ជ្រើសតាំង​គណៈកម្មាធិការ​បណ្ដោះអាសន្ន​ដែល​មាន​សមាជិក​យ៉ាងតិច​ ៧ ​រូប​ សម្រាប់​រៀបចំ​បែបបទ និង​បំពេញ​លក្ខខណ្ឌ​នៃ​ការសុំ​ចុះបញ្ជី​គណបក្សនយោបាយ​។

មាត្រា​ ១៨ ​ថ្មី​ចែងថា ថ្នាក់ដឹកនាំ​បក្ស មិន​ត្រូវជា​បុគ្គល​ដែល​ជា​ទណ្ឌិត ជាប់​ពន្ធនាគារ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ដោយ​គ្មាន​ការព្យួរទោស​ឡើយ​។ ចំណែក​មាត្រា​ ២០ ចែង​អំពី​ការបំពេញ​បែបបទ និង​លក្ខខណ្ឌ​សុំ​ចុះបញ្ជី​គណបក្សនយោបាយ​។

លោក អ៊ូ ច័ន្ទរ័ត្ន ដែលជា​អ្នកផ្ដួចផ្ដើម​គំនិត​បង្កើត​គណបក្ស​នេះ​ថ្លែង​ថា ពាក្យស្លោក​ដែល​លោក​បានដាក់​ស្នើសុំ​ចុះបញ្ជី​នេះ​​មិនមាន​អ្វី​ខុសឆ្គង​ទេ ព្រោះ​ជា​ពាក្យ​ខ្មែរ​ដែល​ខ្មែរ​គ្រប់រូប​អាច​ប្រើ​បាន​។ ប៉ុន្តែ​លោក​មិន​ជំទាស់​​នឹង​ការដែល​ក្រសួង​ស្នើឱ្យ​ដូរ​ពាក្យ​នេះ​ទេ​។

លោក​បន្តថា គណបក្ស​របស់​លោក​នៅ​ខ្វះ​ឯកសារ​មួយចំនួន​ទៀត​ ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​បាន រួមមាន​ស្នាម​មេដៃ​សមាជិក​ចំនួន ៤ ០០០ ​នាក់​ គោលនយោបាយ​បក្ស លក្ខន្តិកៈ​​ និង​គណនី​ធនាគារ​ជាដើម​។ ប៉ុន្តែ​កិច្ចការ​នេះ​មិន​ចំណាយពេល​ច្រើន​ទេ​។

លោក​ថ្លែងថា​៖ «​អ្វីដែល​សំខាន់ គឺ​ក្រសួង​លោក​អនុញ្ញាត​ហើយ​មិនមាន​បញ្ហា​អ្វី​ទៀត​ទេ អ្វី​ដែលជា​កិច្ចការ​បន្ទាប់​គឺ​ការផ្ដិតមេដៃ​សមាជិក​ឱ្យបាន​ ៤ ០០០ ​នាក់ ដើម្បី​ដាក់​ទៅ​ក្រសួង លក្ខន្តិកៈ និង​បែបបទ​ផ្សេងទៀត​ប្រហែល​ជា​ក្នុង​រយៈពេល​ ៣ ​ខែ​»​។

អ្នកវិភាគ​នយោបាយ​លោក​ សេង សារី ថ្លែងថា វា​លឿន​ពេក​ក្នុងការ​វាយតម្លៃ​ថា​គណ​បក្ស​របស់​លោក​ អ៊ូ ច័ន្ទរ័ត្ន អាចនឹង​ទទួល​បាន​ការគាំទ្រ​ឬ​យ៉ាងណា​នោះ​។ ​គណបក្ស​នយោបាយ​​មួយ​ជោគជ័យ​អាស្រ័យ​លើ​គោលនយោបាយ​បក្ស សមាសភាព​ថ្នាក់ដឹកនាំ និង​សមាជិក​ដែល​មកពី​គ្រប់​ទិដ្ឋភាព​។ ក្រៅពី​នេះ​គណបក្ស​នេះ​ក៏​នឹងត្រូវ​ហែល​ឆ្លង​ពាក្យរិះគន់​ជាច្រើន​ជាពិសេស​ពី​ក្នុងចំណោម​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​បើ​ក្នុង​​ករណី​ដែល​គាត់​ឆ្លងកាត់​ព្យុះភ្លៀង ការលាបពណ៌ ការប្រមាថ ការ​ដៀលត្មះ​នេះ​បាន នេះ​ជា​គុណសម្បត្តិ​នៃ​អ្នកនយោបាយ​ម្នាក់​ដែរ ដែល​អាច​ឆ្លង​បាន​។ អ្នកនយោបាយ​គឺជា​បុគ្គល​សាធារណៈ​ដែល​ពលរដ្ឋ​អាច​រិះគន់​បាន​។ បើ​គាត់​ឆ្លងកាត់​ដំណាក់កាល​ទាំងនេះ​បាន ខ្ញុំ​គិតថា​គាត់​ជា​អ្នកនយោបាយ​ដែល​មាន​ការអត់ធ្មត់​ខ្ពស់​»៕