ភ្នំពេញៈ ក្រសួងមហាផ្ទៃបានព្រមានទៅដល់មន្ត្រីរបស់ខ្លួនទូទាំងប្រទេសឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់ និងមកបំពេញការងារនៅក្នុងស្ថាប័នរបស់ខ្លួនវិញក្រោយពីបានរកឃើញថាមន្ត្រីរបស់ខ្លួនបានទៅបម្រើការងារនៅក្នុងស្ថាប័ន សង្គមស៊ីវិល វិស័យឯកជនផ្សេងៗទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែ ២ កន្លែង។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី ២១ ខែសីហា ២០១៥។
លិខិតដដែលចុះហេត្ថលេខាដោយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថាកន្លងមកក្រសួងបានធ្វើការសិក្សាស្រាវជ្រាវ និងបានរកឃើញនូវបញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃមួយចំនួនបានទៅបម្រើកាងារនៅស្ថាប័នអង្គភាពផ្សេងៗ ក្រៅពីអង្គភាពរបស់ខ្លួនដូចជានៅតាមអង្គការសង្គមស៊ីវិល វិស័យឯកជនជាដើម។ មន្ត្រីមួយចំនួនដែលបម្រើការងារនៅលេខាធិការដ្ឋាន គ.ជ.អ.ប អង្គភាពចំណុះទីស្តីការក្រសួងមហាផ្ទៃ និងនៅតាមរាជធានីខេត្តនីមួយៗបានទទួលប្រាក់បៀវត្សរ៍ប្រចាំខែពីរកន្លែង។
នៅក្នុងលិខិតនោះបានឲ្យដឹងទៀតថាត្រូវផ្សព្វផ្សាយ និងណែនាំបន្ទាន់ដល់មន្ត្រីរាជការស៊ីវិលក្រោមឱវាទរបស់ខ្លួនដែលមានការពាក់ព័ន្ធឲ្យមកបំពេញការងារជូនអង្គភាព និងត្រូវបំពេញបែបបទទទួលប្រាក់បៀវត្សរ៍ ឬប្រាក់បេសកកម្មតែមួយកន្លែងដោយមិនត្រូវបន្តបើកប្រាក់បៀវត្សរ៍ប្រចាំខែ ឬប្រាក់បេសកកម្មពីរកន្លែងតទៅទៀតឡើយ។
នៅក្នុងលិខិតនោះបន្តថា៖ «ក្រសួងនឹងធ្វើការតាមដាន និងត្រួតពិនិត្យបញ្ហាពាក់ព័ន្ធខាងលើជាបន្តទៀត។ ករណីមន្ត្រីទាំងនោះមិនព្រមអនុវត្តតាមការណែនាំខាងលើហើយនៅតែបន្តបើកប្រាក់បៀវត្សរ៍ប្រចាំខែ ឬប្រាក់បេសកកម្មពីរកន្លែងទៀតនោះក្រសួងនឹងចាត់វិធានការនានាចំពោះសាមីខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន»។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថាការដែលលិខិតនេះគឺដើម្បីទប់ស្កាត់កុំឲ្យមានបញ្ហានេះកើតឡើង។ លោកថា៖ «តាមពិតទៅប្រហែលជាមិនមានទេដូច្នេះបានជាយើងទប់ស្កាត់ឲ្យហើយ»។
គួរបញ្ជាក់ផងដែរថាកាលពីខែកុម្ភៈ ឆ្នាំ ២០១៥ ក្រសួងមហាផ្ទៃប្រកាសឱ្យមន្ត្រីរាជការស៊ីវិលម្នាក់ៗចូលកាន់មុខតំណែងតែមួយប៉ុណ្ណោះដោយមិនអនុញ្ញាតឲ្យកាន់តំណែងមានលក្ខណៈអចិន្រៃ្តយ៍លើសពីមួយមុខតំណែងឡើយដើម្បីទុកលទ្ធភាពជូនមន្ត្រីរាជការស៊ីវិលផ្សេងទៀតអាចកាន់មុខតំណែងដែលនៅទំនេរ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទិ្ធមនុស្សលីកាដូបានថ្លែងឲ្យដឹងថានេះគឺជាការចាប់ផ្តើមកំណែទម្រង់មួយដ៏ល្អពីព្រោះកន្លងមកបុគ្គលិករបស់រដ្ឋបានទៅធ្វើការងារនៅស្ថាប័នឯកជននោះបានទុកការងារនៅស្ថាប័នរដ្ឋចោលដោយគ្រាន់តែមកបើកប្រាក់ខែវាធ្វើឲ្យមានការរាំងស្ទុះក្នុងការបម្រើការងារជួយប្រជាពលរដ្ឋ។
លោកបានថ្លែងថា៖ «នេះគឺចំណាត់ការល្អដើម្បីកុំឲ្យរដ្ឋចំណាយថវិកាច្រើន»។
សូមរំឭកថាកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៥ អង្គភាពប្រឆាំងអំពើពុករលួយបានចេញសេចក្ដីប្រកាសមួយរំឭកដល់ប្រធានអង្គភាពគ្រប់លំដាប់ថ្នាក់នានារបស់រដ្ឋទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធឲ្យលុបបំបាត់ឈ្មោះមន្ត្រីខ្មោច ឬមន្ត្រីដែលមានតែឈ្មោះបើកប្រាក់បៀវត្សរ៍តែមិនមកធ្វើការ។ សេចក្ដីជូនដំណឹងនោះបានព្រមានថាជនណារក្សាឈ្មោះមន្ត្រីខ្មោចគឺត្រូវផ្ដន្ទាទោសតាមច្បាប់។
ប្រទេសកម្ពុជាបច្ចុប្បន្នមានមន្ត្រីរាជការប្រមាណ ១៨ ម៉ឺននាក់ដោយមិនគិតកងកម្លាំងប្រដាប់អាវុធដូចជា ទាហាន ប៉ូលិស និងប៉េអឹម។ គិតចាប់តាំងពីឆ្នាំ ១៩៩៤ មករដ្ឋាភិបាលធ្លាប់បានធ្វើជំរឿនមន្ត្រីរាជការយ៉ាងតិច ៤ ដងមកហើយ និងបានរកឃើញមន្ត្រីដែលមានតែឈ្មោះហើយមិនមកធ្វើការជាង ៦ ម៉ឺននាក់៕