ភ្នំពេញៈ ក្រសួង​មហាផ្ទៃ ប្រកាស​ឲ្យ​មន្ត្រីរាជការ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ នៅតាម​ស្ថាប័ន​នានា​ចំណុះ​ឲ្យ​ក្រសួង​មហាផ្ទៃ​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី ត្រូវ​ជ្រើសរើស​យក​មុខងារ​ណាមួយ​រវាង​ការបំពេញ​មុខងារ​ជា​អ្នករាជការ​សាធារណៈ ឬ​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី ដើម្បី​ចៀសវាង​វិសមិតភាព ក្នុង​ការបំពេញ​ការងារ​ដែល​ផ្ទុយ​នឹង​​បទប្បញ្ញត្តិ​ច្បាប់​។

ការប្រកាស​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​បាន​ពិនិត្យ​ឃើញ​ថា កន្លងមក​មាន​មន្ត្រីរាជការ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ចំណុះ​ក្រសួងមហាផ្ទៃ បាន​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី ខណៈ​ពេល​ដែល​ពួកគេ​កំពុង​បំពេញ​មុខងារ​សាធារណៈ​។

សេចក្តី​ណែនាំ​ស្ដីពី​វិសមិតភាព​ក្នុង​ការបំពេញ​មុខងារ​របស់​មន្ដ្រីរាជការ ក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃទី​ ៥ សីហា និង​ទើប​ត្រូវបាន​ផ្សព្វផ្សាយ កាលពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា ស្ថានភាព​មន្ត្រីរាជការ​បែបនេះ ផ្ទុយ​នឹង​បទប្បញ្ញត្តិ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ស្តីពី​ការគ្រប់គ្រង​មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ មន្ត្រី​ពន្ធនាគារ និង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​។

ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​៖ «​ដើម្បី​ចៀសវាង​ការបំពេញ​មុខងារ​សាធារណៈ​ផង និង​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ផង ក្រសួង​មហាផ្ទៃ សូម​ធ្វើការ​ណែនាំ​ចំពោះ​មន្ដ្រីរាជការ​ចំណុះ​ក្រសួងមហាផ្ទៃ​ត្រូវ​ជ្រើសរើស​យក​ការបំពេញ​មុខងារ​ជា​អ្នករាជការ​សាធារណៈ ឬ​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​»​។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​នៅក្នុង​សេចក្តី​ណែនាំ​ដដែល​ថា ​ក្នុង​ករណី​ដែល​មន្ដ្រីរាជការ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ចំណុះ​ក្រសួងមហាផ្ទៃ​ដែល​មិន​ចង់​បន្ត​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​គឺ​ត្រូវ​ធ្វើ​សំណើ​ទៅ​គណៈមេធាវី​កម្ពុជា ដើម្បី​ស្នើសុំ​ស្ថិត​ក្នុង​ស្ថានភាព​មេធាវី​សុំ​មិន​ប្រកប​វិជ្ជាជីវៈ ឬ​សុំ​នៅក្រៅ​បញ្ជី​នៃ​គណៈមេធាវី​ស្របតាម​គោលការណ៍​បែបបទ​នីតិវិធី និង​ច្បាប់​ជា​ធរមាន​។

លោក​បន្តថា បន្ទាប់ពី​ទទួល​បាន​សេចក្ដី​សម្រេច​ស្ដីពី​ការអនុញ្ញាត​ឲ្យ​ដាក់​ក្នុង​ស្ថានភាព​មេធាវី​សុំ​មិន​ប្រកប​វិជ្ជាជីវៈ ឬ​សេចក្ដី​សម្រេច​ស្ដីពី​ការដាក់​ឲ្យ​នៅក្រៅ​បញ្ជី​នោះ​សាមី​មន្ដ្រី​រាជការ​ត្រូវ​ថតចម្លង​សេចក្ដី​សម្រេច​នោះ​យក​ទៅ​ដាក់ជូន​អង្គភាព​សាមី និង​អង្គភាព​គ្រប់គ្រង​បុគ្គលិក ដើម្បី​តម្កល់​ទុក​ជា​ឯកសារ និង​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ទិន្នន័យ​មន្ដ្រីរាជការ​ដែល​មាន​វិជ្ជាជីវៈ​ជា​មេធាវី​។

លោក ស ខេង បន្ត​ថា ចំពោះ​មន្ដ្រីរាជការ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ចំណុះ​ក្រសួង​មហាផ្ទៃ​ដែល​មាន​បំណង​ចង់​បន្ត​វិជ្ជាជីវៈ​ជា​មេធាវី ហើយ​ចង់​បោះបង់​តួនាទី​ជា​មន្ត្រីរាជការ​គឺ​ត្រូវដាក់​ពាក្យស្នើសុំ​លាឈប់​ពី​អ្នករាជការ​សាធារណៈ ស្របតាម​គោលការណ៍​បែបបទ​នីតិវិធី និង​ច្បាប់​ជា​ធរមាន​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​ករណី​មិន​ចង់​លាឈប់​ពី​អ្នករាជការ​សាធារណៈ​សាមីខ្លួន​អាច​ដាក់​ពាក្យស្នើសុំ​ស្ថិត​ក្នុង​ភាពទំនេរ​គ្មាន​បៀវត្សរ៍ ដើម្បី​ទៅ​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី ស្រប​តាម​គោលការណ៍ បែបបទ​នីតិវិធី និង​ច្បាប់​ជា​ធរមាន​»​។

ក្រៅពី​ប្រកាស​ណែនាំ​យ៉ាងដូច្នេះ​លោក ស ខេង ក៏បាន​បញ្ជា​ឲ្យ​គ្រប់​អង្គភាព​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ចំណុះ​ក្រសួង​មហាផ្ទៃ​ទាំងអស់​ត្រូវ​ចាត់​ឲ្យ​មាន​ការស្រាវជ្រាវ និង​រៀបចំ​បញ្ជី​ឈ្មោះ​មន្ដ្រីរាជការ​ដែល​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី អំឡុង​ពេល​ពួកគេ​កំពុង​បំពេញ​មុខងារ​ក្នុង​ក្របខ័ណ្ឌ​មន្ដ្រីរាជការ​ស៊ីវិល​មន្ដ្រី​នគរបាល​ជាតិ និង​មន្ដ្រី​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​។

លោក លីវ សុវណ្ណា​ អគ្គលេខាធិការរង គណៈមេធាវី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា រហូត​មក​ទល់​ថ្ងៃអាទិត្យ​ម្សិលមិញ គណៈមេធាវី​មិន​ទាន់​ទទួល​បាន​សំណើ​ណាមួយ​ពី​មន្ត្រីរាជការ​ក្នុង​ក្រសួងមហាផ្ទៃ​ស្នើ​មក​ដើម្បី​សុំ​ស្ថិតក្នុង​ស្ថានភាព​មេធាវី​សុំ​មិន​ប្រកប​វិជ្ជាជីវៈ ឬ​សុំ​នៅក្រៅ​បញ្ជី​នៃ​គណៈមេធាវី​នោះទេ​។

លោក​បន្តថា យោងតាម​ច្បាប់​គឺ​មេធាវី​មិន​អាច​បំពេញ​មុខងារ​ផ្សេងទៀត ក្នុងអំឡុង​ពេល​ដែល​ខ្លួន​កំពុង​បំពេញ​មុខងារ​ជា​មេធាវី​បាន​នោះទេ ព្រោះ​វា​អាច​បង្ក​ជា​ទំនាស់​ផលប្រយោជន៍​ដែល​ច្បាប់​បាន​ហាមប្រាម​។

លោក​បញ្ជាក់ថា​៖ «​តាម​ផ្លូវច្បាប់​គឺ​មេធាវី​មិន​អាច​ធ្វើការងារ​ផ្សេង​បានទេ ព្រោះ​ច្បាប់​បាន​ហាម ហើយ​ការហាម​បែប​នេះ ព្រោះ​មាន​បញ្ហា​ខ្លះ​ដែរ​។ វិជ្ជាជីវៈ​មេធាវី គឺ​វិជ្ជាជីវៈ​សេរី ហើយ​បើ​គាត់​ធ្វើជា​មេធាវី​ផង ហើយ​គាត់​ទៅកាន់​ការ​មួយទៀត ដែល​ជះឥទ្ធិពល​ដល់​មេធាវី​ផង​នឹង​ធ្វើឲ្យ​បាត់​ភាពយុត្តិធម៌​»​។

ជាមួយ​នឹង​ការអះអាង​យ៉ាងដូច្នេះ​លោក លីវ សុវណ្ណា មិន​ត្រឹមតែ​ចង់​ឲ្យ​ក្រសួង​មហាផ្ទៃ​ធ្វើការ​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​ករណីនេះ​នោះទេ លោក ក៏​ស្នើ​ដល់​ស្ថាប័នរដ្ឋ​ដទៃទៀត​គួរ​មាន​ការស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ចំពោះ​មន្ត្រី​របស់ខ្លួន​ថា តើ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​តួនាទី​ជា​មេធាវី​ដែរ​ឬ​អត់​?

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​ការណែនាំ​​ឲ្យ​មន្ត្រី​រាជការ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ដាច់​ស្រឡះ​រវាង​ការងារ​ជា​មន្ត្រី​រាជការ និង​ធ្វើជា​មេធាវី​តាម​វិជ្ជាជីវៈ​។ លោក​បន្តថា ការជ្រើសរើស​អាជីព​ណាមួយ​ច្បាស់លាស់​គឺជា​នីតិវិធី​មួយ​ដែល​ល្អ​ដើម្បី​ឲ្យ​បុគ្គល​នីមួយៗ​មាន​ពេលវេលា និង​ការទទួល​ខុស​ត្រូវ​ពេញលេញ ក្នុង​ការប្រកប​ការងារ​របស់​ខ្លួន​។

លោក ប៉ា ច័ន្ទរឿន ក៏​សង្កេតឃើញ​ដែរ​ថា ករណី​ដូចគ្នា​នេះ​ក៏​កើតមាន​នៅ​តាម​ក្រសួង​ដទៃទៀត​ផងដែរ ដោយ​មិនមែន​មាន​តែ​នៅក្នុង​ក្រសួង​មហាផ្ទៃ​នោះ​​ទេ ដែល​ទាមទារ​ឲ្យ​មាន​វិធានការ និង​ពិនិត្យមើល​ឡើងវិញ ដើម្បី​ធ្វើការ​កែប្រែ​ស្ថានភាព​អាក្រក់​នេះ​នៅក្នុង​ស្ថាប័នរដ្ឋ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការជ្រើសរើស​អាជីព​ណាមួយ​ច្បាស់លាស់​គឺ​ធ្វើឲ្យ​គាត់​មាន​ពេល​ពេញលេញ និង​ចៀស​ពី​ទំនាស់​ផលប្រយោជន៍​រវាង​ស្ថាប័ន​ផ្សេងគ្នា ហើយ​ប្រសិន​បើ​មាន​កិច្ចការងារ​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​គាត់ គឺ​គាត់​អាច​បង្កើត​ឲ្យ​មាន​ជា​ទំនាស់​ផលប្រយោជន៍ ដែល​ឈាន​ទៅ​ដល់​ការធ្វើ​អំពើ​ពុករលួយ​ក៏មាន​ដែរ​»៕

វីដេអូ៖