ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​គណៈកម្មាធិការ​ចំនួន ២ ​កាលពី​ម្សិលមិញ ដើម្បី​រួមសហការ​គ្នា​ធ្វើការ​ទាក់ទង​នឹង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជំងឺអេដស៍ និង​កាមរោគ​។

គណៈកម្មាធិការ​ទាំង​ ២ នោះ​រួមមាន គណៈកម្មាធិការ​ប្រឆាំង​គ្រឿងញៀន ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ខែ​សីហា ឆ្នាំ ២០១៩ និង​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​កាមរោគ​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​សម្រេច​បង្កើត​តាំងពី​ឆ្នាំ ២០០១​។

លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ក្នុងឱកាស​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​នោះ​ថា បើទោះ​ជា​កន្លងមក គណៈកម្មាធិការ​ទាំង​ ២ មិនទាន់​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក៏ដោយ ប៉ុន្តែ​គណៈកម្មាធិការ​ទាំង​ ២ ​នេះ​បាន​ចូលរួម​សហការ​គ្នា​រៀបចំ​ការងារ​បាន​មួយ​ជំហាន ហើយ​ជាពិសេស​ការរៀបចំ​នូវ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​។

លោក​បញ្ជាក់ថា​៖ «​ភាពយឺតយ៉ាវ​នៃ​ការប្រកាស​ដំណើរការ​ជា​ផ្លូវការ​នូវ​គណៈកម្មាធិការ​ទាំង​ ២ នេះ គឺ​បណ្តាល​មកពី​បញ្ហា​កូវីដ​ ១៩ រួមទាំង​បញ្ហា​រួមផ្សំ​មួយ​ចំនួន​ទៀត​»​។

បើ​ទោះ​មិនទាន់​បាន​ចូលរួម​អនុវត្ត​បាន​សកម្ម និង​ខ្លាំងក្លា​នៅ​ឡើយ ដោយសារ​តែ​មិនទាន់​បាន​រៀបចំ​យន្តការ និង​ការប្រកាស​ជា​ផ្លូវការ ប៉ុន្តែ​លោក កៅ ខុនដារ៉ា បាន​លើកឡើង​ថា​ចាប់ពី​ពេល​នេះ​ទៅ គណៈកម្មាធិការ​ទាំង​ ២ ​នេះ​នឹង​ចូលរួម​ចំណែក​លុបបំបាត់​បញ្ហា​ដែល​កើតមានឡើង​ដោយសារ​គ្រឿងញៀន និង​បញ្ហា​ជំងឺអេដស៍ ដែល​កំពុង​បន្ត​គំរាមកំហែង​នៅក្នុង​ប្រទេស តំបន់ និង​ពិភពលោក​។

លោក​បន្ថែមថា​៖ «​ចំពោះ​គណៈកម្មាធិការ​ទាំង​ ២ គឺ​ត្រូវ​រៀបចំ​ផែនការ​បណ្តុះបណ្តាល និង​ធ្វើការ​បណ្តុះបណ្តាល​ពី​បញ្ហា​គ្រឿងញៀន ជំងឺអេដស៍ និង​កាមរោគ​ដល់​ក្រុម​ជនបង្គោល និង​តាម​អង្គភាព​ជា​សមាជិក និង​រាជធានី ខេត្ត​។ ទំនាក់ទំនង​ទៅ​អង្គភាព​ជា​សមាជិក ដើម្បី​ស្នើសុំ​ឯកសារ​ប្រចាំខែ ប្រចាំឆមាស និង​ឆ្នាំ​ធ្វើការ​បូកសរុប​ជូន​ក្រសួង​មហាផ្ទៃ​»​។

លោក នាក់ យុទ្ធា ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រឆាំង​គ្រឿងញៀន​បាន​ផ្តល់​បទសម្ភាស​កាលពី​ថ្ងៃទី ​២៨ តុលា ថា គណៈកម្មាធិការ​ទាំង​ ២ ​នេះ​គឺ​មាន​ទិសដៅ​រួមគ្នា​ដោយ​បញ្ចូល​សកម្មភាព​តែមួយ​ក្នុង​ការងារ​ផ្សព្វផ្សាយ និង​អប់រំ​។ លោក​បន្តថា ជាពិសេស​នោះ​គឺ​ការងារ​ស្តារនីតិសម្បទា​របស់​ជនរងគ្រោះ ដែល​រងផលប៉ះពាល់​ពី​គ្រឿងញៀន និង​ជំងឺ​អេដស៍ កាមរោគ​។

លោក​បញ្ជាក់ថា​៖ «​ព្រោះ​បញ្ហា​គ្រឿងញៀន និង​បញ្ហា​ផលប៉ះពាល់​ជំងឺអេដស៍ គឺ​ដូចគ្នា លើកលែង​ការអនុវត្ត​ច្បាប់​។ សម្រាប់​ការអប់រំ បង្ការ និង​ការព្យាបាល​រួមគ្នា ការប្រើប្រាស់​ធនធាន​មនុស្ស​តែមួយ ប្រើ​ថវិកា​រួមគ្នា ដើម្បី​យើង​ប្រើប្រាស់​ថវិកា ធនធាន​តិច តែ​បាន​ប្រសិទ្ធភាព​ច្រើន​»​។

លោក នាក់ យុទ្ធា បាន​ឲ្យ​ដឹងថា ការប្រកាស​ដាក់​ដំណើរការ និង​ប្រកាស​ពី​សមាសភាព​របស់​គណៈកម្មាធិការ​ទាំង​ ២ ​ក្នុង​ពេល​តែមួយ​នេះ ក៏​ព្រោះតែ​សមាសភាព​មួយ​ចំនួន​នៃ​គណៈកម្មាធិការ​នេះ គឺ​ស្ថិតនៅ​​រួមគ្នា​រួច​ទៅ​ហើយ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជំងឺអេដស៍​នៅ​កម្ពុជា ខណៈ​​ដែល​សកម្មភាព​ក៏​មាន​លក្ខណៈ​​ស្រដៀង​គ្នា​។

លោក ​មាស សុវណ្ណ ​ប្រធាន​សមាគម​សង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​កម្ពុជា​ហៅកាត់​ថា DARAC បាន​និយាយ​ពី​ម្សិលមិញ​ថា នេះ​គឺជា​ការប្រសើរ​ដែល​គណៈកម្មាធិការ​ទាំង​ ២ ​រួមគ្នា អនុវត្ត​សកម្មភាព​នៃ​ការប្រយុទ្ធ​ប្រឆាំង​បញ្ហា​គ្រឿងញៀន និង​ជំងឺអេដស៍ ដែលជា​រួម អ្នកញៀន​គ្រឿងញៀន​ភាគច្រើន ច្រើន​តែ​ប្រឈម​នឹង​ការឆ្លង​ជំងឺឆ្លង​។

លោក សុវណ្ណ បាន​បញ្ជាក់ថា​៖ «​ជាការ​ល្អ​មួយ​ដែរ ព្រោះ​ឥឡូវ​នេះ​ក៏​កំពុង​ប្រឈម​នឹង​ជំងឺឆ្លង​កូវីដ​ ១៩ ​ផង បើ​គេ​ប្រយុទ្ធ​ប្រឆាំង​បែបនេះ ក៏​ជា​ការល្អ​មួយ​ដែរ ព្រោះ​យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ជំងឺឆ្លង​ដទៃទៀត ដែល​កើតមានឡើង ដូចជា ជំងឺអេដស៍ ដែល​សុទ្ធតែ​ជំងឺ​កាចសាហាវ​»៕