ភ្នំពេញ៖ ក្រសួង​មហាផ្ទៃ​កំពុង​​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ ស្ដីពី​នគរបាល​ជាតិ ដើម្បី​កំណត់​អំពី​លក្ខន្តិកៈ​ ការ​គ្រប់គ្រង​នគរបាល​ជាតិ ​បន្ទាប់​ពី​បាន​គោលការណ៍​ពី​លោក ស ខេង កាល​ពី ​១ ​ឆ្នាំ​មុន។ ប៉ុន្តែ​​ខ្លឹមសារ​នៃ​សេក្ដី​​ព្រាង​ច្បាប់​នេះ​ស្ថិត​ក្នុង​ការ​​កែ​សម្រួល​។ នេះ​បើ​តាម​​លោក ផាត សុផានិត អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ពី​ថ្ងៃ​ទី ​៣០ ​ខែ​មិថុនា​។

បើ​តាម​គេហទំព័រ​របស់​ក្រសួង​មហាផ្ទៃ ក្រសួង​មហាផ្ទៃ​បាន​ដឹកនាំ​កិច្ច​ប្រជុំ​មួយ​ កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ក្រោម​ការ​ដឹកនាំ​របស់​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុម​ការងារ​ និង​លោក ចាន់ អ៊ាន រដ្ឋលេខាធិការ​ក្រសួង និង​ជា​អនុប្រធាន និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប។

លោក​ ប៊ុន ហុន ​ថ្លែង​ថា​ ក្រុម​ការងារ​​​​​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​នគរបាល​ជាតិ​ ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៩ ក្រោយ-​ពី​ទទួល​បាន​គោលការណ៍​ពី​លោក​ ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ ក្រុម​ការងារ​នេះ ​ត្រូវ​ពិនិត្យ​ពិចារណា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ​ដើម្បី​ធ្វើ​​សេចក្ដី​ព្រាង​ច្បាប់​នេះ​​​ឲ្យ​បាន​ល្អ ជា​ពិសេស​ធានា​ឲ្យ​បាន​នូវ​សង្គតិភាព​ជាមួយ​នឹង​ច្បាប់​ដទៃ​ ដែល​ពាក់ព័ន្ធ​ និង​ត្រូវ​សិក្សា​បន្ថែម​​​អំពី​បទដ្ឋាន​គតិយុត្ត និង​បទពិសោធ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​អូស្រា្តលី។ នេះ​បើ​តាម​គេហទំព័រ​ក្រសួង​មហាផ្ទៃ​។

លោក ប៊ុន ហុន ថ្លែង​ថា ប្រទេស​អូស្រា្តលី ​បាន​ជួយ និង​ផ្តល់​ជា​បទពិសោធ​មួយ​ចំនួន​លើ​ការងារ​​នេះ ប៉ុន្តែ​​ទោះ​ជា​យ៉ាង​នេះ​ក្តី​កម្ពុជា​ក៏​ត្រូវ​ការ​បន្ត​សិក្សា​បន្ថែម​ទៀត​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ ជាពិសេស​ប្រទេស​នៅ​តំបន់​អាស៊ាន ដើម្បី​ធ្វើ​យ៉ាង​​ណា​ឲ្យ​​ការ​រៀបចំ​ច្បាប់​នេះ​ មាន​ភាព​ត្រឹមត្រូវ និង​មិន​មាន​ប៉ះពាល់​ដល់​ច្បាប់​ផ្សេង​ទៀត ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

គេហទំព័រ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា៖ «​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​នគរបាល​ជាតិ​កម្ពុជា​ បាន​រៀបចំ​ឡើង​ មាន ១៨ ជំពូក ៩០ ​មាត្រា  ដែល​ច្បាប់​នេះ​រៀប​ចំឡើង​ក្នុង​គោល​បំណង ដើម្បី​កំណត់​អំពី​លក្ខន្តិកៈ​ការ​គ្រប់គ្រង​នគរបាល​ជាតិ​កម្ពុជា ក្នុង​ការ​ធានា​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​អាយុ​ជីវិត​សិទ្ធិ​សេរីភាព ទ្រព្យ​សម្បតិ្ត​សាធារណៈ និង​ឯកជន ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ»។

ក្រសួង​បន្ត​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​នគរបាល​ជាតិ​កម្ពុជា មាន​វិសាលភាព​ ចំពោះ​នគរបាល​ជាតិ​កម្ពុជា​គ្រប់​រូប ដែល​បំពេញ​ភារកិច្ច​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា លើក​លែង​តែ​មាន​ច្បាប់​ដោយ​ឡែក​ផ្សេង​ពី​នេះ។

ភ្នំពេញ​ប៉ុស្តិ៍ ​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ប៊ុន ហុន និង​លោក ចាន់​ អ៊ាន បាន​ទេ​ អំពី​សារៈសំខាន់​នៃ​ច្បាប់​នេះ ហើយ​ថា​តើ​ហេតុអ្វី​បាន​ជា​ច្បាប់​នេះ​ទើប​តែ​បង្កើត​ឡើង​នៅ​ពេល​នេះ​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​​វិទ្យាស្ថាន​​​ប្រជាធិបតេយ្យ​​កម្ពុជា​​ថ្លែង​ថា លោក​ពិបាក​នឹង​បញ្ចេញ​យោបល់​អំពី​សេចក្ដី​ព្រាង​ច្បាប់​នេះ ដោយសារ​តែ​លោក​មិន​ទាន់​បាន​អាន​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​​ឡើយ។

ទោះ​ជា​យ៉ាង​ណា​លោក​ថ្លែង​ថា៖ «ខ្ញុំ​រំពឹង​ថា ​ច្បាប់​ស្តីពី​នគរបាល​ជាតិ​កម្ពុជា ​នឹង​ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​ឈរ​លើ​គោលការណ៍​សម្រាប់​នគរបាល​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ហើយ​ច្បាប់​ថ្មី​នេះ​នឹង​ក្លាយ​ជា​យន្តការ ​ដើម្បី​ពង្រឹង​ និង​ពង្រីក​ដំណើរការ​ និង​គុណភាព​ការងារ​របស់​នគរបាល​ជាតិ​​ក្នុង​​ការ​ធានា​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​​សាធារណៈ​អាយុ​ជីវិត​សិទ្ធិ​សេរីភាព​ទ្រព្យ​សម្បតិ្ត​សាធារណៈ​ និង​ឯកជន»៕