ភ្នំពេញៈ មន្ត្រី​ជំ​នាញ​ខាង​ច្បាប់​ នៃ​ក្រ​សួង​មហា​ផ្ទៃ​ ក្រសួង​យុត្តិ​ធម៌​ និង​អង្គ​ភាព​ពាក់​ព័ន្ធ​បាន​និងកំ​ពុង​សិក្សា​ទៅ​លើ​សេច​ក្ដី​ព្រាង​ច្បាប់​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន​ដែល​មាន​ ៧ ​ជំ​ពូក​និង​ ៤៨ មាត្រា​ ​ដើម្បី​ទប់​ស្កាត់​ ​ឧក្រិដ្ឋ​កម្ម​ online ​មួយ​ចំនួន​ដូច​ជា​ការ​ចាប់​ជំរិត​ និង​ការ​បោក​ប្រាស់​តាម​ប្រព័ន្ធ​អីុន​ធឺ​ណិត​ ក្រោយ​ពី​បញ្ហា​នេះ​បាន​កើត​ឡើង​ជា​ច្រើន​នៅ​ក្នុង​ប្រ​ទេស​​ កម្ពុជា​ ​ដែល​ភាគ​ច្រើន​បង្កដោយ​ជន​ជាតិ​ចិន​ហើយ​កម្លាំង​នគរ​បាល​បាន​ចាប់​បាន​ជា​ច្រើន​រយ​នាក់​ ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស ​ចិន ​វិញ។​

​មន្ត្រី​ជំ​នាញ​ខាង​ច្បាប់​ជា​ច្រើន​រូប​បាន​​បើក​កិច្ចប្រជុំ​ពិភា​ក្សា​និ​ង​ពិនិត្យ​លើ​ខ្លឹម​សារ​នៃ​សេច​ក្តី​​ព្រាង​ច្បាប់​នេះ​កាល​ពី​រសៀល​ថ្ងៃ​ពុធ​ ​ទី​ ១០​ ​ខែ ​កក្កដា​ ឆ្នាំ​ ២០១៩​ នៅ​ទី​ស្តី​ការ​ក្រសួង​មហា​ផ្ទៃ​ក្រោម​អធិប​តី​ភាព​ ​លោក​ ​ប៊ុន​ ​ហុន​ និង​លោក​ ឡាំ​ ជា រដ្ឋ​លេខា​ធិ​ការ​ក្រសួង​មហាផ្ទៃ។​

​លោក​ ​ជិន​ ​ម៉ា​លីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ថា៖​ «​យើង​ត្រូវ​ការ​ស្រាវជ្រា​វ​បទ​ពិសោធ​នៃ​ការ​អនុវត្ត​នៅ​បណ្តា​ប្រទេស​ដទៃ​ពី​ព្រោះ​សម្រាប់​ប្រទេស ​កម្ពុ​ជា ​ច្បាប់​នេះ​វា​ថ្មី​ដែរ​ ​យើង​ត្រូវ​សិក្សា រៀន​សូត្រ​ពី​គេ​ឲ្យ​បាន​ច្រើន ​និង​ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​បរិ​បទ​របស់​កម្ពុជា​ហើយ​ដោយសារ​តែ​ការ​​ធ្វើ​ច្បាប់​នេះ​វា​ពាក់​ព័ន្ធ​ដល់​ច្បាប់​ផ្សេង​ទៀត។​ យើង​ធ្វើ​ម៉េច​ឲ្យ​វា​ស៊ី​គ្នា​នឹង​​ច្បាប់​ផ្សេងៗ​ទៀត​ពិសេស​ច្បាប់​ដែល​យើង​កំពុង​ធ្វើ​ ច្បាប់​ស្តី​ពី​ការទទួល​បាន​ព័ត៌មាន​ ​ដើម្បី​ចេញ​ ​កុំ​ឲ្យ​វា​មាន​ ប្រ​ទ្រូស​ប្រទ្រាស់​គ្នា ​​ច្បាប់​ស្តី​ ពីរ​បបសារ​ព័ត៌មាន»។​

​លោក​ ម៉ា​លីន​ ​បាន​ឲ្យ​ដឹង​ទៀត​ថា​៖​ «​ពីមុន​យើង​អត់​មាន​ទេ​ដោយ​សារ​តែ​ប្រព័ន្ធ​បច្ចេក​​វិ​ទ្យាវា​ទំ​នើប​ ​ហើយ​បណ្តា​ប្រទេស​ផ្សេងៗ​ អភិវឌ្ឍ​គេ​មាន​ច្បាប់​ហ្នឹង​ដើម្បី​ទប់​ស្កាត់​ ​ឧក្រិដ្ឋ​កម្ម​ onlin​e ​មួយ​ចំនួន​ ​ដូច​ជា​ការ​ប្លន់​ ការ​ឆ​បោក​ ការ​ចាប់​ជំរិត ​បោក​ប្រាស់​តាម​ប្រព័ន្ធ​អីុនធឺណិត​ ដូច​ដែល​យើង​ឃើញ​កើត​នៅ​ប្រទេស​កម្ពុជា​យើង​នា​ពេល​កន្លង​មក​ ដូច្នេះ​យើង​ត្រូវ​តែ​មាន​ច្បាប់​មួយ​ ​ដើម្បី​ទប់​ស្កាត់​នូវ​ឧក្រិដ្ឋ​ទាំង​នេះ»។​

​លោក​ ​ជា​ ​ពៅ ​ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​នៃ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​បាន​ថ្លែង​ថា ​សេច​ក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌​មាន​នេះ​មាន ៧​ ជំពូក​ ​៤៨ ​មាត្រា​ ហើយ​​ក្រុម​ការ​ងារ​បាន​និង​កំពុង​តែ​ប្រមូល​ធាតុ​ផ្សំ​ផ្សេង​ដាក់​ចូល​ទៅ​ក្នុង​​សេច​ក្តី​ព្រាង​ច្បាប់​នេះ ​ក៏មាន​ចែង​អំពី​ការ​ផ្ដន្ទា​ទោស​ផងដែរ។

លោក​ ​ផាត​ ​សុផា​និត​ ប្រ​ធាន​នាយក​ដ្ឋាន​នៃ​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ថា ​រហូត​មក​ដល់​ពេល​នេះ​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ទៅ​សេច​ក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌​មាន​គឺ​ពិនិត្យ​ទៅ​លើ​ខ្លឹម​សារ​នៃ​សេច​ក្តី​ព្រាង​បឋម​ដំបូង​បំផុត ដែល​ក្រុម​ការ​ងារ​បច្ចេក​ទេស​របស់​ក្រសួង​មហា​ផ្ទៃ​បាន​រៀប​ចំ​ឡើង​ ​ហើយ​មន្ត្រី​ជំ​នាញ​ខាង​ច្បាប់​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​ពិភាក្សា​បន្ត​បន្ទាប់​ទៀត។​

​លោក​ ​សុផា​និត​ ​ថ្លែង​​​ថា​៖​ «​នឹង​មាន​កិច្ច​ប្រ​ជុំ​បន្ត​បន្ទាប់​ទៀត​ដោយ​សារ​ទាម​ទារ​ពេល​វេលា​ដូច្នេះ​មិន​ទាន់​អាច​ជម្រា​ប​​ជូន​ពី​ខ្លឹ​ម​សារ​លម្អិត​នៃ​សេច​ក្តី​ព្រាង​បឋម​នេះ​ដែរ​ ដោយ​សារ​យើង​​មិន​ចង់​ឲ្យ​មាន​ការ​បក​ស្រាយ​ផ្សេងៗ​ដែល​នាំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ»។

លោក​ ​ស៊ឹង​ ​សែន​ករុ​ណា ​អ្នក​នាំ​ពាក្យ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​សម្តែង​ក្តី​​ព្រួយ​បារ​ម្ភទាក់​ទង​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​បទល្មើស​បច្ចេក​វិទ្យាព័ត៌​មាន​ដោយ​បាន​អះ​​អាង​ថា ​ច្បាប់​អាច​នឹង​ត្រូវ​រាជ​រដ្ឋា​ភិ​បាល​ប្រើប្រា​ស់​ដើម្បី​រឹត​ត្បិត​សេរី​ភាព​អ្នក​ដែល​មាន​មតិ​ផ្ទុយ​ជាមួយ​នឹង​រាជរដ្ឋាភិបាល។​

​លោក​ថ្លែង​ថា​៖ ​«​យើង​ឃើញ​ថា​បរិ​បទ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​ច្បាប់​ហាក់​ដូច​ជា​បង្កើត​ឡើង​ក្នុង​ន័យ​ដើម្បី​ធ្វើ​ការ​រឹត​ត្បិត ​សេរី​ភាព​របស់​ប្រជា​ពល​រដ្ឋ​ ឬ​ក៏​គណ​បក្ស​ន​យោ​បាយ​ផ្សេង​ៗ​​ឬ​អង្គ​ការ​សង្គម​ស៊ីវិល​ជា​ដើ​ម ​ដូច្នេះ​ហើយ​យើង​ព្រួយ​បារម្ភ​ហើយ​​ច្បាប់​នេះ​​នឹង​មាន​លក្ខ​ណៈ​ល្អ​ប្រសើរ​ប្រសិន​បើ​ច្បាប់​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រជា​ជន​ចូល​រួម​ផ្តល់​យោ​បល់​ទូលំ​ទូលាយ​ពី​ពលរដ្ឋ»។​

​របាយ​ការណ៍​ពី​អគ្គនា​យក​ដ្ឋាន​អន្តោ​ប្រវេស​ន៍​បាន​បង្ហាញ​ថា ជន​ជាតិ​ចិន​ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​កម្ពុជា​ក្នុង​ឆ្នាំ ២០១៨​ សរុប​ចំនួន​ ៩២៧​ នាក់។​ ​ការ​​បណ្ដេញ​ជា​ទ្រង់​ទ្រាយ​ធំចុង​ក្រោយ​ចេញ​ពី​កម្ពុជា​ គឺ​កាល​​ខែ​ ធ្នូ​ ឆ្នាំ ២០១៨​ ​មាន​ចំនួន​ ​ជាង​ ២៣៥ នាក់ ​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​កម្ម​ចាប់​ជំរិត​ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ខេត្ត​តាកែវ។​

​កាល​ពី​ខែ​មេសា​ ឆ្នាំ ​២០១៩ ​បាន​បញ្ជូន​​ចិន​ចំនួន​​ ១៦៥​ ​នាក់ ​ទៅ​កាន់​ប្រទេស​​ពួកគេ​វិញ​ក្រោយ​នគរបាលខេត្ត​សៀម​រាបចាប់​បាន​កាល​ពី​ចុង​ខែ​មីនា​កន្លង​ទៅ​នេះ​​ពាក់​ព័ន្ធ​នឹង​ការ​លួច​បើក​ទី​តាំង​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ខុស​ច្បាប់​​នៅ​ក្នុង​ខេត្ត​សៀមរាប៕​