ភ្នំពេញៈ ក្រសួងមហាផ្ទៃប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយនៃរាជធានី-ខេត្តទូទាំងប្រទេសចាប់ពីខែកញ្ញា នេះតទៅដោយកម្មវិធីនេះនឹងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដើម្បីតាមដានអំពីដំណើរការផ្តល់សេវាក្នុងដំណាក់កាលនីមួយៗតាមប្រព័ន្ធទូរស័ព្ទដៃ។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចុះហត្ថលេខាក្នុងលិខិតចុះថ្ងៃទី ២៨ ខែសីហា និងបានដាក់ជូនអភិបាលរាជធានី-ខេត្ត ទូទាំងប្រទេសថា ការដាក់ដំណើរនេះគឺដើម្បីធ្វើទំនើបកម្មការផ្តល់សេវារដ្ឋបាលនៅតាមអង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្តស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
ក្រសួងមហាផ្ទៃបានរៀបចំកម្មវិធីព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ដែលកម្មវិធីនេះមានអត្ថប្រយោជន៍ សម្រាប់កត់ត្រាទិន្នន័យរួមមានចំនួនសេវាចំណូលសេវា និងការតាមដានអំពីដំណើរការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយ។
ក្រសួងបញ្ជាក់ថា៖ «ទន្ទឹមនេះ ប្រជាពលរដ្ឋក៏អាចពិនិត្យមើលអំពីរយៈពេលនៃការពិនិត្យសម្រេចលើសំណើសុំសេវារបស់ខ្លួនតាមដំណាក់កាលនីមួយៗតាមប្រព័ន្ធទូរស័ព្ទដៃផងដែរ។ បច្ចុប្បន្នកម្មវិធីព័ត៌មានវិទ្យានេះត្រូវបានអភិវឌ្ឍចប់សព្វគ្រប់ និងត្រូវបានយកមកបណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំអង្គភាព និងអ្នកពាក់ព័ន្ធអំពីរបៀបនៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យារួចរាល់ហើយ»។
ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រើប្រាស់ និងការដាក់ឲ្យដំណើរការកម្មវិធីព័ត៌មានវិទ្យាខាងលើនៅតាមអង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត ក្រសួងមហាផ្ទៃណែនាំដល់រដ្ឋបាលរាជធានី-ខេត្តត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ចាប់ពីថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០២០ នេះតទៅ។
រដ្ឋបាលរាជធានី-ខេត្ត ត្រូវផ្តល់ការគាំទ្រលើការបំពាក់សម្ភារ និងបរិក្ខារនានា រៀបចំបណ្តាញ Network និងភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតដែលមានល្បឿនលឿនរៀបចំឲ្យមានកុំព្យូទ័រម្នាក់ ១ គ្រឿងសម្រាប់បុគ្គលិកផ្នែកជួរមុខ និង ជួរក្រោយតាមវិស័យជំនាញនីមួយៗ។
លោក ស ខេង ក៏បានណែនាំដែរថា៖ «អភិបាលរាជធានី-ខេត្តត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្តដល់មន្ទីរ អង្គភាពជំនាញ និងអ្នកពាក់ព័ន្ធ ដើម្បីចូលរួមគាំទ្រ និងប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានេះ»។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ខេត្តរបស់លោកបានដាក់ដំណើរការ និងបានផ្សព្វផ្សាយរួចមកហើយ ចំពោះការដាក់ដំណើរការ កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយនេះ។
លោកបន្តថា ដោយសារតែកម្មវិធីនេះថ្មី ក្រុមការងារថ្នាក់ខេត្តដែលទើបទទួលបានការបណ្តុះបណ្តាលពីមន្ត្រីជំនាញបានបន្តបណ្តុះបណ្តាលក្រុមការងារបច្ចេកទេសថ្នាក់ខេត្តបន្ថែមទៀតរួមទាំងការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ នៅក្នុងខេត្តបានយល់ដឹងផងដែរ។
លោកបញ្ជាក់ថា៖ «សំខាន់ប្រព័ន្ធអនឡាញគឺមានភ្ជាប់ទំនាក់ទំនងគ្នារវាងច្រកចេញចូលតែមួយមកកាន់ថ្នាក់ជាតិហើយការបម្រើសេវាគឺធ្វើឡើងតាមអនឡាញដែលឲ្យប្រជាពលរដ្ឋអាចតាមដានព័ត៌មានរបស់គាត់បានគ្រប់ពេល និងលឿន។ វាល្អ បើសិនជាយើងដំណើរការបានស្រួលទៅ»។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាជឿជាក់ថា ការដាក់ឲ្យប្រើប្រាស់នូវកម្មវិធីនេះនឹងជួយកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋដែលប្រឈមកន្លងមករួមទាំងការចំណាយពេលវេលា និងថវិកា។ បន្ថែមពីនេះលោកសង្ឃឹមថា ស្របជាមួយនឹងការដំណើរការនេះ ក្រសួងមហាផ្ទៃរួមទាំងស្ថាប័នពាក់ព័ន្ធគួរតែបង្កើតការផ្សព្វផ្សាយ និងបង្កើតជាវីដេអូអប់រំឲ្យបានច្រើនដល់ប្រជាពលរដ្ឋនៅតាមតំបន់ដើម្បីឲ្យបានយល់ដឹង និងចេះប្រើប្រាស់សេវាទាំងនេះ។
លោកថា៖ «ខ្ញុំឃើញថា ការងាកមកប្រើប្រព័ន្ធឌីជីថលតាមទូរស័ព្ទដៃនេះមានលក្ខណៈផុសផុលច្រើនជាពិសេសគឺការទិញដូរ លក់តាមអនឡាញ ប៉ុន្តែបើនិយាយពីសុវត្ថិភាព និងឯកជនភាពរបស់អ្នកប្រើប្រាស់នៅតាមប្រព័ន្ធទាំងនេះនៅក្នុងស្រុកខ្មែរសព្វថ្ងៃគឺមានកម្រិតទាបណាស់។ ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការប្រើប្រាស់នូវប្រព័ន្ធទាំងនេះមានកម្រិតទាប និងមិនដឹងពីលក្ខណៈបច្ចេកទេសនៃការថែរក្សាទ្រព្យសម្បត្តិរបស់គាត់ឲ្យបានដិតដល់នៅឡើយដែលទាមទារឲ្យមានការលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋបន្ថែមទៀត»៕