ភ្នំពេញ: ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ពី​ការជ្រើសរើស​បុគ្គលិក​ក្រៅ​ក្របខ័ណ្ឌ​រដ្ឋ​របស់​រដ្ឋបាល​ឃុំ-សង្កាត់​ (​ជំនួយការ​រដ្ឋបាល​ឃុំ-សង្កាត់​) ​ដើម្បី​ធានា​ឱ្យ​រដ្ឋបាល​ឃុំ-សង្កាត់​អាច​ជ្រើសរើស​អ្នកមាន​សមត្ថភាព និង​បទពិសោធ​ទៅ​បម្រើ​ការងារ​ដោយ​ប្រសិទ្ធភាព គណនេយ្យភាព និង​តម្លាភាព​។

សេចក្ដី​ណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​ ២៤ ខែធ្នូ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួលបាន​ពី​ម្សិលមិញ​ឱ្យដឹងថា ដើម្បី​ធានា​ឱ្យ​រដ្ឋបាល​ឃុំ-សង្កាត់​អាច​ជ្រើសរើស​បាន​បុគ្គលិក​ក្រៅ​ក្របខ័ណ្ឌ​រដ្ឋ​ដែលមាន​សមត្ថភាព និង​បទពិសោធ​សម្រាប់​បម្រើ​ការងារ​ជូន​រដ្ឋបាល​ឃុំ-សង្កាត់​ប្រកប​ដោយ​ប្រសិទ្ធភាព គណនេយ្យភាព​ និង​តម្លាភាព ក្រសួង​មហាផ្ទៃ​សូម​ធ្វើការ​ណែនាំ​អំពី​គោលការណ៍​ និង​នីតិវិធី​ក្នុង​ការជ្រើសរើស​បុគ្គលិក​ក្រៅ​ក្របខ័ណ្ឌ​រដ្ឋ​របស់​រដ្ឋបាល​ឃុំ-សង្កាត់​មួយ​ចំនួន​។

សេចក្ដី​ណែនាំ​បន្តថា បុគ្គលិក​ក្រៅ​ក្របខ័ណ្ឌ​រដ្ឋ​របស់​រដ្ឋបាល​ឃុំ-សង្កាត់​ ដែល​គេ​ហៅថា​ «​ជំនួយការ​រដ្ឋបាល​ឃុំ-សង្កាត់​» ​សំដៅ​ដល់​បុគ្គលិក​មិនមែន​ជា​មន្ត្រីរាជការ​ស៊ីវិល​។ រដ្ឋបាល​ឃុំ សង្កាត់​អាច​ជ្រើសរើស​ជំនួយការ​រដ្ឋបាល​ឃុំ សង្កាត់​តាម​ចំនួន​កំណត់​ដូចជា​រដ្ឋបាល​ឃុំ-សង្កាត់​ដែលមាន​ក្រុមប្រឹក្សា​ចំនួន ៥ ​រូប ដល់ ៧ ​រូប​ អាច​ជ្រើសរើស​ជំនួយការ​រដ្ឋបាល​ឃុំ-សង្កាត់​យ៉ាងច្រើន​ចំនួន​ ២ ​រូប​។ ចំណែក​រដ្ឋបាល​ឃុំ-សង្កាត់​ដែល​មាន​ក្រុមប្រឹក្សា​ពី​ចំនួន ៩ ​រូប ​ដល់ ១១ ​រូប​ អាច​ជ្រើសរើស​ជំនួយការ​រដ្ឋបាល​ឃុំ សង្កាត់​យ៉ាង​ច្រើន​ចំនួន ៣ ​រូប​។

សេចក្ដី​ណែនាំ​បញ្ជាក់ថា​៖ «​ចំពោះ​ប្រាក់កម្រៃ​ប្រចាំខែ​របស់​ជំនួយការ​រដ្ឋបាល​ឃុំ-សង្កាត់ ត្រូវ​បាន​កំណត់​ដោយ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សាមី អនុលោម​តាម​បទប្បញ្ញត្តិ​ជា​ធរមាន​។ ជំនួយការ​រដ្ឋបាល​ឃុំ-សង្កាត់​មាន​សិទ្ធិ​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​ជា​ធរមាន​»​។

សេចក្ដី​ណែនាំ​បន្តថា លក្ខខណ្ឌ​នៃ​ការជ្រើសរើស​ជំនួយការ​រដ្ឋបាល​ឃុំ-សង្កាត់​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការប្រឡង​ប្រជែង​ដោយ​ផ្អែក​តាម​គោលការណ៍​តម្លាភាព យុត្តិធម៌ សមធម៌ និង​គុណសម្បត្តិ​ស័ក្តិសម​។ ការប្រឡង​ត្រូវ​បាន​ផ្ដល់​អាទិភាព​ដល់​បេក្ខជន​ជា​ស្ត្រី ជនជាតិ​ដើម​ភាគតិច ជន​មាន​ពិការភាព និង​បេក្ខជន​មាន​លំនៅឋាន​អចិន្រៃ្តយ៍​នៅក្នុង​ឃុំ-សង្កាត់​ដែល​ត្រូវ​ជ្រើសរើស​បុគ្គលិក​នោះ​។

ជំនួយការ​រដ្ឋបាល​ឃុំ-សង្កាត់​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​បំពេញ​ការងារ​សម្រាប់​រយៈពេល​យ៉ាងតិច​ ៣ ​ខែ និង​យ៉ាងច្រើន ១២ ​ខែ​ក្នុង​ ១ ​ឆ្នាំ​ ហើយ​អាច​បន្តការងារ​តាម​សេចក្ដី​ត្រូវការ​របស់​រដ្ឋបាល​ឃុំ-សង្កាត់ ឬ​តាម​លិខិត​បទដ្ឋាន​នានា​ជា​ធរមាន​។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់បន្ថែម​ជុំវិញ​សេចក្ដី​ណែនាំ​នេះ​បានទេ​កាលពី​ម្សិលមិញ​។

បើតាម​សេចក្ដី​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​ក្រៅពី​ករណី​ខាងលើ​នេះ រដ្ឋបាល​ឃុំ- សង្កាត់ អាច​ជ្រើសរើស​ជំនួយការ​រដ្ឋបាល​ឃុំ-សង្កាត់​បន្ថែម​ទៀតបាន ក្នុង​ករណី​មាន​ការគាំទ្រ​ថវិកា​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​ ឬ​សប្បុរសជន​នានា​។

ការជ្រើសរើស​បុគ្គលិក​បន្ថែម​នេះ ត្រូវ​មាន​លក្ខណៈ​ស្របតាម​តម្រូវការ​ចាំបាច់​ផ្នែក​ជំនាញ​ជាក់លាក់ និង​តាម​ទំហំ​ការងារ​ជាក់ស្ដែង​របស់​រដ្ឋបាល​ឃុំ- សង្កាត់ ដោយ​ត្រូវ​អនុវត្ត​តាម​គោលការណ៍ នីតិវិធី​ដែល​មាន​ចែង​ក្នុង​សេចក្ដី​ណែនាំ​នេះ​។

លោក ឌុច ច័ន្ទ មេឃុំ​អរិយក្សត្រ​ស្រុក​ល្វាឯម ខេត្តកណ្ដាល បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា រដ្ឋបាល​ឃុំ​អរិយក្សត្រ​បច្ចុប្បន្ន​មាន​ជំនួយការ​រដ្ឋបាល​ឃុំ​ម្នាក់ ដោយ​គ្រោង​នឹង​ជ្រើសរើស​ជំនួយការ​រដ្ឋបាល​ម្នាក់ទៀត ដើម្បី​ជួយ​សម្រួល​ការងារ​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​ឃុំ​អរិយក្សត្រ​។

ជំនួយ​ការឃុំ​អាច​ជួយ​កិច្ចការរដ្ឋបាល​ជាច្រើន​ដោយសារ​គាត់​មាន​សមត្ថភាព​បំពេញ​ការងារ​រដ្ឋបាល​។ លោក​បញ្ជាក់ថា​៖ «​កន្លងមក​គាត់​ (​ជំនួយការ​) ​ជួយ​កិច្ចការរដ្ឋបាល​គឺ​គាត់​ជួយ​សរសេរ ឬ​ចម្លង​លិខិត ឬ​ឯកសារ​មួយចំនួន​នៅពេល​ដែល​ខ្ញុំ​ជាប់រវល់ ប៉ុន្ដែ​ថ្មីៗ​នេះ ខ្ញុំ​ក៏​ប្រាប់​ឱ្យ​គាត់​ជួយ​ធ្វើ​កិច្ចការ​ទាក់ទង​សរសេរ​អត្រានុកូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​បន្ថែមទៀត​»​។

លោក សន ជ័យ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ (ANSA) ​កាលពី​ម្សិលមិញ​បាន​គាំទ្រ​ឱ្យ​មាន​បុគ្គលិក​ទាំង​ក្រៅ​ក្របខ័ណ្ឌ និង​ក្នុង​ក្របខ័ណ្ឌ​ក្នុង​កម្រិត​ថ្នាក់ឃុំ -​សង្កាត់​ឱ្យ​មាន​ច្រើនជាង​នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​នៅ​មូលដ្ឋាន ប៉ុន្ដែ​អ្វីដែល​គួរ​ឱ្យ​កត់សម្គាល់ ថា​តើ​សមត្ថភាព​របស់​មេឃុំ ឬ​ចៅសង្កាត់​អាច​គ្រប់គ្រង​បុគ្គលិក​របស់ខ្លួន​បាន​កម្រិតណា​។

លោក​បញ្ជាក់ថា​៖ «​បើសិន​ជា​មាន​បុគ្គលិក​ច្រើន ឬ​មាន​បុគ្គលិក​ពូកែ ទាល់តែ​មេដឹកនាំ​ហ្នឹង​ពូកែ​ទាំង​រដ្ឋបាល ពូកែ​ទាំង​ភាព​ជា​អ្នកដឹកនាំ និង​ពូកែ​ទាំង​ជំនាញ​ដែរ អ៊ីចឹង​ជំនាញ​គ្រប់គ្រង​នៅ​ឃុំ-សង្កាត់​មិនមែន​ផ្ដេកផ្ដួល​តែ​ទៅលើ​ស្មៀន​ម្នាក់​ទេ​។ អ៊ីចឹង​បើ​មាន​មនុស្ស​ពូកែៗ​ធ្វើការ​នៅ​ឃុំ-សង្កាត់ គឺ​ធ្វើឱ្យ​ការងារ​នៅ​ទីនោះ​មាន​ប្រសិទ្ធភាព​។ បើ​មាន​គ្នាច្រើន គឺ​ទាល់តែ​ចេះ​ដឹកនាំ បើ​មិន​អ៊ីចឹង​ទេ ដូច​ពាក្យ​ចាស់​ថា មាន​គ្នាច្រើន តែ​នំអន្សម​ខ្លោច​»​។

បើ​តាម​លោក​ សន ជ័យ ការប្រឡង​ជ្រើសរើស​ជំនួយ​ការឃុំ សង្កាត់​នេះ ត្រូវ​ធ្វើ​ឱ្យ​មាន​តម្លាភាព យុត្តិធម៌ និង​សមភាព ​ដោយ​ចៀសវាង​ការជ្រើសរើស​បក្ខពួក​សាច់​ញាតិ ឬ​អ្នក​ស្គាល់​គ្នា​។ លោក​បាន​លើកឡើង​ថា​ការជ្រើសរើស​បែប​បក្ខពួក​និយម​នេះ ជា​ជំងឺ​រ៉ាំរ៉ៃ​ក្នុង​សង្គម​កម្ពុជា​កន្លង​មក​។ ដូច្នេះ​ត្រូវ​ទាមទារ​ឱ្យ​មាន​ការពិនិត្យ​តាមដាន និង​យកចិត្ត​ទុកដាក់​ឱ្យបាន​ច្បាស់លាស់​ជាង​មុន ដើម្បី​បើក​ឱកាស​ឱ្យមាន​ការប្រកួតប្រជែង​គ្នា​ដោយ​យុត្តិធម៌​។

មិនអាច​ទាក់ទង​មន្ត្រី​ក្រសួង​មហាផ្ទៃ​ផ្សេងទៀត​ដើម្បី​សុំ​ការបញ្ជាក់​ពី​នីតិវិធី​ក្នុង​ការជ្រើសរើស​ជំនួយការ​ឃុំ-សង្កាត់​នេះ​បាន​ទេ​ពី​ម្សិលមិញ​៕

វីដេអូ៖