ភ្នំពេញៈ ក្រសួង​មហាផ្ទៃ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​គ្រោង​ជួបប្រជុំ​ជាមួយគ្នា​ជា​លើក​ទី​ ២ ​នៅ​ថ្ងៃទី​ ៣ ខែ​ធ្នូ ដើម្បី​ពិគ្រោះ​យោបល់​ពិនិត្យ និង​ពិភាក្សា​លើ​ខ្លឹមសារ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​តាម​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល​។

កិច្ចពិគ្រោះ​យោបល់​លើក​ទី​ ២ ​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន ១៧ មាត្រា​ដែល​ពួកគេ​ថា បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ​ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ការងារ​នានា​។

បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ២៨ ខែវិច្ឆិកា​បាន​ឲ្យ​ដឹងថា ក្រសួងមហាផ្ទៃ និង​ជួប​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​បន្ត​ពិភាក្សា​គ្នា​ទៅលើ​ការធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើសុំ​។

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ក្រសួងមហាផ្ទៃ​សូម​ជម្រាប​ជូនដំណឹង​ដល់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ និង​បរទេស​ព្រម​ទាំង​សាធារណ​ជនជាតិ និង​អន្តរជាតិ ជ្រាប​ថា​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល ដើម្បី​ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​នឹង​បន្ត​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​ខ្លឹមសារ សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​អង្គការ​សង្គម​ស៊ីវិល​»​។

លោក យឿង សុធារ៉ា ប្រធាន​ផ្នែក​កសាង​បណ្តាញ​ភាព​ជា​ដៃគូ និង​ការតស៊ូ​មតិ នៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ឲ្យ​ដឹងថា អង្គការ​សង្គមស៊ីវិល​នឹង​ធ្វើការ​ជួបជុំ​គ្នា ដើម្បី​ស្វែងរក​ចំណុចរួម​ក្នុង​ការដោះស្រាយ​ការខ្វែង​គំនិត​គ្នា​រវាង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ពាក់ព័ន្ធ​ទៅលើ​ពាក្យពេចន៍​នឹង​ខ្លឹមសារ​នៃ​មាត្រា​សិន​មុនពេល​ទៅ​ជួបប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​មហាផ្ទៃ​។

លោក​ថ្លែងថា​៖ «​យើង​គ្រោង​ជួបគ្នា​ដើម្បី​ជជែក​គ្នា​អំពី​ចំណុច​មួយចំនួន​ដែល​បាន​ស្នើសុំ​ដោយ​ក្រសួងមហាផ្ទៃ​ទៅ​ឲ្យ​មាន​ការយល់ស្រប​គ្នា​ទៅលើ​ចំណុច​ទាំងនោះ​។ វា​មាន​ទស្សនៈ​ផ្សេងគ្នា​ដោយសារ​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​លើ​វិស័យ​ខុសគ្នា​ដែល​ពិបាក​ក្នុង​ការស្វែងរក​ចំណុចរួម​តែ​យ៉ាងណា​ក៏ដោយ យើង​នឹង​ព្យាយាម​ស្វែងរក​ទស្សនៈ​ និង​ចំណុច​រួមគ្នា​»​។

លោក​ថា​មាន​មាត្រា​សំខាន់ៗ​មួយចំនួន​ដែល​តម្រូវ​ឲ្យ​មាន​ការកែសម្រួល ហើយ​មាត្រា​មួយ​ក្នុង​ចំណោម​មាត្រា​ទាំងនោះ​មាន​មាត្រា ២៤ ដែល​តម្រូវ​ឲ្យ​មានការ​លុបចេញ ព្រោះ​មាត្រា​នេះ​ចែង​មិន​ច្បាស់​អំពី​អព្យាក្រឹតភាព​រវាង​អង្គការ​សមាគម និង​គណបក្ស​នយោបាយ និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ​។

លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ដោយ​ថ្លែងថា លោក​កំពុង​ជាប់រវល់​។ ប៉ុន្តែ​កន្លងមក​លោក​ធ្លាប់​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចាប់​តាំងពី​ច្បាប់​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​ ២០១៥ មក​រាជរដ្ឋាភិបាល​បាន​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការចុះបញ្ជី​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​ទាំង​ជាតិ និង​អន្តរជាតិ ហើយ​ថា​អង្គការ​សង្គម​ស៊ីវិល​គឺជា​ដៃគូ​ដ៏ល្អ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការចូលរួម​អភិវឌ្ឍ​សង្គម ហើយ​រាជរដ្ឋាភិបាល​មិន​ដែល​បង្កបញ្ហា​លំបាក​ទៅ​ដល់​អង្គការ​សង្គម​ស៊ីវិល​ដូច​ការចោទប្រកាន់​នោះទេ​។

បើ​យោងតាម​របាយការណ៍​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០១៨ មាន​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុងស្រុក​បាន​តម្កល់​សំណុំ​ឯកសារ និង​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​មាន​ចំនួន​សរុប ៥ ៥២៣ ដែល​ក្នុង​នោះ​សមាគម​មាន​ចំនួន ២ ២៩៧ សមាគម ហើយ​មាន​តែ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រមាណ​ជាង​ ២ ០០០ ស្ថាប័ន​ប៉ុណ្ណោះ ​ដែល​បាន​ធ្វើ​សកម្មភាព​នៅ​កម្ពុជា​៕