ក្រសួង​មហាផ្ទៃ​ និង​អង្គការ​តម្លាភាព​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​ដើម្បី​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​រយៈ​ពេល ​៥ ឆ្នាំ ​ក្នុង​ដំណាក់កាល​ទី២ ​ក្នុង​ទិសដៅ​អនុវត្ត​ «គម្រោង​សាលា​អភិបាលកិច្ច» ​ដែល​ចាប់ផ្តើម​ពី​ឆ្នាំ​ ២០២១ ​ដល់​ឆ្នាំ ២០២៥។

កម្មវិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ ​ធ្វើនៅ​សណ្ឋាគា​ហ៊ី​ម៉ា​វ៉ារី​ភ្នំពេញព្រឹកមិញ ​ដោយមាន​អ្នក​ចូលរួម​ជា​មន្ត្រី​រដ្ឋាភិបាល ​និង​មន្ត្រី​សង្គម​ស៊ីវិល​ជាច្រើន​រូប។

លោក​ ប៉ិច ពិសី ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជាប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅថ្ងៃនេះ​ថា ​គោលបំណង​នៃ​ការសហ​ការ​គ្នា​នេះ ​គឺ​ដើម្បី​រួមគ្នា​កសាង​សមត្ថភាព​មន្ត្រី​សាធារណៈ ​និង​អ្នកផ្តល់​សេវា​ជុំវិញ​ប្រធានបទ​អភិបាលកិច្ច​ល្អ​និង​សុចរិត​ភាព ​សម្រាប់​ការចូលរួម​ពង្រឹង​ការផ្តល់​សេវាសាធារណៈ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ​និង​គុណភាព។

លោក​ថ្លែងថា​៖ «គម្រោង​ថ្មី​នេះ​ក៏​នឹង​ជួយ​ជំរុញ​ដល់​ការរីកចម្រើន​ខាង​បច្ចេកវិទ្យា​ផងដែរ។ នៅ​ពីក្រោយ​ការកសាង​សមត្ថ​ភាព​នៃ​ការផ្តល់​សេវា​សាធារណៈ ​កសាង​សមត្ថភាព​ពលរដ្ឋ ​និង​យុវជន ​គម្រោង​នេះ​ នឹង​ផ្តល់​ឲ្យ​ពួកគេ ​នូវ​ទម្រង់​កម្មវិធី​ឌីជីថល​មួយ​ដែល​ភ្ជាប់​ទំនាក់​ទំនង​នូវ​អ្វីដែល​ពួកគេ​ត្រូវការ ​និង​មាន​ទំនួល​ខុសត្រូវ​ក្នុងការ​ផ្តល់ ឬ​ទទួលបាន​សេវា​សា​ធារ​ណៈ»។

រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ លោក ​ងី ច័ន្រ្ទ​ផល​ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​នៅថ្ងៃនេះថា ​មាន​សមិទ្ធផល​ជាច្រើន ​ដែល​បាន​កើត​ចេញពី​គម្រោ​ងនេះ​ ដើម្បី​ឲ្យ​ប្រសើរ​ឡើង​នូវ​ការផ្តល់​សេវា​សាធារណៈ​ដល់​ប្រជា​ពលរដ្ឋ។ ជាពិសេស​សមត្ថភាព​មន្ត្រី​ ដែលជា​អ្នក​បម្រើ​សេវា។

លោក​បន្តថា ​ដោយសារតែ​កម្ពុជាកំពុង​ស្ថិត​ក្នុង​វិបត្តិ​កូវីដ ១៩ ​គម្រោង​ថ្មី​នេះ ​នឹង​អាច​រក​មធ្យោ​បាយ​ថ្មី​បន្ថែម​ទៀត ​តាមរយៈ​ការផ្តល់​សេវា​តាម​ប្រព័ន្ធ​ឌីជីថល ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការផ្តល់​សេវាជូន​ពលរដ្ឋ​កាន់តែ​មាន​ប្រសិទ្ធ​ភាព។

លោក​បញ្ជាក់ថា​៖ «នេះ​គឺជា​រឿង​មួយ​សំខាន់ ​ដែលមាន​ការចូលរួម​ចំណែក​របស់​ដៃគូ​អភិវឌ្ឍន៍ ​ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ​ដើម្បី​គាំទ្រ​ដល់​ការធ្វើ​កំណែទម្រង់​របស់​រដ្ឋាភិបាល ​ក្នុងការ​ជំរុញ​អភិបាលកិច្ច ​ធានា​ឲ្យ​មាន​ប្រសិទ្ធ​ភាព​រឹងមាំ​បន្ថែម​ទៀត»។

លោក​ ងី ច័ន្រ្ទ​ផល ​បន្ថែមថា ​តាមរយៈ​កិច្ចសហ​ប្រតិបត្តិការ​ក្នុង​ដំណាក់កាល​ទី១ ​គម្រោង​នេះបាន​ចូលរួម​ពង្រឹង​សមត្ថ​ភាព​របស់​មន្ត្រី​សាធារណៈ​កម្ពុជា​ជាច្រើន ​តាមរយៈ​ការចុះ​បណ្តុះបណ្តាល ​ការអប់រំ​ផ្សព្វផ្សាយ។ ជាពិសេស​ការឃ្លាំមើល​ជាប្រចាំ​នូវ​ការអនុវត្ត​ច្បាប់ ​និង​សកម្មភាព​នៃ​ការផ្តល់​សេវាសាធារណៈ​ជូន​ពលរដ្ឋ​នៅតាម​មូលដ្ឋាន។

កាលពី​ឆ្នាំ ២០១៦ ​អង្គការ​តម្លាភាព ​និង​ក្រសួង​មហាផ្ទៃ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ម្តង​រួចមក​ហើយ ​ស្តីពី​គម្រោង​សាលា​អភិបាលកិច្ច ​ដំណាក់កាល​ទី១ ​ដែល​បាន​អនុវត្ត​រយៈពេល​ ៥ ឆ្នាំ ​ចាប់ពី​ឆ្នាំ ២០១៦​ ដល់​ឆ្នាំ ២០២០។

តាមរយៈ​គម្រោង​ដំណាក់កាល​ទី១ នេះ​ អង្គការ​តម្លាភាព​អះអាងថា​មន្ត្រី​ដែល​បម្រើការ​នៅ​ការិយាល័យ​ច្រកចេញ​ចូល​តែ​មួយ​ចំនួន​ ២៥ រាជធានី​-ខេត្ត ​ត្រូវបាន​ទទួលការ​បណ្តុះបណ្តាល​អំពី​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ។ ​ក្នុង​នោះ​ ការបណ្តុះ​បណ្តាល​ទៅកាន់​មន្ត្រី​ទាំងនេះ​ ក៏បាន​ធ្វើឡើង​នៅតាម​ការិយា​ល័យ​ច្រកចេញ​ចូល​តែមួយ​ នៅតាម​ទីក្រុង​ចំនួន​ ៨ ផង​ដែរ។

បន្ថែម​ពី​នេះ ​ការបណ្តុះ​បណ្តាល​អំពី​គម្រោង​អភិបាលកិច្ច ​និង​ការផ្តល់​សេវា​សាធាធារ​ណៈ ​ក៏បាន​ធ្វើឡើង​ទៅកាន់​ក្រុម​គោលដៅ​ចំនួន ៥២ ក្នុងនោះ​មន្ត្រី ​និង​ពលរដ្ឋ​សរុប​ជិត ១ ០០០ នាក់ ​បាន​ទទួលផល​អំពី​សារប្រយោជន៍​នៃ​ការកសាង​សមត្ថ​ភាព​ក្នុងការ​បណ្តុះបណ្តាល​នេះ។ នេះ​បើតាម​ការអះអាង​របស់​អង្គការ​តម្លាភាព។

លោក​ ប៉ិច ពិសី​ និង​លោក​ ងី ច័ន្ទ​ផល ​រំពឹង​រួមគ្នា​ថា ​គម្រោង​ដំណាក់​ការ​ទី២ ​ដែលនឹង​បន្ត​អនុវត្ត​ចាប់ពី​ពេលនេះ ​នឹង​នាំ​ឲ្យ​ក្រសួង​មហាផ្ទៃ ​និង​អង្គការ​ត​ម្លា​ភាព​ អនុវត្ត​សកម្ម​ភាព​ដែល​មិនទាន់​សម្រេច​បាន​ក្នុង​ដំណាក់កាល​ទី១​ ឲ្យ​ទទួល​បាន​ជោគជ័យ ​ជាពិសេស​គឺ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ចំពោះ​មុខ​ជុំវិញ​ការផ្តល់​សេវា​សាធារណៈ​នៅ​ទូទាំង​ប្រទេស៕