ភ្នំពេញៈ អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​មហាផ្ទៃ និង​អង្គការ​សង្គម​ស៊ីវិល នឹង​រួមគ្នា​ធ្វើ​ជំរឿន​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​ធ្វើ​សកម្មភាព​ជាក់​ស្ដែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​រក​ចំនួន​អ្នក​ដែល​បាន​ចុះ​បញ្ជី​ច្បាស់​លាស់​សម្រាប់​ជួយ​ពង្រឹង​កិច្ច​សហ​ប្រតិបតិ្តការ និង ភាព​ជា​ដៃគូជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ។ លោក ប្រាក់ សំអឿន អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​រដ្ឋបាល ក្រសួង​មហាផ្ទៃ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ។

លោក ប្រាក់ សំអឿន ថ្លែងថា អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​មហាផ្ទៃ និង​អង្គការ​សង្គម​ស៊ីវិល​នឹង​ចុះ​ទៅ​តាម​មូលដ្ឋាន​រួមគ្នា​ដើម្បី​សិក្សា​ថា​តើ​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចុះ​បញ្ជី​មាន​ចំនួន​ពិត​ប្រាកដ​ប៉ុន្មាន? និង​ថា​តើ​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​ប៉ុន្មាន កំពុង​ធ្វើ​សកម្មភាព ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ការ​សហការ​ជាមួយ​គ្នា។

លោក ប្រាក់ សំអឿន បាន​បញ្ជាក់ថា៖ «យើង​មិនទាន់បាន​ចាប់​ផ្តើម​ទេ តែ​យើង​មាន MoU រវាង​អគ្គនា​យកដ្ឋាន​រដ្ឋបាល​ជាមួយ​នឹង​អង្គការ CCC (អង្គការ​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា) យើង​នឹង​ជជែក​គ្នា​ចាប់​ផ្តើម​នៅ​ពេល​ណា ហើយ​ថា ត្រូវ​ធ្វើ​អ្វីខ្លះ យើង​មាន​គម្រោង​បែប​នេះ យើង​ងាយ​ស្រួល​នៅ​ក្នុង​ការ​គាំទ្រ និង​សហការ​គ្នា ហើយ​នៅ​ពេល​ដែល យើង​ដឹង​ចំនួន​ពិត​ប្រាកដ​វា​នឹង​ងាយ​ស្រួល​ក្នង​ការ​ធ្វើ​ការងារ»។

លោក​បញ្ជាក់ថា គម្រោង​ធ្វើជំរឿន​រួមគ្នា​នេះ​កើតឡើង​ក្រោយ​ពេល​ដែល​ក្រសួង​មហាផ្ទៃ​ទទួល​បាន​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​តែ​ជាង ២ ០០០ ប៉ុណ្ណោះ ក្នុង​ចំណោម​ជាង ៥ ៥០០ អង្គការ ហើយ​អង្គការ​មួយ​ចំនួន​ក៏បាន​បិទ​ទ្វារ​ដោយ​មិន​បាន​ដឹង​ថា ទៅ​ណា ឬ​ធ្វើ​សកម្មភាព​អ្វី​ទេ។

យោងតាម​របាយការណ៍​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០១៨ មាន​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​បាន​តម្កល់​សំណុំ​ឯកសារ និង​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ មាន​ចំនួន​សរុប ៥ ៥២៣ ដែល​ក្នុង​នោះ​សមាគម​មាន​ចំនួន ២ ២៩៧ សមាគម ខណៈ​ពេល​ដែល​មាន​តែ​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ប្រមាណ​ជាង ២ ០០០ ស្ថាប័ន​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​សកម្មភាព។

លោក សឿង សារឿន ប្រធាន​អង្គការ​គណៈកម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា​បាន​អះអាង​ថា ការ​ធ្វើ​ជំរឿន​នឹង​ចាប់​ផ្ដើម​ពី​ពេល​បច្ចុប្បន្ន​រហូត​ទៅ​ដល់​ដំណាច់​ខែ​តុលា ឆ្នាំ ២០១៩ ខាង​មុខ​នេះ។ ការ​ធ្វើ​ជំរឿន​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ក្រសួង​មហាផ្ទៃ​និង​អង្គការ​សង្គម​ស៊ីវិល​មាន​ទិន្នន័យ​ពិត​ប្រាកដ​ពី​ចំនួន​អង្គការ​សង្គម​ស៊ីវិល នឹង​ជួយ​ពង្រឹង​ទំនាក់​ទំនង​រវាង​អង្គការ​សង្គម​ស៊ីវិល និង​ក្រសួង​មហាផ្ទៃ។

លោក សឿង សារឿន បញ្ជាក់ថា៖ «យើង​បានចាប់ផ្តើម​រៀបចំ​ពី​ពេលនេះ​ទៅ​ហើយ យើង​កំពុង​រៀបចំ​ផែន​ការ​ចុះ​អនុវត្ត​ជាក់​ស្តែង​តាម​មូលដ្ឋាន យើង​កំពុង​រៀបចំ​ក្រុម​ការងារ និង​រៀបចំ​ផែនការ​ជាមួយ​ក្រសួង​ដើម្បី​ដាក់​គម្រោង​ថា ទៅ​ខេត្ត​ណា​រឿង​សំខាន់ យើង​ចង់​ធ្វើ​បច្ចុប្បន្ន​ភាព​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​បាន​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ហើយ​ប៉ុន្មាន​ដែល​កំពុង​ប្រតិបត្តិការ​ជាក់​ស្តែង និង​ប៉ុន្មាន​ដែល​កំពុង​ធ្វើ​សកម្មភាព​ដើម្បី​បង្កើន​ភាព​ជា​ដៃគូ​ឲ្យ​កាន់​តែ​រឹងមាំ​ជាពិសេស​អង្គការ​កំពុង​សហ​ប្រតិបត្តិការ»។

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា នៃ​រាជ​បណ្ឌិត្យសភា​បាន​ថ្លែង​ថា​ការ​ធ្វើ​ជំរឿន​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជា​ផ្នែក​មួយ​នៃ​វិធានការ​ច្បាប់​ដែល​ធ្វើឡើង​ដើម្បី​ធ្វើការ​សិក្សា​ស្វែង​យល់​ពី​សមាគម និង​អង្គ​ការ​មិនមែន​រដ្ឋាភិបាល ដោយសារ​តែ​កន្លង​មក​មាន​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ធ្វើ​សកម្មភាព​ផ្ទុយ​ទៅ​នឹង​ច្បាប់ និង​លក្ខន្តិកៈ​របស់ខ្លួន។

ដូច្នេះ​ក្រសួង​មហាផ្ទៃ​មាន​សមត្ថកិច្ច ក្នុងការ​ស៊ើប​អង្កេត​ក្នុងការ​អនុវត្ត​របស់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​អស់​ដើម្បី​ធានា​ថា ពួកគេ​អនុវត្ត​តាម​លក្ខន្តិកៈ​ដែល​បាន​តម្កល់​ទុក ហើយ​ធានា​ថា​ពួកគេ​ធ្វើតាម​គោល​ដៅ​របស់​គេ​ដែល​មិន​ប៉ះពាល់​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ ឬ​ស្ថិរភាព​សង្គម។ ខណៈ​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​បាន​បើក​អាជីវកម្ម​រកស៊ី​និង​រក​ប្រាក់​ចំណេញ​ដើម្បី​ផល​ប្រយោជន៍​បុគ្គល​តែ​ប៉ុណ្ណោះ។ លើស​ពី​នោះ​ប្រទេស​មហា​អំណាច​ណាខ្លះ​បាន​ប្រើប្រាស់​អង្គការ​សង្គម​ស៊ីវិល​ដោយ​ភ្ជាប់​នូវ​របៀបវារៈ​នយោបាយ​របស់​ខ្លួន​ដែល​មាន​ចេតនា​ចង់​ធ្វើការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល។

លោក​ថា៖ «អង្គការ​សង្គមស៊ីវិល​មួយចំនួន គាត់​បើក​ដូចជា​មុខរបរ អង្គការ​ខ្លះ​ឬ​សមាគម​ខ្លះ​គឺ​បើក​មុខរបរ​មួយ​ដើម្បី​រកស៊ី ដើម្បី​ផល​ប្រយោជន៍​បុគ្គល​ប៉ុន្មាន​នាក់ ដែល​ជា​ថ្នាក់​ដឹកនាំ​អង្គការ និង​សមាគម និង​ទី៣ មាន​ការ​ជួយ​ពី​ប្រទេស​មហា​អំណាច​ណាមួយ នោះ​ដែល​ប្រើប្រាស់​យន្តការ​នេះ​ដើម្បី​ភ្ជាប់​នូវ​របៀប​វារៈ​នយោបាយ​របស់​ខ្លួន​តាមរយៈ​អង្គការ​និង​សមាគម​ទៅ​ដល់​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន»៕