ភ្នំពេញៈ ក្រសួង​មហាផ្ទៃ និង​អង្គការ​អន្ដរជាតិ ទេសន្ដរប្រវេសន៍​ហៅ​កាត់​ថា IOM បាន​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​លើក​ទី​ ២ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ស្ដីពី​កតិកាសញ្ញា​ពិភពលោក​សម្រាប់​ទេសន្ដរប្រវេសន៍​ដោយ​សុវត្ថិភាព​រៀបរយ និង​ស្របច្បាប់ ដើម្បី​កំណត់​គោលបំណង​ដើម្បី​ដាក់ចូល​ក្នុង​ផែនការ​សកម្មភាព​របស់​កម្ពុជា​លើ​កិច្ចការ​ទេសន្តរប្រវេសន៍​។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​ថ្លែងថា មុន​នឹង​បើក​សិក្ខាសាលា​នេះ ក្រុម​បច្ចេកទេស​អន្តរក្រសួង​បាន​ជ្រើសរើស​គោលបំណង​អាទិភាព​ ៣ ​រួម​មាន​ការធានា​ថា ជន​ទេសន្តរប្រវេសន៍​មាន​ភ័ស្តុតាង​អត្តសញ្ញាណ និង​ឯកសារ​គ្រប់គ្រាន់ ការគ្រប់គ្រង​ព្រំដែន​រួមគ្នា ដោយ​សុវត្ថិភាព និង​ស៊ីចង្វាក់​គ្នា និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​សកល​សម្រាប់​ទេសន្តរប្រវេសន៍​ដោយ​សុវត្ថិភាព និង​ស្របច្បាប់​។

លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថា ជន​ទេសន្តរប្រវេសន៍​បាន​ជួប​នឹង​គ្រោះថ្នាក់​ជាច្រើន​រួចមកហើយ ហើយ​ក្នុង​ពេល​បច្ចុប្បន្ននេះ​ការធ្វើ​ទេសន្តរប្រវេសន៍​រឹតតែ​ប្រឈម​ខ្លាំង​ដោយហេតុថា ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ នៅ​មិន​ទាន់​ស្ងប់ស្ងាត់​នៅ​ឡើយ និង​កំពុង​កើនឡើង​ចំនួន​អ្នក​ឆ្លង​ថ្មី​ច្រើន​រាល់ថ្ងៃ​នៅក្នុង​ប្រទេស​ជាច្រើន​។ ស្ថានភាព​នេះ​បាន​ធ្វើឲ្យ​ប្រទេស​ទទួល​ពលករ ប្រឈម​ខ្លាំង​ទៅ​នឹង​ភាពប្រែប្រួល​ជា​អវិជ្ជមាន​នៃ​ចរន្ត​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សេដ្ឋកិច្ច​ពិភពលោក​ដែល​ជំរុញ​ឲ្យ​ដំណើរការ​នៃ​រោងចក្រ​សហគ្រាស និង​វិស័យ​សេវាកម្ម​នានា​រាំងស្ទះ ឬ​ផ្អាក​ដំណើរការ​ជា​បន្តបន្ទាប់​។

លោក​បន្តថា វិធានការ​បិទ​ព្រំដែន និង​ការបិទ​ការនាំ​ចូល​ពលករ​បរទេស​ក៏​ជា​មូលហេតុ​ចម្បង​មួយ​ដែរ ដែល​ធ្វើឲ្យ​ពលករ​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​គួរ​បន្ត​ស្នាក់នៅ​ក្នុង​ប្រទេស​គោលដៅ​ដោយ​មិនមាន​ការងារ​ធ្វើ ឬ​ក៏​ត្រូវ​ត្រឡប់មក​ភូមិកំណើត​វិញ​ដើម្បី​ជួបជុំ​គ្រួសារ​។

លោក​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​ ២១ ខែ​មីនា ដល់​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២០ មាន​ពលករ​កម្ពុជា​ដែល​ត្រឡប់​ពី​ការធ្វើ​ទេសន្តរប្រវេសន៍​ក្នុង​អំឡុងពេល​កូវីដ​១៩​ចំនួន​ ១០៣ ០០០ ​នាក់​ដែល​ក្នុង​នោះ​ស្ត្រី​មាន​ចំនួន​ ៤៥ ​ភាគរយ​។ កម្ពុជា​កំពុង​សង្គ្រោះ​ពលករ​ដែល​បាន​ឆ្លងដែន​ដោយ​ខុសច្បាប់​តាម​ច្រករបៀង ហើយ​ត្រូវ​បាន​ចាប់បញ្ជូន​មកវិញ​ក្នុង​ពេល​ដែល​ប្រទេស​គោលដៅ​បិទ​ប្រទេស ឬ​អនុវត្ត​វិធានការ​រឹតត្បិត​ដើម្បី​ទប់ស្កាត់​ការឆ្លង​កូវីដ​១៩​។

លោក ស ខេង ថ្លែង​ដូច្នេះ​ថា​៖ «​បន្ទាប់ពី​ការសម្រេច​ក្នុង​អង្គប្រជុំ​នេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​សម្រេច​ដាក់បញ្ចូល​គោលបំណង​ដែល​ជ្រើសរើស​បាន​ដាក់​ចូល​ក្នុង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​ជា​បន្ទាប់ ដើម្បី​ធានា​ថា ការធ្វើ​ទេសន្តរប្រវេសន៍​របស់​ប្រជាជន​កម្ពុជា​ទៅ​ប្រទេស​គោលដៅ​ទាំងឡាយ​ក៏ដូចជា​ជន​ទេសន្តរប្រវេសន៍​ដែល​មកពី​បណ្ដា​ប្រទេសក្រៅ​ចូលមក​កម្ពុជា​នឹង​ប្រកប​ដោយ​សុវត្ថិភាព រៀបរយ និង​ស្របច្បាប់​»​។

លោក​ស្នើឲ្យ​សិក្ខាសាលា​នេះ​ផ្ដោត​លើ​បញ្ហា​ ៤ គឺ​ការការពារ​ជនទេសន្តរប្រវេសន៍​ទាំង​ជនទេសន្តរប្រវេសន៍​ប្រក្រតី មិន​ប្រក្រតី អ្នក​ដែល​មាន​គម្រោង​ចាកចេញ​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស ទាំង​អ្នក​កំពុង​ស្នាក់នៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ និង​អ្នក​វិលត្រឡប់​មកវិញ​។ កិច្ចការ​ដែល​ត្រូវផ្ដោត​ការយកចិត្ត​ទុកដាក់​ដែរ​គឺ​ការរៀបចំ​ប្រព័ន្ធ​ទិន្នន័យ​សម្រាប់​កត់ត្រា និង​គ្រប់គ្រង​ឲ្យ​បាន​ជាក់លាក់​នូវ​ទិន្នន័យ​ជនទេសន្តរប្រវេសន៍​គ្រប់​ប្រភេទ ដើម្បី​ងាយស្រួល​ដាក់​វិធានការ​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នានា​ដែល​ជា​ភាពប្រឈម​របស់​ពលរដ្ឋ និង​ប្រទេស​ជាតិ​។

លោក​បន្ត​ថា សិក្ខា​សាលា​នេះ​ក៏​ពិភាក្សា​លើ​ដំណើរការ​វិលត្រឡប់ និង​ធ្វើ​សមាហរណកម្ម​ជនទេសន្តរប្រវេសន៍​ដែល​ក្នុង​កិច្ចការ​នេះ​ត្រូវ​រៀបចំ​គោលនយោបាយ វិធានការ និង​នីតិវិធី​ជាក់លាក់​ដោយ​មាន​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ ដើម្បី​ទទួល​បាន​ទិន្នន័យ លក្ខខណ្ឌ​នៃ​ការបញ្ជូន ជាពិសេស​ការកំណត់​វិធានការ​ការពារ​កុមារ​ដែល​សង្ស័យ​ថា​រងគ្រោះ ជាពិសេស​ដោយ​អំពើ​ជួញដូរ​មនុស្ស​។ ការកំណត់​អត្តសញ្ញាណ​ដោយ​ស្របច្បាប់ ពិសេស​សម្រាប់​កូន​ទេសន្តរប្រវេសន៍​នៅ​កម្ពុជា​ដែល​បាន​កើត​នៅក្នុង​ប្រទេស​កម្ពុជា​ក៏​ជា​កិច្ចការ​ដែល​ត្រូវ​ពិភាក្សា​ផងដែរ​។

លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា CENTRAL យល់ឃើញ​ថា ចំណុច​អាទិភាព​សម្រាប់​ពលករ​ចំណាកស្រុក គួរតែ​ផ្ដោតលើ​នីតិវិធី​នៃ​ការជ្រើសរើស​កម្មករ​ទៅ​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស​។ ការចំណាយ​នៃ​ការជ្រើសរើស និង​ឯកសារ គួរតែ​ធ្វើឡើង​ដោយ​មាន​តម្លាភាព និង​ជា​ការទទួល​ខុសត្រូវ​របស់​ភ្នាក់ងារ​ជ្រើសរើស​ និង​បញ្ជូន​ពលករ​។

លោក​ថ្លែងថា​៖ «​កាលណា​តម្លៃ​នេះ​ខ្ពស់​ពេក​ធ្វើឲ្យ​ពលរដ្ឋ​យើង​ទៅ​ខ្ចីលុយ​គេ ខ្ចីលុយ​ក្រៅ​ផ្លូវការ​ដូចជា​បងប្អូន​ញាតិមិត្ត អ្នក​ជិតខាង​ក្នុង​កម្រិត​ការប្រាក់​ខ្ពស់ ឬ​ខ្ចី​ពី​ធនាគារ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​។ បើ​គាត់​ខ្ចីលុយ​គេ ពេល​គាត់​ទៅ​ដល់​ប្រទេស​ទទួល​ភ្នាក់ងារ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​កាត់​ប្រាក់ឈ្នួល​គាត់​ដើម្បី​យក​មក​បង់ថ្លៃ​សេវា​រក​ការងារ​ឲ្យ​ធ្វើ​។ ការធ្វើ​បែបនេះ​ធ្វើឲ្យ​មាន​បំណុល ឬ​ការ​រក្សាទុក​លិខិត​ឆ្លងដែន ទិដ្ឋាការ វា​ធ្វើឲ្យ​រំខាន​ដល់​សេរីភាព​ក្នុង​ការដើរហើរ បញ្ចេញមតិ ប្រសិន​បើ​គាត់​មិន​សប្បាយ​ចិត្ត​នឹង​កន្លែង​ធ្វើការ គាត់​អត់​ហ៊ាន​ប្រកែក និង​តវ៉ា​»​។

លោក​បន្តថា ចំណុច​អាទិភាព​ ១ ​ទៀត​គឺ​ការបណ្ដុះបណ្ដាល​ដល់​ពលករ​មុន​ពេល​ពួកគាត់​ចាកចេញ​អំពី​របៀប​ធ្វើការ សិទ្ធិ និង​កាតព្វកិច្ច​របស់​គាត់​។ នៅពេល​ចរចា​ជាមួយ​ប្រទេស​ទទួល រដ្ឋ​គួរតែ​ចរចា​លើ​ការការពារ​ពលករ ជាជាង​ផ្ដោត​ទៅ​តែ​ចំនួន​។ លើស​ពី​នេះ​ក៏ត្រូវ​មានការ​ធ្វើ​អធិការកិច្ច​ដើម្បី​ដឹង​ច្បាស់​ពី​សុខទុក្ខ និង​ទីតាំង​របស់​ពលករ ហើយ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​នីមួយៗ​គួរ​ចុះ​ជួប​ពលករ​ឲ្យ​បាន​ញឹកញាប់​។

លោក​បន្ថែមថា នៅពេល​ពលករ​ត្រឡប់​មក​វិញ រដ្ឋ​ក៏​គួរ​ជួយ​ដល់​ពលករ​ក្នុង​ការប្រើប្រាស់​ជំនាញ​ដែល​គាត់​ទទួលបាន​ពី​ការធ្វើ​ការងារ​នៅក្រៅ​ស្រុក​។ «​ការចរចា​ជាមួយ​ប្រទេស​ទទួល ខ្ញុំ​គិតថា រដ្ឋ​គួរ​ផ្ដោតលើ​រឿង​ ២ គឺ​យន្តការ​ក្នុង​ការការពារ និង​វិស័យ និង​ជំនាញ​ដោយ​យើង​រំពឹងថា ពេល​ពលករ​យើង​ត្រឡប់​មកវិញ គាត់​ក្លាយ​ជា​ពលករ ឬ​កម្មករ​ជំនាញ​សម្រាប់​អភិវឌ្ឍ​ស្រុក​យើង​»៕