ភ្នំពេញ: ក្រសួង​មហាផ្ទៃ​ និង​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ ដើម្បី​កម្ពុជា​ (CCC) នឹង​ចាប់ផ្តើម​ធ្វើ​ជំរឿន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ចាប់ពី​ថ្ងៃទី​ ១០ ​ខែ​ តុលា​ ទៅ​ដល់​ថ្ងៃទី​ ២៩ ខែ វិច្ឆិកា​ ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​ចំនួន​ពិតប្រាកដ​នៃ​អង្គការ​សមាគម​ដែល​កំពុង​បន្ត​ធ្វើ​សកម្មភាព ខណៈ​ដែល​ចាប់តាំងពី​ឆ្នាំ ១៩៩៣ ​មក​មាន​អង្គការ សមាគម​ក្នុងស្រុក​ចំនួន ៥ ៣៨៦ បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​ ២៣ ខែ​ កញ្ញា​ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួល​បាន​កាលពី​ម្សិលមិញ​ឲ្យ​ដឹងថា អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួងមហាផ្ទៃ និង​អង្គការ​ CCC នឹង​សហការ​គ្នា​រៀបចំ​ធ្វើ​ជំរឿន​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​ចំនួន​ពិតប្រាកដ​របស់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ដែល​បាន​តម្កល់​សំណុំលិខិត និង​ចុះឈ្មោះ​ក្នុង​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ហើយ​ដែល​កំពុង​ធ្វើ​សកម្មភាព​ក្នុង​ប្រទេស​កម្ពុជា​។

ក្រសួងមហាផ្ទៃ​បញ្ជាក់ថា​៖ «​ការធ្វើ​ជំរឿន​នេះ ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​ ១០ ​ខែ តុលា ឆ្នាំ​ ២០១៩ រហូតដល់​ថ្ងៃទី​ ២៩ ខែ វិច្ឆិកា ឆ្នាំ​ ២០១៩ ខាងមុខនេះ​។ ​ក្រសួង​មហាផ្ទៃ​សូម​ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី ខេត្ត​ព្រម​ទាំង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ជួយ​សម្របសម្រួល​បង្ក​លក្ខណៈ​ងាយស្រួល​ និង​ចូលរួម​សហការ ដើម្បី​ឲ្យ​ការធ្វើ​ជំរឿន​នេះ​ទទួល​បាន​លទ្ធផល​ល្អ​»​។

លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា​ក្រសួង​មហាផ្ទៃ​មិន​ដែល​បាន​ធ្វើ​ជំរឿន​តួលេខ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ទេ​ចាប់​តាំងពី​ឆ្នាំ​ ១៩៩៣ ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​អង្គការ សមាគម​ធ្វើ​សកម្មភាព​នៅ​កម្ពុជា​។

លោក​បន្ត​ថា ការធ្វើ​ជំរឿន​នេះ​ក្នុង​គោលបំណង​ចង់ដឹង​ពី​ចំនួន​តួលេខ​ពិតប្រាកដ និង​ការចុះឈ្មោះ​ក្នុង​បញ្ជី​នៅ​ក្រសួងមហាផ្ទៃ​បាន​ត្រឹមត្រូវ​ឬ​យ៉ាងណា​? ​ព្រោះ​កន្លងមក​មាន​សមាគម និង​អង្គការ​ជាច្រើន​កំពុង​ធ្វើ​សកម្មភាព​លើ​ទស្សនវិស័យ​ផ្សេងៗ​គ្នា​។ ម្យ៉ាង​វិញ​ទៀត​ក៏​មាន​សមាគម​ និង​អង្គការ​ដែល​ទើប​តែ​បង្កើត​ថ្មី​ ប៉ុន្ដែ​ពួកគាត់​ខ្លះ មិន​បង្ហាញ​ពី​សកម្មភាព​បេសកកម្ម​របស់ខ្លួន​ឲ្យ​បានច្បាស់លាស់​ទេ​។

លោក​បញ្ជាក់​ថា​៖ «​អ្វី​ដែល​យើង​ធ្វើ​នាពេល​នេះ​គឺ​យើង​ចង់ដឹង​ពី​តួលេខ​ពិតប្រាកដ យើង​មិន​ចង់​បានតែ​តួលេខ តែ​គ្មាន​អង្គការ សមាគម​ធ្វើការ​ទេ អ៊ីចឹង​កន្លងមក​នេះ​មាន​អង្គការ​ខ្លះ​ក្ស័យធន់ បិទ​អត់​ប្រាប់​យើង ខ្លះ​បង្កើត​សមាគម​មក​ក៏​អត់​ប្រាប់​យើង​ដែរ អ៊ីចឹង​យើង​ចង់​បាន​តួលេខ​មួយ​ឲ្យ​ច្បាស់លាស់​»​។

លោក ខៀវ សុភ័គ បន្ថែម​ថា​កម្មវិធី​ធ្វើ​ជំរឿន​នេះ​មិនមែន​ក្នុង​ន័យ​ចង់​បំភិតបំភ័យ ឬ​គំរាមកំហែង​ដូច​ការគិត​របស់​អង្គការ ឬ សមាគម​មួយ​ចំនួន​នោះទេ​។ ម្យ៉ាង​ទៀត​ការរិះគន់​ពី​ការធ្វើ​ជំរឿន​នេះ គឺជា​សិទ្ធិ​នៃ​ការបញ្ចេញមតិ​របស់​ពួកគាត់​ព្រោះ​កម្ពុជា​ជា​ប្រទេស​គោរព​តាម​លទ្ធិប្រជាធិបតេយ្យ​។

កញ្ញា បុណ្យ រចនា នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​ក្លាហាន​បាន​ថ្លែង​ថា​វា​មិនមែន​ជា​កិច្ចការ​ចាំបាច់​ដែល​ត្រូវ​ធ្វើ​ជំរឿន​នោះ​ទេ ព្រោះ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ចុះបញ្ជី និង​តម្កល់​ឯកសារ​នៅ​ក្រសួង​មហាផ្ទៃ​រួចហើយ​ពោល​គឺ​ក្រសួង​មាន​បញ្ជី​ឈ្មោះ និង​លិខិតស្នាម​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ដៃ​។

កញ្ញា​បន្ត​ថា ​អង្គការ ក្លាហាន​ បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ខែ កញ្ញា ឆ្នាំ​ ២០១៨ ដោយ​បាន​ធ្វើ​សកម្មភាព​ស្រាវជ្រាវ និង​ចងក្រង​ភ័ស្តុតាង​សម្រាប់​ការធ្វើ​យុទ្ធនាការ​លុបបំបាត់​ការរើងអើង​លើ​ស្ត្រី​ក៏ដូចជា​កៀរគរ និង​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម ដើម្បី​ស្នើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​បទដ្ឋាន​សង្គម​ជា​វិជ្ជមាន​ព្រមទាំង​មាន​ការគោរព និង​លើកស្ទួយ​សិទ្ធិ​ស្ត្រី​នៅក្នុង​សង្គម​។

កញ្ញា រចនា បញ្ជាក់​ថា​៖ «​ខ្ញុំ​មិនទាន់​បាន​ទទួល​ព័ត៌មាន​អំពី​ការធ្វើ​ជំរឿន​នេះ​នៅឡើយ​។ អ៊ីចឹង​មិនទាន់​ដឹងថា ក្រសួង​តម្រូវ​ឲ្យ​ស្ថាប័ន​ត្រៀមខ្លួន​របៀប​ម៉េច ឬ​ឯកសារ​អ្វីខ្លះ​ទេ​។ ខ្ញុំ​គិតថា ក្រុមការងារ​ជំរឿន​គួរតែ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​លម្អិត និង​ទាន់​ពេលវេលា​ដល់​អង្គការ​ពាក់ព័ន្ធ ម្យ៉ាងទៀត​គួរ​បង្ហាញ​អំពី​វិធីសាស្ត្រ យន្តការ​និង​គោលបំណង​ច្បាស់លាស់​ថា តើ​ទិន្នន័យ​ដែល​ប្រមូល​បាន​នឹង​យក​ទៅ​ប្រើប្រាស់​របៀប​ម៉េច​?»​។

លោក ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) ថ្លែងថា លោក​គាំទ្រ​ការធ្វើ​ជំរឿន​នេះ ប្រសិន​បើ​ចង់ដឹង​ពី​តួលេខ និង​ស្រង់​ទិន្នន័យ​ដើម្បី​លើក​ទឹកចិត្ត​ដល់​អង្គការ​ដែល​កំពុង​ធ្វើការ​លើ​ការងារ​មនុស្សធម៌​ប៉ុន្ដែ​លោក​មិន​គាំទ្រ​ចំពោះ​ការ​ជំរឿន​ក្នុងន័យ​បំភិតបំភ័យ​ ឬ​គំរាមកំហែង​ដល់​សកម្មភាព​សមាគម និង​អង្គការ​ដែល​ធ្លាប់​រិះគន់​រដ្ឋាភិបាល​នោះទេ​។

លោក​បញ្ជាក់ថា លោក​ស្នើ​ឲ្យ​ក្រសួង និង CCC ជួយ​បង្ហាញ​គោលបំណង​ពិតប្រាកដ និង​ច្បាស់លាស់​ជាង​ចង់ដឹង​ពី​តួលេខ​ និង​ការចុះបញ្ជី​នេះ ព្រោះ​កុំ​ឲ្យ​មាន​អង្គការ​មួយចំនួន​មាន​ការព្រួយបារម្ភ​ពី​ស្ថានភាព​របស់​ខ្លួន​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនទាន់​អាច​វាយតម្លៃ​ថា វា​ជា​សារ​គំរាមកំហែង​ទេ តែ​ខ្ញុំ​ចង់ដឹង​ពី​សកម្មភាព​ជំរឿន និង​លទ្ធផល​ដែល​ពួកគាត់​បាន​ធ្វើ​ថា តើ​នៅពេល​ក្រសួង​ទទួល​បាន​តួលេខ​ពិតប្រាកដ ពួកគាត់​នឹង​យក​ទៅ​ប្រើប្រាស់​យ៉ាង​ណា​ខ្លះ​?»​។

បើ​យោង​តាម​ក្រសួង​មហាផ្ទៃ​ចាប់តាំងពី​ឆ្នាំ​ ១៩៩៣ ​មក​កម្ពុជា​មាន​អង្គការ សមាគម​ក្នុង​ស្រុក​ចំនួន​ ៥ ៣៨៦ ​បាន​ចុះបញ្ជី​ក្នុង​នោះ​សមាគម​មាន​ចំនួន ​២ ១៣៥ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន ៣ ២៥១ ហើយ​ក្នុង​ចំណោម​អង្គការ​សមាគម​ទាំងនោះ​គឺ​មាន​តែ​ចំនួន​ជិត ២ ០០០ ស្ថាប័ន​ប៉ុណ្ណោះ ដែល​បាន​បំពេញ​ការងារ​នៅក្នុង​ឆ្នាំ​ ២០១៦ និង​ឆ្នាំ ២០១៧៕