ភ្នំពេញៈ អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រ​វេសន៍​បាន​ស្នើ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បិទ​ច្រក​របៀង​​មួយ​ចំនួន​ហើយ និង​ពង្រីក​ទីតាំង​ ផ្តល់​បណ្ណ​​ព្រំដែន​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ច្រើន​កន្លែង​បន្ថែម​ទៀត​ដើម្បី​ទប់​​ស្កាត់​ពល​ករ​ចំណាក​ស្រុក​ និង​ទំនិញ​គេច​ពន្ធ។​ ​នេះ​បើ​យោង​តាម​លោក​ ​សុខ ផល​ ​រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ។​

​ការ​ដាក់​ស្នើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពីកិច្ច​ប្រជុំ​ពិ​ភាក្សា​លើ​ការ​ចេញ​ចូល​ច្រក​ទា្វរ​ព្រំដែន ​និង​ការ​ប្រើ​ប្រាស់​បណ្ណ​ព្រំដែន​ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ​ទី​ ​២៩ ខែ​ កក្ក​ដា​ ​ឆ្នាំ​ ២០១៩​ ​ដែល​បាន​ដឹក​នាំ​ ​ដោយ​ ​លោក​ ​សុខ​ ​ផល​ និង​មាន​ការ​ចូល​រួម​ពីអនុ​រដ្ឋ​លេខា​ធិការ​ ​អគ្គ​នា​យក​រដ្ឋ​បាល​ ​អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ​ទទួល​បន្ទុក​ការ​ពារ​ព្រំ​ដែន​ ​និង​អគ្គ​នាយក​រ​ង​នៃ​អគ្គ​នាយក​ ដ្ឋា​ន​អន្តោ​ប្រ​វេសន៍​នៅ​ក្រសួង​មហាផ្ទៃ។​

លោក​បញ្ជាក់​ថា​៖ ​«​យើង​ជំរុញ​បើក​ច្រក​ទ្វេ​​ភា​គី​រវាង​ប្រ​ទេស​ថៃ​និង​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​ប្រើ​ប្រាស់​ ​បណ្ណ​ព្រំដែន​ដែល​ទទួល​ស្គាល់​ដោយ​ផ្លូវ​ច្បាប់​ដោយ​ប្រ​ទេស​ទាំង​ ២​​ ដូច្នេះ​យើង​ជំរុញ​ឲ្យ​ប្រ​ជា​ជន​ ​ប្រើ​ប្រាស់​ ច្រក​ផ្លូវ​ការ​ដែល​ទទួល​ស្គាល់​ទាំង​​ទ្វេ​ភាគី​នៅ​ពេល​ដែល​យើង​បើក​ច្រក​ផ្លូវ​ការ​បាន​ច្រើន​ហើយ​យើង​​នឹង​ខិតខំ​បិទ​ច្រក​ខុស​ច្បាប់»។

​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​បណ្ណ​ព្រំដែន​គឺ​ជា​បណ្ណ​មួយ​សម្រាប់​សម្រួល​ឲ្យ​ប្រ​ជាជន​ចេញ​ចូល​តាម​ខេត្ត​ដែល​នៅ​ជាប់​ជា​មួយ​នឹង​ព្រំដែន​។​ ​ប៉ុន្តែ​លោក​មិន​អាច​ធ្វើ​អត្ថា​ធិប្បាយ​ថា​តើ​មាន​ច្រក​របៀង​ចំនួន​ប៉ុន្មាន​ដែល​បាន​ដាក់​ស្នើ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួ​ង​មហា​ផ្ទៃ​ដើម្បី​បិទ​នោះ​ទេ​ តែ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រ​​វេសន៍​បាន​ស្នើ​បិទ​ច្រក​របៀង​មួយ​ចំនួន​​ដែល​ប្រជា​ពលរដ្ឋ​បាន​និង​កំពុង​ប្រើប្រាស់។​

លោកថ្លែង​​ថា​៖​ «​ក្នុង​កិច្ច​ប្រជុំ​របស់​យើង​ ​យើង​បាន​លើក​ស្នើ​ទៅ​សម្តេច​រួច​ហើយ​ (​បិទច្រក​របៀង)​ យើង​ មិន​ទាន់​កំណត់​ ថា​ច្រក​ឈ្មោះ​មួយ​ណា ​នៅ​ឡើយ​ទេ​តែ​យើង​ដឹង​ហើយ​យើង​ស្នើ​ជា​គោល​ការណ៍​សិន​ ​ហើយ​ ​ច្រក​របៀង​នេះ​ ក៏​មាន​ ច្រើន​ដែរ ​ដែល​បច្ចុ​ប្បន្ន​ប្រជា​ជន​បាន​និង​កំពុង​ប្រើប្រាស់ដើម្បី​ចេញ​ចូល​រាល់​ថ្ងៃ»។​​

លោក​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​រាជ​រដ្ឋា​ភិ​បាល​ប្រ​ទេស​កម្ពុជា​និង​ប្រទេស​ថៃ​បាន​ឯក​ភាព​ ​បង្កើត ៤ ​ច្រក​ថ្មី​ដែល​ក្នុង​នោះ​ ច្រក​ភ្នំ​ដី​នៅ​ខេត្ត​បាត់​ដំបង​ ​ច្រក​អន្តរ​ជាតិ​ស្ទឹង​បត់​នៅ​បន្ទាយ​​មានជ័យ​ ដែល​បាន​និង​កំពុង​ ​តែ​ដំណើរ​ការ​ប្រើ​ប្រាស់​ ​ហើយ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​​បាន​កំពុង​ជំរុញ​ឲ្យ​មាន​ការ​បើក​ច្រក​អន្តរ​ជាតិ ​២ ​ផ្សេង​ទៀត។​

​លោក​ មឿន​ ​តុលា​ នាយ​ក​ប្រតិ​បត្តិ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ​ និង​សិទ្ធិ​មនុស្ស​បាន​គាំ​ទ្រ​និង​ស្វាគមន៍ វិធាន​ការ​នេះ​អាច​នឹង​ជួយ​កាត់​ប​ន្ថ​យ​ពល​ករ​ចំណាក​ស្រុក ​និង​ទំនិញ​គេច​ពន្ធ​លុះត្រា​ណា ​តែ​ក្រសួង​មហា​ផ្ទៃ​អា​ច​ទប់​ស្កាត់​អំពើ​ពុក​ រលួយ​នៅ​តា​ម​ព្រំ​ដែន​បាន​ផងដែរ។​

លោក​បញ្ជាក់​ថា​៖ ​«​ការ​បិទ​ច្រក​របៀង​វា​អាច​មាន​ប្រសិទ្ធ​ភាព​ដោយ​សារ​តែ​​កន្លង​មក​មាន​ការ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​តាម​ច្រក​របៀង​។​ ​ក៏​ប៉ុន្តែ​ប្រ​សិទ្ធ​ភាព​ឬ​យ៉ាង​ណា​វា​អា​ស្រ័យ​ទៅ​លើ​ការ​កាត់​បន្ថយ​អំ​ពើ​ពុក​រលួយ​​របស់​មន្ត្រី​​តាម​ច្រក​ព្រំ​ដែន​លុះ​ត្រាយើង​ធ្វើ​កា​រ​ ​សហការ​គ្នា​រវាង​អាជ្ញា​ធរ​ថៃ​និង​កម្ពុជា​ឲ្យ​បាន​ហ្មត់​ចត់​ទើប​យើង​អាច​កាត់​បន្ថយ​បាន»។​

​បើ​យោង​តាម​គេ​ហទំព័រ​ក្រសួង​មហា​ផ្ទៃ​ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ទី ២៩ ​ខែ ​កក្កដា​ ឆ្នាំ​ ២០១៩ ​បាន​ឲ្យ​ដឹង​ថា​ កិ​ច្ច​ប្រ​ជុំ​នេះ​មាន​គោល​ដៅ​ស្ដាប់​របាយ​ការណ៍​ជំនាញ​ ​និង​របាយ​ការណ៍​ស្ដី​ពី​ការ​ថ្នាំង​ថ្នាក់​ចិត្ត​របស់​ប្រជា​ពល​រដ្ឋ​នៅ​ តាម​តំបន់​ព្រំដែន​មួយ​ចំនួន ជា​ពិសេស​តំបន់​ព្រំដែន​រវាង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ​និង​ព្រះ​រាជា​ណា​ចក្រ​ថៃ​ ដែល​ជួប​ការ​លំបាក​ក្នុង​ការ​ចេញ​ចូល​ ឆ្ល​ង​កាត់​ព្រំ​ដែន​ឲ្យ​បាន​សម​ស្រប​ក្រោយ​ពី​មាន​ការ​បិទ​ច្រក​របៀង​ ​ជា​ច្រក​មិន​ផ្លូវ​ការ​មួយ​ចំនួន​រួចមក។​

​គេ​ហ​ទំ​ព័រ​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា ​ការ​ងារ​សំខាន់​ចំពោះ​មុខ​ដែល​តម្រូវ​ឲ្យ​មាន​ការដោះ​ស្រាយ​ក្រោយ​កិ​ច្ច​ប្រជុំ​នេះ​មាន​ចំនួន​ ០៣ រួម​មាន​៖​ ​១-ពង្រីក​ទី​តាំង​ផ្តល់​បណ្ណ​ព្រំ​ដែន​ ​ដល់​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​ ច្រើន​កន្លែង​បន្ថែម​ទៀត​ ២​​-បង្កើត​ច្រក​សំខាន់ៗ​មួយ​ចំនួន​ឲ្យ​ទៅ​ជា​ច្រក​តំបន់​ជា​ផ្លូវ​ការ​ ៣-​រក្សា​ការ​ចេញ​ចូល​តាម​ ទម្លាប់​បច្ចុ​ប្បន្ន​ឱ្យ​ស្ថិត​ក្នុង​ស្ថាន​ភាព​ដូច​ប្រក្រតី​មួយ​រយៈ​ដដែល​ ដោយ​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ជា​មួយ​ប្រទេស​ជិត​ខាង​អាច​ចំណាយ​រយៈពេល​យូរ។​

លោក​​ ​ឈុំ​ ​សុជាតិ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការពា​រ​ជាតិ​បាន​ថ្លែង​កា​ល​ពី​ដើម​ខែ ​កក្កដា​ ឆ្នាំ​ ២០១៩​ ថា​ ក្នុង​ឆ្នាំ​ ២០១៩​ ​ក្នុង​រយៈ​ពេល​ឆមាស​ទី១​​ កង​យោធ​ព​ល​ខេម​រភូមិន្ទ​បាន​ទប់​ស្កាត់ ​និង​បង្ក្រាប​បទ​ល្មើស​ផ្សេង​ៗ​សរុប​បាន​ចំនួន​ ​២ ​៩៨១ ​ក​រ​ណី ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ ​ក្នុង​នោះ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​​ថៃ​ មាន​ចំនួន ​១ ២៨៩ ​ករណី៕