ភ្នំពេញៈ ក្រសួងមហាផ្ទៃកាលពីម្សិលមិញបានសម្រេចបង្កើតក្រុមការងារមួយដើម្បីសិក្សានិងពិភាក្សាជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែនដើម្បីស្វែងរកដំណោះស្រាយសមស្របទាក់ទងនឹងបញ្ហាណាមួយនៅតាមព្រំដែន។
សេចក្ដីសម្រេចនេះ ត្រូវបានចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៩ ដោយមានសមាសភាព ១០ រូប ក្នុងនោះ មានលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធានលោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន និង ៨ រូបទៀតជាសមាជិក។
បើតាមសេចក្ដីសម្រេច ការបង្កើតក្រុមការងារនេះឡើងគឺដើម្បីសិក្សា និងពិភាក្សា ជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែន និងពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អំពីកិច្ចដំណើរការក្នុងការបើកច្រកទ្វារព្រំដែនដែលបានសម្រេច។
សេចក្តីសម្រេចដដែលបានឲ្យដឹងថា៖ «ក្រុមការងារនេះមានភារកិច្ចដូចខាងក្រោម៖ ចុះពិនិត្យ និងសិក្សាពីស្ថានភាពជាក់ស្តែង នៃច្រកទ្វារព្រំដែននីមួយៗដែលបានព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសជាប់ព្រំដែនដើម្បីស្វែងរកដំណោះស្រាយសមស្រប។ សម្របសម្រួលពិភាក្សា និងចរចាជាមួយភាគីនៃបណ្តាប្រទេសជាប់ព្រំដែន ដើម្បីជំរុញកិច្ចដំណើរការបើកច្រកទ្វារព្រំដែនដែលបានព្រមព្រៀងរវាងកម្ពុជានិងបណ្តាប្រទេសជាប់ព្រំដែន»។
សេចក្តីសម្រេចបន្ថែមថា ក្រុមការងារនេះមានភារកិច្ចធ្វើរបាយការណ៍អំពីលទ្ធផល ការងារ និងសុំយោបល់ថ្នាក់ដឹកនាំ ផ្ទាល់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់ហើយក្រុមការងារនេះមានសិទិ្ធប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីជួយការងារតាមតម្រូវការចាំបាច់។
លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលជាប្រធានក្រុមការងារនេះបានថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍កាលពីម្សិលថា ក្រុមការងារនេះមានភារកិច្ចសិក្សា ពិភាក្សា និងត្រួតពិនិត្យរាល់ការងារទាក់ទងនឹងច្រកទ្វារព្រំដែនថ្មីៗ នៅតាមបណ្តាព្រំដែនដូចជាព្រំដែនប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាមហើយក្រុមការងារនេះធ្វើការសហការជាមួយនឹងបណ្តាប្រទេសជាប់ព្រំដែនទាំងនោះដើម្បីសិក្សាពីលទ្ធភាព និងបញ្ហាផ្សេងក្នុងការកសាងច្រកព្រំដែនថ្មី។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមានគម្រោងថា នៅអាទិត្យទី ៣ ឬទី ៤ នៃខែនេះយើងនឹងប្រជុំគណៈកម្មការក្រុមការងាររៀបចំផែនការដើម្បីលើកទិសដៅដើម្បីថា យើងនឹងធ្វើការងារអ្វីខ្លះ»។
លោកបន្ថែមថា ក្រុមការងារនេះមិនមានភារកិច្ចពាក់ព័ន្ធនឹងបិទច្រករបៀងនានានៅតាមបណ្តាព្រំដែនដើម្បីទប់ស្កាត់ ការនាំចូលទំនិញគេចពន្ធ និងទប់ស្កាត់ការនាំពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់នោះទេ។
យ៉ាងណាក្ដី ការបង្កើតក្រុមការងារនេះធ្វើឡើងបន្ទាប់ពីលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្គាប់កាលពីថ្មីៗនេះឱ្យអាជ្ញាធរអាជ្ញាធរបិទច្រករបៀងនានានៅតាមបណ្តាព្រំដែនដើម្បីទប់ស្កាត់ការនាំចូលទំនិញគេចពន្ធ និងទប់ស្កាត់ការនាំពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។
កាលពីថ្ងៃ ២ មករា ថ្មីៗនេះ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងឆ្នាំ ២០១៨ កន្លងទៅ កងទ័ពជើងគោកបានត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗសរុបបាន ៥១៩៣ ករណីនៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជាប់កម្ពុជា។
លោកក៏បានប្រៀបធៀបស្ថានភាពសន្តិសុខនៅតាមព្រំដែនក្នុងឆ្នាំ ២០១៨ ថា មានភាពល្អប្រសើរជាងឆ្នាំ ២០១៧៕