
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ការចុះបញ្ជីផ្ដល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យាន នៅថ្ងៃនេះ។ ហ្វេសប៊ុក
ភ្នំពេញៈ ក្រសួងមហាផ្ទៃបានចេញសេចក្ដីណែនាំស្ដីពីការបង្កើនវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទឧក្រិដ្ឋឆ្លងដែននៅក្នុងប្រទេស កម្ពុជា ក្រោយពេលថ្មីៗនេះក្រសួងបានសង្កេតឃើញថា មានអ្នកប៉ុនប៉ងលួចលាក់ធ្វើសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងភូមិសាស្រ្ដមួយចំនួន។
សេចក្ដីណែនាំនេះចុះហត្ថលេខាដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថាដើម្បីបន្តថែរក្សាពង្រឹងនូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយមិនទុកឲ្យមានភាពចន្លោះប្រហោង សម្រាប់ពួកឧក្រិដ្ឋជនធ្វើសកម្មភាពបំផ្លិចបំផ្លាញសង្គមជាតិបាន ក្រសួងមហាផ្ទៃបានធ្វើការណែនាំដល់កងកម្លាំងនគរបាលជាតិ និងសមត្ថកិច្ចក្រោមឱវាទដែលមានការពាក់ព័ន្ធ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវឱ្យបានជាប់ជាប្រចាំ និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ មានដូចជា អំពើភេរវកម្ម ចរាចរណ៍ជួញដូរគ្រឿងញៀនខុសច្បាប់ បទល្មើសសម្អាតប្រាក់ ការជួញដូររត់ពន្ធមនុស្ស ការជួញដូរអាវុធខុសច្បាប់ និងបទល្មើសបច្ចេកវិទ្យាជាដើម។
សេចក្ដីណែនាំនេះឲ្យដឹងថា៖ «ក្រសួងមហាផ្ទៃ សូមដាក់ចេញនូវបទបញ្ជាដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ត្រូវបង្កើនវិធានការក្នុងការសហការស្រាវជ្រាវ បង្ការទប់ស្កាត់ និងបង្រ្កាបឱ្យបានម៉ឺងម៉ាត់ នៅតាមច្រកទ្វារអន្ដរជាតិ ច្រកទ្វារព្រំដែនអន្ដរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែនកំពង់ផែសមុទ្រ និងតាមខ្សែបន្ទាត់ព្រំដែន ហើយត្រូវរាយការណ៍ស្នើសុំគោលការណ៍ចង្អុលដឹកនាំជាបន្ទាន់ពី ក្រសួងមហាផ្ទៃ ក្នុងករណីមានបទល្មើសកើតឡើង»។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរគ្រឿងញៀន និងការសម្អាតប្រាក់ជាការគំរាមកំហែងដ៏ពិតប្រាកដមួយសម្រាប់កម្ពុជា។
លោកថ្លែងថា៖ «ជារឿយៗបទល្មើសទាំងអស់នេះ អាចប្រព្រឹត្តទៅបានដោយសារការឃុបឃិត និងសមគំនិតរបស់មន្ត្រីពុករលួយដែលមានតួនាទីទប់ស្កាត់ ឬបង្រ្កាប និងការធ្វេសប្រហែសរបស់សមត្ថកិច្ច»។
លោកថ្លែងបន្តថា៖ «ការដាស់តឿន ក្រើនរំឭករបស់ក្រសួងមហាផ្ទៃ គឺជាការល្អ ប៉ុន្តែត្រូវផ្សារភ្ជាប់ជាមួយយន្តការដែលអ្នកមានជំនាញចូលរួមអនុវត្ត សមាសភាពចម្រុះ និងការតាមដានការអនុវត្ត ដើម្បីធានាប្រសិទ្ធភាព»៕