ភ្នំពេញៈ ក្រសួង​មហា​ផ្ទៃ​កាល​ពី​ម្សិល​មិញ​បាន​ប្រ​កាស​លទ្ធ​ផល​ជា​​ផ្លូវ​ការ​ដោយ​ទទួល​ស្គាល់​ជនបរទេស​អន្តោ​ប្រវេសន្ត​ចំនួន​ជាង ៧ ម៉ឺន​នាក់​ មាន​ប័ណ្ណ​ស្នាក់​នៅ​អចិន្រៃ្តយ៍​នៅ​កម្ពុជា​​ ​ក្រោយ​រដ្ឋសភា​អនុម័ត​ច្បាប់​ស្ដី​ពី​​អន្តោ​ប្រវេសន៍ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ១៩៩៣។​

យោង​តាម​របាយ​ការណ៍​ស្ដី​ពី​លទ្ធផល​បូក​សរុប​ការ​ងារ​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី និង​ការ​ទទួល​ពាក្យ​សុំ​ទទួល​ស្គាល់​ជា​ជន​បរទេស​អន្តោ​ប្រ​វេសន្ត​ ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា​៖​ ​«​ក្រសួង​មហា​ផ្ទៃ​តែង​បាន​យក​ចិត្ត​ទុក​ដាក់​ប្រ​កប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ក្នុង​ការ​ប្រ​មូល​ផ្ដុំ​ដឹក​នាំ​ និង​ចាត់​វិធាន​ការ​នានា​ដើម្បី​អនុ​វត្ត​ច្បាប់​ស្ដី​ពី​អន្តោ​ប្រវេសន៍»។​

របាយ​ការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្រសួង​មហាផ្ទៃ​បាន​ចាត់​ឲ្យ​ធ្វើ​ជំ​រឿន​ស្ថិ​តិចំ​នួន ​២ ​លើក​ ដើម្បី​រៀប​ចំ​ផែន​ការ​ពិនិត្យ​ដោះ​ស្រាយ ​សំ​ដៅ​មាន​ការ​គ្រប់​គ្រង​ឲ្យ​បាន​ច្បាស់​លាស់ ​ដែល​ជំរឿន​លើក​ទី១ នៅ​ឆ្នាំ ១៩៩៥​ និ​ង​លើកទី២ នៅ​ឆ្នាំ ២០០២។​

របាយ​ការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ ​«​ប៉ុន្តែ​ផែន​ការ ​និង​វិធាន​ការ​ទាំង​ឡាយ​នោះ​​ត្រូវ​ទទួល​បាន​នូវ​ភាព​ទាល់​ច្រក​ជាបន្ត​បន្ទាប់​អាស្រ័យ​ដោយ​គណ​បក្ស​នយោ​បាយ​ខ្លះ​ ពិសេស​គណ​បក្ស​ប្រ​ឆាំង​ មិន​ត្រឹម​តែមិន​ចូល​រួម​ដោះ​ស្រាយ ​ប៉ុន្តែ​ជា​និច្ច​កាល​តែង​បាន​លើ​ក​យក​កិច្ច​ការ​អន្តោ​ប្រ​វេសន៍​នេះ​មក​ធ្វើ​ជា​ប្រ​ធាន​ប​ទ​បំ​ផុស​កំ​ហឹង​ប្រ​ជា​ពល​រដ្ឋ​ និង​ធ្វើ​ការ​វាយ​ប្រ​ហារ​មក​លើ​រាជ​រដ្ឋា​ភិបាល​ដើម្បី​កេង​ចំ​ណេញ​ខាង​នយោ​បាយ​សម្រាប់​គណ​បក្ស​ខ្លួន​ ជា​ពិសេស​ពេល​ជិត​មាន​ដំណើរការ​បោះឆ្នោត​ម្ដងៗ»។​

លោក​ ​ស​ ​ខេង​ ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ម្សិល​មិញ​បាន​ធ្វើ​ជា​អធិប​តី​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​លទ្ធ​ផល​ការ​ងារ​ដក​ហូត​ឯក​សារ​រដ្ឋបាល​កម្ពុ​ជា​មិន​ប្រ​ក្រតី ​ដែល​ជន​បរ​ទេស​កាន់​កាប់​ប្រើ​ប្រាស់ ​និង​ការ​ទទួល​ពាក្យ​សុំ​ប្រកាស​ទទួល​ស្គាល់​ជា​ជន​បរ​ទេស​អន្តោប្រវេសន្ត​ ​និង​ប័ណ្ណ​ស្នាក់​នៅ​អចិ​ន្រៃ្តយ៍ ​ដោយមាន​ការ​ចូល​រួម​ពី​មន្ត្រី​ជាន់​ខ្ពស់​ពី​ក្រ​សួង​មហា​ផ្ទៃ​ និង​នគរបាល​ជាតិ។​

ឯកសារមិន​ប្រក្រតីដែល​ត្រូវ​បាន​ដក​ហូត​ពី​ជន​បរទេស​​។ហេង ជីវ័ន

​លោក​ ស​ ខេង ​ថ្លែង​ថា​៖​ «​ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​នៃ​ការ​អនុ​វត្ត​ច្បាប់​ ​និង​ដើម្បី​ទប់​ស្កាត់​ជន​បរទេ​សដែល​តាំង​ទី​លំ​នៅ​យូ​រនៅ​ ប្រទេស​ កម្ពុជា​ ដែល​អាច​បង្ក​ឲ្យ​មាន​​ភាព​ច្របូក​ច្រ​បល់​ ​មិន​អាច​គ្រប់​គ្រង​បាន ​និង​ជះ​ឥទ្ធិពល​ អ​វិ​ជ្ជ​មាន​ ដល់​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ និង​សុវតិ្ថ​ភាព​សង្គម​ និង​សិទិ្ធ​មនុស្ស»។

លោក​ថ្លែង​បន្ត​​ថា​៖​ «​ខ្ញុំ​គាំ​ទ្រ​និង​ឯក​ភាព​ចំពោះ​ការ​សន្និ​ដ្ឋាន​វាយ​តម្លៃ​ ​ក្នុង​របាយ​ការណ៍​ដែល​ បាន​ចាត់​ទុក​ថា ការ​ធ្វើ​ជំរឿន​ជ​ន​​បរទេស​ ​ការ​ដក​ហូត​ឯក​សារ​រដ្ឋ​បាល​មិន​ប្រ​ក្រ​តី​ដែល​​ជន​បរទេស​កាន់​កាប់​ដោយ​ខុស​ ច្បាប់​គឺ​ជា​ជោគ​ជ័យ ដ៏​ធំ​ធេង​មួយ​សម្រាប់​រាជរដ្ឋាភិបាល​យើង​»​។ ​​

យោង​តាម​របាយការណ៍​​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា ​សមត្ថ​កិច្ច​បាន​ដក​ហូត​ឯក​សារ​កម្ពុជា​មិន​ប្រ​ក្រ​តី ​និង​ជន​បរទេស​កា​ន់​កាប់​ជាង​ ៣ ម៉ឺន ៧ ​ពាន់​ច្បាប់​ ​ដែល​ក្នុង​នោះ​មាន​ជន​បរទេស​ចំនួន​ ​២០ ០៩៣ ​គ្រួសារ​ ​មនុស្ស​ ​៦៩ ​៨៨៤​ នាក់ ​មាន ​១០​ ​សញ្ជាតិ។

​ជា​មួយ​គ្នា​នេះ​ដែរ​បាន​ទទួល​ពាក្យ​ស្នើ​សុំប្រ​កាស​ទទួល​ស្គាល់ជា​ជន​បរទេស​អន្តោ​ប្រ​វេសន្ត​ចំ​នួន ​៧១​ ​៩៩១​នា​ក់ ​ស្មើ​និ​ង​ចំនួន​ ៣២ ៧៣៥ ​គ្រួសារ​ ​មាន​សមា​ជិក​សរុប​ចំនួន​ជាង​ ១០​ ម៉ឺន​ ៣ ​ពាន់​នាក់ ​ក្នុង​នោះ​ភា​គ​ច្រើ​ន​សញ្ជាតិ​វៀត​ណាម​ បន្ទាប់​មក​ ​ឡាវ​ ថៃ​ ភូមា​ ចិន​ ឥណ្ឌូ​នេ​ស៊ី​ នេ​ប៉ាល់ បង់ក្លាដេស​​ ​តង់​ហ្សានីញ៉ា ​និង​អាល្លឺម៉ង់ ។​​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​លោក​ ស៊ឹង​ ​សែន​ករុណា​​ អ្នក​នាំ​ពាក្យ​សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​ចាត់​ទុក​យុទ្ធ​នាកា​រ​នេះ​ថា មិន​ទាន់​ទទួលបាន​ជោគ​ជ័យ​នៅ​ឡើយ​ ដោយ​សារ​តែ​មន្ត្រី​ដែល​បាន​ពាក់ព័ន្ធ​​ក្នុង​ការ​ចេញ​លិខិត​ និង​ឯក​សារ​មិន​ប្រ​ក្រ​តី​ទទួល​វិន័យ​ទៅ​តាម​ច្បាប់​ហើយ​ថា​ ក្រ​សួង​ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ​ និង​ដាក់​ទោស​ទណ្ឌ​តា​ម​ច្បាប់​ចំពោះ​​អ្នក​ដែល​ពាក់​ព័ន្ធ​ក្នុង​ការ​ចេញ​លិខិត ​និង​ឯក​សារ​ទាំង​នេះ​ដើ​ម្បី​ទ​ប់​ស្កាត់​ករណី​កើត​ឡើង​វិញ។​

​លោក​បញ្ជាក់​ដូច្នេះ​ថា​៖​ «​វា​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​អនុ​វត្ត​តួនា​ទី​របស់​មន្ត្រី​អាជ្ញា​ធរដែល​មាន​ភាព​ចន្លោះ​ប្រហោង​ដែល​ បណ្តោយ​ឲ្យ​មាន​ការ​ចេញ​ឯក​សារ​ទាំ​ង​អស់​ហ្នឹង​ ​ហើយ​អាច​មាន​អំ​ពើ​ពុ​កលួ​យ​ក្នុង​ការ​ចេញ​លិខិត​ និង​ឯក​សារ​ទាំ​ង​​នេះ​ឲ្យ​ជន​បរទេស​ ហើយ​ករណី​ទាំង​នេះ​ក្រ​សួង​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ និង​ទោស​ទណ្ឌ​រ​ដ្ឋ​បាល​ ហើ​យ​ពួ​ក​គេ​ អាច​ប្រ​ឈម​នឹង​ទោស​ព្រហ្ម​ទណ្ឌ​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​លិខិត»៕