ភ្នំពេញៈ ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ឱ្យ​អភិបាល​រាជធានី​ខេត្ត ​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ ​និង​ស្ថាប័ន ​អង្គភាព​ជំនាញ​ដើម្បី​រក្សា​សន្តិសុខ​ សុវត្ថិ​ភាព ​និង​សណ្តាប់​ធ្នាប់​ក្នុងការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​បាក់ឌុប ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ​១៩​ និង​ ២០ ខែ​សីហា​ខាងមុខ។

លិខិត​របស់​ក្រសួង​មហាផ្ទៃ​ដែល​ចុះហត្ថលេខា​ដោយ​ លោក ​សក់ សេដ្ឋា ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​កាលពី​ថ្ងៃ​ទី ១៧​ ខែ កក្កដា ​ដែល​ភ្នំពេញ​ប៉ុស្តិ៍បាន​ទទួលកាលពី​ថ្ងៃទី ២០ ​កក្កដា ​បាន​ស្នើ​ឱ្យ​អភិបាល​រាជធានី ​ខេត្ត ​រៀបចំ​កម្លាំង​ការពារ​សន្តិ​សុខ​ សុវត្ថិភាព​ដល់​បេក្ខជន​ និង​អា​ណាព្យាបាល​បេក្ខជន​ រក្សា​សណ្តាប់​ធ្នាប់ ​និង​របៀប​រៀបរយ​នៅ​តាម​មណ្ឌល​ប្រឡង ​និង​សុវត្ថិភាព​ដឹកជញ្ជូន ​និង​ការរក្សា​ទុក​ដាក់​ហិប​វិញ្ញាសា និ​ង​ដុំ​កិច្ចការ​របស់​បេក្ខជន។

ក្រសួង​មហាផ្ទៃ​ក៏​បាន​ប្រាប់​ឱ្យ​អភិបាល​រាជ​ធានី​ខេត្ត ​រក្សា​ទប់ស្កាត់​បាតុភាព​មិនប្រក្រតី​ក្នុង​កា​រប្រឡង ​ដូចជា​ការ​ប្រើ​ប្រាស់​ឧបករណ៍​អេឡិច​ត្រូនិក ​និង​អាជីវកម្ម​ថត​ចម្លង​សំណៅ​ឯកសារ​ជាដើម។​

លោក​ រស់ សុវាចា ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ពី​ម្សិល​មិញ​ថា ​ក្រសួង​អប់រំ​បាន​ត្រៀម​ខ្លួន​​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រ​ឡង​នេះ។ ក្រសួង​បន្ត​ស្វាគមន៍ ​និង​ថ្លែង​អំណរគុណ​ចំពោះ​កិច្ច​សហការ​ពី​គ្រប់ភាគី​ពាក់​ព័ន្ធ​ដូច​ឆ្នាំ​កន្លង​ទៅ​ដែរ។

លោក ​សុវាចា ​បញ្ជាក់ថា​៖ «​កិច្ច​សហការនេះ​បង្ហាញ​ពី​ស្មារតី​សាមគ្គី​គ្នា ​ដើម្បី​បុព្វហេតុ​រួម​សម្រាប់​ទ្រទ្រង់​គុណ​ភាព​មូលធន​មនុស្ស»។

ថ្លែង​ក្នុងកិច្ច​ប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​ការងារ​ដក​ហូត​ឯក​សារ​រដ្ឋបាល​កម្ពុជា​មិនប្រក្រតី ​ដែលជន​បរទេស​កាន់​កាប់​ប្រើ​ប្រាស់​ និង​ការទទួល​ពាក្យ​សុំ​ប្រកាស​ទទួល​ស្គាល់ ​ជាជន​បរទេស​អន្តោប្រវេសន្ត ​និង​បណ្ណ​ស្នាក់​នៅ​អចិន្រៃ្តយ៍ ​កាលពី​ថ្ងៃទី ១៧​ កក្កដា​ ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក​ ស ខេង ​បាន​ប្រាប់ឱ្យ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ រដ្ឋបាល​រាជធានី​ខេត្ត ​និង​ស្នងការ​ដ្ឋាននគរ​បាល​រាជធានី​ខេត្ត ​បំពេញ​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការ​ថែរក្សា​សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​នៅ​ពេល​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ។

លោក​ ស ខេង ​ថ្លែងថា​៖ «ធ្វើ​ម៉េច​ធ្វើឱ្យ​ការប្រឡង​នេះ ​វា​ទទួល​បាន​​គុណភាព ​សុវត្ថិភាព ​ហើយ​និង​គុណភាព ​លទ្ធ​ផល​ល្អ​ប្រ​សើរ។ ខ្ញុំ​នឹង​ធ្វើការ​ណែនាំ​ជា​លាយ​លក្ខណ៍​អក្សរ​បន្ថែម​ទៀត​ផ្អែក​តាម​សំណើ​របស់​ក្រសួង​អប់រំ»។​

ក្រសួង​អប់រំ​ប្រកាសថា ​ទោះបី​មិនមាន​អ្នកសង្កេតការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​(ACU)​ តែ​ក្រ​សួង​អប់រំ​ យុវ​ជន​និង​កីឡា ​នៅតែ​បន្ត​សហការ​ជាមួយ​ ACU ​ប្រសិនបើ​មាន​អំពើ​ពុករលួយ​កើត​ឡើង។

ការប្រឡង​បាក់​ឌុប​ឆ្នាំ​ ២០១៩ ​​នេះ​ មាន​បេក្ខជន​ចំនួន​ ១១៩ ២១៧​ នាក់ (ស្រី​ ៦១ ០៣១​ នាក់ ​និង​ជនពិការ ៥ នាក់)។ ចំនួន​បេក្ខជន​មាន​ការ​កើនឡើង​ចំនួន​ ៥ ៨៥២ នាក់​សម្រាប់​ឆ្នាំ​ ២០១៩​ បើ​ធៀប​នឹង​ការ​ប្រឡង​ឆ្នាំ ២០១៧ ​និង​ ២០១៨។ មណ្ឌល​ប្រឡង​មាន​ ២០២ ​កើន ​៦ មណ្ឌល​បើ​ធៀបនឹង​ឆ្នាំ​ ២០១៨​។

លោក ​អុឹម សុធី ​នាយក​ប្រតិ​បត្តិ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា ​ថ្លែង​ពីម្សិលមិញ​ថា ​វា​ជាការ​ល្អ ​ក្នុងការ​ពង្រឹង​គុណភាព​អប់រំ ​បើ​ក្រសួង​មហាផ្ទៃ​រៀបចំ​កិច្ច​អន្តរា​គមន៍​ពីថ្នាក់​ខេត្ត ​និង​ថ្នាក់​​ស្រុក​ចូលរួម​ត្រួតពិនិត្យ​កិច្ច​ការ​​ប្រឡង​នេះ។ ប៉ុន្តែ​អ្វី​ដែល​លោក​ព្រួយ​បារម្ភនោះ​ គឺ​ក្រែង​លោ​មាន​តែ​វិធានការ។ លោក​ថា​ បើ​មាន​វិធាន​ការ​ហើយ​ក៏ត្រូវ​ចុះ​ទៅ​ត្រួត​ពិនិត្យ​មើល​ថា តើ​កិច្ច​ការ​នេះ​ត្រូវបាន​អនុវត្ត​ត្រឹម​ត្រូវ​ហើយ​ឬនៅ?។

លោក​ សុធី ​បញ្ជាក់ថា​៖ «បើ​តាម​ខ្ញុំ​គិត​ បើ​សិនជា​យើង​ទាំង​អស់​គ្នា​ខំ​ធ្វើ​កិច្ចការ​ហ្នឹង ​ធ្វើ​ម៉េច​ដើម្បី​ឱ្យវា​រីក​ចម្រើន​លើ​ប្រព័ន្ធ​អប់រំ ​ខ្ញុំ​គិត​ថា ​វា​សំខាន់​។ តែ​បើសិន​រដ្ឋាភិបាល​ ក្រសួងមហាផ្ទៃ​គាត់​ចេញ​លិខិត​ហ្នឹង​មក​ហើយ ​ហើយ​ទាំង​អស់​គ្នា​ចេញ​លិខិត​គ្រាន់តែ​លក្ខណៈ​មួយ​ចេញឱ្យ​តែ​បានៗ ​គិត​ថា​អាហ្នឹង​វា​អត់​ល្អ​ទេ។ តែបើ​សិន​ជា​យើង​ចេញ​ទៅ​ យើង​ទាំងអស់​គ្នា​រួម​គ្នា​ធ្វើ​កិច្ច​ការ​ទាំង​អស់​ហ្នឹង​ ខ្ញុំ​គិត​ថា​វា​ល្អ​ ធ្វើ​ម៉េច​ឱ្យ​វិស័យ​អប់រំ​មាន ភាព​ល្អ​ប្រសើរ​ឡើង»៕