ភ្នំពេញៈ ក្រសួងមហាផ្ទៃ​យល់ព្រម​ឱ្យ​គណបក្ស​សិទ្ធិមនុស្ស​ពន្យារពេល​ ៦ ​ខែ​ ក្នុង​ការបញ្ជូន​បញ្ជី​ឈ្មោះ​សមាសភាព​ថ្នាក់​ដឹកនាំ​បក្ស​នេះ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ឱ្យ​ស្របតាម​បទប្បញ្ញត្តិ​ក្នុង​ច្បាប់​ស្ដី​គណបក្សនយោបាយ​។ មន្ត្រី​ក្រសួង​បញ្ជាក់ថា ការពន្យារពេល​នេះ​គឺ​ធ្វើ​ឡើង​តាម​ការស្នើសុំ​ពី​អគ្គលេខាធិការ​គណបក្ស​សិទ្ធិមនុស្ស ។

កាលពី​ថ្ងៃទី​ ២២ វិច្ឆិកា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ផ្ញើលិខិត​ទៅ​ប្រធាន​ស្តីទី​គណបក្ស​សិទ្ធិមនុស្ស​ពី​ការយល់ព្រម​ពន្យារពេល​ឱ្យ​គណបក្ស​នេះ​បំពេញ​តាម​លក្ខខណ្ឌ​ដែល​កំណត់ ដោយ​ច្បាប់​ស្ដី​គណបក្ស​នយោបាយ​។ ការពន្យារ​នេះ​ក្រសួង​ទុកពេល​ឱ្យ​បក្ស​បញ្ជូន​បញ្ជី​ឈ្មោះ​សមាសភាព​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ទៅ​ក្រសួង​មហាផ្ទៃ​។

លិខិត​សរសេរ​ថា​៖ «​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ក្រសួងមហាផ្ទៃ​យល់ព្រម​ឱ្យ​គណបក្ស​សិទ្ធិមនុស្ស ពន្យារពេល​ចំនួន​ ៦ ​ខែ​ ក្នុង​ការបំពេញ​លក្ខខណ្ឌ​ដែល​កំណត់​ក្នុង​បទប្បញ្ញត្តិ​មាត្រា​ ២៦ (​ថ្មី​) នៃ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​ ២០២០»​។

លោក ឈឹម កាន ប្រធាន​នាយកដ្ឋាន​កិច្ចការ​សមាគម និង​គណបក្សនយោបាយ​នៃ​ក្រសួងមហាផ្ទៃ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​យ៉ាងខ្លី​ពី​ម្សិលមិញ​ថា ការពន្យារ​ពេល​នេះ​ធ្វើ​ឡើង​តាម​ការស្នើសុំ​របស់​បក្ស​សិទ្ធិមនុស្ស​កាលពី​ថ្ងៃទី​ ២៨ ខែ​តុលា ឆ្នាំ​ ២០១៩​។ លោក​បន្តថា តាម​គោលការណ៍​ច្បាប់​គឺ​គណបក្ស​ដែល​បើក​ដំណើរការ​ត្រូវតែ​ដាក់​បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ​គណបក្ស​មក​ក្រសួងមហាផ្ទៃ​។

លោក​បញ្ជាក់ថា​៖ «​គណបក្ស​ហ្នឹង គាត់​ដាក់​ (​លិខិត​ស្នើសុំ​) ​មក​។ សុំ​ពន្យារ​ហ្នឹង គឺ​មាន​តែ​គណបក្ស​ហ្នឹង​មួយ​ទេ ហើយ​ដែល​ (​យើង​) ​បាន​ឆ្លើយតប​»​។

កាលពី​ថ្ងៃទី ២៩ វិច្ឆិកា​ ២០១៧ លោក ស ខេង បាន​ផ្ញើលិខិត​ដាច់ដោយ​ឡែក​ពី​គ្នា​ទៅ​គណបក្ស​សិទ្ធិមនុស្ស​ដែល​មាន​លោក​ សឺន ស៊ូប៊ែរ្តិ៍ ជា​ប្រធាន​បក្ស និង​គណបក្ស​ភ្លើងទៀន​ដែល​មាន​លោក​ ទាវ វណ្ណុល ជា​ប្រធាន​បក្ស ដើម្បី​ឱ្យ​គណបក្ស​ទាំងនេះ​រៀបចំ​បញ្ជូន​បញ្ជី​ឈ្មោះ​សមាសភាព​ថ្នាក់ដឹកនាំ​គណបក្ស​ទៅ​ក្រសួង​។ លោក ស ខេង បញ្ជាក់​ក្នុង​លិខិត​ថា បក្ស​ទាំង​ ២ ​នេះ​មិនទាន់​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​តាមច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ទេ​។

ប៉ុន្តែ​កាលពី​ខែ​មករា ២០១៨ លោក សឺន ស៊ូប៊ែរ្តិ៍ អតីត​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​បាន​ប្រកាស​រំលាយ​បក្ស​នេះ​។ ប៉ុន្តែ​ត្រូវបាន​ក្រសួង​មហាផ្ទៃ​បដិសេធ និង​ទាមទារ​ឱ្យ​គណបក្ស​បំពេញ​តាម​លក្ខខណ្ឌ គឺ​ការរំលាយ​តាមរយៈ​សំឡេងគាំទ្រ​ ២ ​ភាគ​ ៣ នៅក្នុង​សមាជ​គណបក្ស​។

រីឯ​លោក​ ទាវ វណ្ណុល ប្រធាន​គណបក្ស ភ្លើងទៀន បាន​រៀបចំ​សមាជ​មួយ​ដើម្បី​កែប្រែ​លក្ខន្ដិកៈ​គណបក្ស​ក្នុង​ការត្រៀម​ប្រកាស​រំលាយ​គណបក្ស​កាលពី​ខែកុម្ភៈ​ឆ្នាំ​ ២០១៨​។ ប៉ុន្តែ​មកទល់​ពេល​នេះ​មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការរំលាយ​គណបក្ស​នោះទេ ថ្វី​ដ្បិត​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ២០១២ ដែល​កើតឡើង​ពី​កម្លាំង​រួមគ្នា​រវាង​ក្រុម​ថ្នាក់ដឹកនាំ​បក្ស​សិទ្ធិមនុស្ស និង​គណបក្ស​ ភ្លើងទៀន ក៏ដោយ​។

លោក​ ហ៊ីង សុខសាន អតីត​អគ្គលេខាធិការ​គណបក្ស​សិទ្ធិមនុស្ស​លើកឡើង​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​ ២៤ វិច្ឆិកា ​ថា គណបក្ស​សិទ្ធិមនុស្ស​គឺ​គ្មាន​មនុស្ស​សម្រាប់​រៀបចំ​សមាជ និង​សម្រាប់​ធ្វើបញ្ជី​ឈ្មោះ​សមាសភាព​ថ្នាក់ដឹកនាំ​ទៅ​ក្រសួងមហាផ្ទៃ​នោះ​ទេ ពីព្រោះ​ថ្នាក់ដឹកនាំ​បក្ស​នេះ​ទាំងអស់​ចេញ​ទៅ​ចូលរួម​បង្កើត​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​សរសេរ​ថា​៖ «​ការផ្ញើ​បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ទាំងអស់​ទៅ​ក្រសួងមហាផ្ទៃ​ត្រូវ​ធ្វើ​ដូចៗ​គ្នា រួមទាំង​បក្ស​ភ្លើងទៀន និង​បក្ស​សិទ្ធិមនុស្ស​។ បក្ស​ភ្លើងទៀន​បាន​រៀបចំ​ផ្ញើ​ទៅ​ហើយ​អត់​មាន​បញ្ហា ទេ​។ ដោយឡែក​បក្ស​សិទ្ធិមនុស្ស​អត់​មាន​មនុស្ស​ព្រោះ​ទៅ​សង្គ្រោះជាតិ​អស់ហើយ ដូច្នេះ​ទើប​មិនបាន​ធ្វើ​បញ្ជី​ឈ្មោះ​តាម​ការចង់​បាន​របស់​ក្រសួង​មហាផ្ទៃ​»​។

ចំណែក​កញ្ញា​ កឹម មនោវិទ្យា កូនស្រី​របស់​លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​លើកឡើង​នៅលើ​ប្រព័ន្ធ​ Twitter កាលពី​សប្ដាហ៍​មុន​ដែរ​ថា​៖ «​គណបក្ស​សិទ្ធិមនុស្ស​បាន​បដិសេធ​ក្នុង​ការបញ្ជូន​ឈ្មោះ​ថ្នាក់ដឹកនាំ​នេះ ដោយ​ស្នើសុំ​ការពន្យារពេល​។ គណបក្ស​សិទ្ធិមនុស្ស​បាន​ស្នើសុំ​ទៅ​អាជ្ញាធរ​តាំងពី​ឆ្នាំ​ ២០១៨ ដើម្បី​រំលាយ​គណបក្ស​សិទ្ធិមនុស្ស​។ មួយ​វិញ​ទៀត គណបក្ស​ភ្លើងទៀន បាន​បំពេញ​តាម​តម្រូវការ​របស់​ក្រសួង​ដើម្បី​បន្ត​ជា​គណបក្ស​ដែល​បាន​បញ្ជី​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​»​។

លោក​ សឺន ស៊ូប៊ែរ្ដិ៍ ដែល​ប្រកាស​លាលែង​ពី​ប្រធាន​បក្ស​សិទ្ធិមនុស្ស បន្ទាប់ពី​ការប្រកាស​រំលាយ​គណបក្ស​សិទ្ធិមនុស្ស​លើក​ឡើង​ថា លោក​មិន​បានដឹង​អំពី​ការដាក់​លិខិត​សុំ​ពន្យារពេល​ផ្ញើ​បញ្ជី​ឈ្មោះ​សមាសភាព​ថ្នាក់ដឹកនាំ​គណបក្ស​នេះឡើយ​។ លោក​ថា​មិនដឹង​អ្នកណា​ជា​អ្នក​ទទួល​ខុសត្រូវ​របស់​គណបក្ស​សិទ្ធិមនុស្ស​នោះដែរ​។ លោក​ថ្លែង​ថា​៖ «​តាំងពី​ខ្ញុំ​លាលែង​គឺ​មាន​អ្នក​មក​ជំនួស​ហើយ ព្រោះ​អនុប្រធាន​នៅ​អូស្ត្រាលី​ឯណោះ​»​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់​ឃើញ​ថា លោក កឹម សុខា អាច​នឹង​ទទួល​បាន​ការស្ដារនី​តិសម្បទា​នយោបាយ​ឡើងវិញ​ក្នុង​រយៈពេល​ ៦ ​ខែ​នេះ បើ​លោក​ចង់​វិល​ទៅរក​គណបក្ស​សិទ្ធិមនុស្ស​។

លោក​ថ្លែងថា​៖ «​យើង​គ្រាន់តែ​និយាយ​ថា វា​គឺជា​ជម្រើស​ដែល​ល្អ​។ លោក​ កឹម សុខា គួរតែ​គិតគូរ​រៀបចំ​ឡើងវិញ​នូវ​គណបក្ស​សិទ្ធិមនុស្ស​។ បើ​និយាយ​រឿង​ (​ការរស់​ឡើងវិញ​អតីត​បក្ស​សង្គ្រោះជាតិ​) ​នោះ​ប្រាកដ​ច្បាស់​ហើយ គឺ​លោក កឹម សុខា នៅ​បន្ត​ជាប់គុក​ និង​ពិរុទ្ធ​តទៅទៀត​»​។

ប៉ុន្តែ​លោក​ ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​ថ្លែងថា​៖ «​នៅក្នុង​ប្រព័ន្ធ​ត្រួតត្រា​សព្វ​ថ្ងៃនេះ​ក្រសួងមហាផ្ទៃ​អាចមាន​គោលដៅ​នយោបាយ​ណាមួយ នៅពេល​ក្រសួង​នេះ​ពន្យារពេល​សម្រាប់​ឱ្យ​គណបក្ស​សិទ្ធិមនុស្ស​ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់ខ្លួន​។ ​ពេលដែល​ការទាមទារ​ឱ្យ​ដោះលែង​អតីត​ប្រធាន​បក្ស​នេះ គឺ​លោក​ កឹម សុខា ជាការទាមទារ​គន្លឹះ​របស់​សហភាព​អឺរ៉ុប​សម្រាប់​ឱ្យ​គេ​បន្ត​របប​អនុគ្រោះ​ពន្ធ EBA ឱ្យ​កម្ពុជា​តទៅ​ទៀត​»៕