ភ្នំពេញៈ បន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានគណនីជាភាសាថៃបានបង្ហោះរូបដោយកាត់តរូបភាពដែលជាការប្រមាថដល់អង្គព្រះមហាក្សត្រខ្មែរ និងធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជាក្រសួងមហាផ្ទៃបានបើកការស៊ើបអង្កេតភ្លាម និងរកឃើញតម្រុយថាជនល្មើសចូលរួមប្រព្រឹត្តមានគ្នា ៣ នាក់។
ការស៊ើបអង្កេតនេះបានធ្វើឡើងបន្ទាប់ពីអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ដែលមានគណនីសរសេរឈ្មោះជាអក្សរថៃបានបង្ហោះរូបកាត់តមួយសន្លឹកដាក់រូបព្រះភក្ត្ររបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជារូបភាពអាក្រាតព្រះកាយជាមួយបុរសបរទេសដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរមួយចំនួនខឹងសម្បា និងស្នើឱ្យសមត្ថកិច្ចវែកមុខជននោះមកផ្តន្ទាទោសតាមច្បាប់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាព្រះមហាក្សត្រគឺជានិមិត្តរូបរបស់ជាតិ និងជាអ្នកចុះហត្ថលេខាលើច្បាប់នានាដើម្បីឱ្យច្បាប់នោះចូលជាធរមាន និងជាម្ចាស់ទឹកដីដែលជនណាក៏ដោយមិនអាចបំពានបានទេ។
លោកបញ្ជាក់ថា៖ «ព្រះមហាក្សត្រគ្មានអ្នកណាប៉ះពាល់បានជាក់ស្តែងទៅទៀតយើងដាក់ព្រះរាជាណាចក្រកម្ពុជាអ្វីៗទាំងអស់ជារបស់ព្រះមហាក្សត្រ ទឹក ដី ព្រៃព្រឹក្សានៅក្នុងក្រោមដំបូលព្រះមហាក្សត្រ និងប្រកាសច្បាប់ឱ្យប្រើតាំងពីច្បាប់ចរាចរណ៍ច្បាប់ពុករលួយ...ទ្រង់ជាបុគ្គលដែលមានឫទិ្ធអំណាចដល់ពេលមានក្មេងពាល ពីរ ឬបីនាក់ទៅធ្វើអ៊ីចឹង ដូចជាយកឪពុកម្តាយយើងទៅគូររូបអ៊ីចឹងៗដូចជាមិនសមទេដូច្នេះយើងត្រូវតែរកឱ្យឃើញជនល្មើសអស់ហ្នឹងដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់»។
លោកបន្ថែមការធ្វើបែបនេះដើម្បីព្រមានដល់អ្នកដទៃដែលហ៊ានប្រមាថព្រះមហាក្សត្រខ្មែរ។ លោកសង្កត់ធ្ងន់ថា៖ «ដើម្បីឱ្យមនុស្សជំនាន់ក្រោយរាងចាលកុំឱ្យប្រព្រឹត្តតាមអ៊ីចឹងៗទៀត»។
លោកឱ្យដឹងដែរថា សមត្ថកិច្ចក៏បានរកតម្រុយឃើញមានជនជាតិខ្មែរបានចូលរួមក្នុងការធ្វើរូបនេះ។
លោកថា៖ «ពូរកឃើញហើយនៅក្នុងប្រទេសមានពីរនាក់ដែលបានធ្វើរូបនោះជនជាតិខ្មែរហើយនៅក្រៅប្រទេស (ថៃ) មានមួយនាក់តែពូមិនប្រាប់ព័ត៌មានលម្អិតទេខ្លាចវារត់បាត់តែបើចាប់បានយើងចង់យកទៅអាំង កាច់កស្ងោរក៏បាន»។
យ៉ាងណាក៏ដោយលោកសុំមិនអត្ថាធិប្បាយពីទោសដែលជនល្មើសត្រូវប្រឈមនោះទេដោយទុកឱ្យតុលាការជាអ្នកសម្រេច និងចោទប្រកាន់។
រដ្ឋធម្មនុញ្ញនៃកម្ពុជាមាត្រា ៧ ចែងថាព្រះមហាក្សត្រទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ ប៉ុន្តែច្បាប់កំពូលមួយនេះមិនបានចែងពីការដាក់ទោសទណ្ឌលើជនណាដែលរំលោភបំពានអង្គព្រះមហាក្សត្រនោះទេ។
លោកមេធាវី សុក សំអឿន ថ្លែងថាលោកមិនគាំទ្រជនណាដែលប្រមាថព្រះមហាក្សត្រខ្មែរនោះទេខណៈលោកស្នើសភាធ្វើវិសោធនកម្មច្បាប់ដាក់ទោសលើជននោះ។
លោកថា៖ «ច្បាប់យើងអត់មានទណ្ឌកម្មលើជននោះទេដល់អ៊ីចឹងយើងដាក់ទោសគេម៉េចកើត អ៊ីចឹងមានតែសភាពិចារណាចំណុចហ្នឹងថែមបទល្មើសលើមាត្រានោះទៅសម្រាប់ការពារថ្ងៃក្រោយមានមនុស្សធ្វើបែបហ្នឹងទៀត»។
ការកាត់តរូបប្រមាថព្រះមហាក្សត្រនេះមិនមែនជាលើកទីមួយឡើយដែលកន្លងទៅក៏មានដូចគ្នាដែរតែមិនទាន់ឃើញសមត្ថកិច្ចយកជននោះមកផ្តន្ទាទោសឡើយ។
បន្ទាប់ពីមានការប្រមាថនេះមានអ្នកលេងហ្វេសប៊ុកចូលទៅ Comment ថា «Page មួយនេះបានប្រមាថព្រះមហាក្សត្រជាទីគោរពរបស់យើងក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបសូមថ្កោលទោសម្ចាស់គណនី page facebook នេះ។ ទង្វើនេះជាការប្រមាថមើលងាយព្រះមហាក្សត្រ និងប្រទេសជាតិជាពិសេសប្រជាជនកម្ពុជាទូទាំងប្រទេស។ ប្រជាជនថៃជាប្រជាជនដែលគោរពព្រះមហាក្សត្ររបស់ខ្លួនតែបែរជាមើលងាយព្រះមហាក្សត្រប្រទេសដទៃ»។
គណនីម្នាក់ទៀតឈ្មោះ Hy Rithy បានសរសេរថា «វានឹងជាប់គុកហើយគ្មានការលើកលែងទោសដោយមូលហេតុណាមួយនោះឡើយទោះជាជាតិសាសន៍ណាក៏ដោយ បើមិនដូច្នេះទេនឹងមានអ្នកដែលហ៊ានប្រព្រឹត្តតាមគំរូអាក្រក់នេះដដែលទៀតជាក់ជាមិនខាន»៕