ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ កម្លាំង​នគរ​បាល​ជំ​នាញ​បាន​កំ​ពុង​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​ទៅ​លើ​ការ​ស៊ើបអង្កេត​ បង្ការ​ និង​ទប់​ស្កាត់​ប្រ​ភព​បទ​លើ្មស​នៃ​ការ​លាង​សម្អាត​ប្រាក់​ហិរញ្ញ​ប្ប​ទាន​ និ​ង​​ភេរ​វ​កម្ម​បាន​ ​ក្រោយ​ពី​មាន​ការ​រឹប​អូស​ការ​នាំ​លុយ​ដោយ​ខុស​ច្បាប់​ចូល​មក​ក្នុង​ប្រ​ទេស​ កម្ពុជា ​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។​

លោក​ ងី​ ច័​ន្ទ្រ​ផល​ រដ្ឋ​លេខា​ធិការ​នៃ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​ប្រធាន​ក្រុម​ការងារ​ត្រួត​ពិនិត្យ​ឡើង​វិញ ​(Review Panel Group)​​ បាន​អះ​អាង​កាល​ពី​ម្សិល​មិញថា ​បើ​ទោះ​បី​​ជារាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​និង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​ការស៊ើប​អង្កេត​ផល​សំអាង​នៃ​បទ​ល្មើស ​ការងារ​បង្ការ​ ​ទប់ស្កាត់​បង្ក្រាប​បទ​ល្មើស​នៃ​ការ​លាង​សម្អាត​ប្រាក់​ ​និង​ហិរញ្ញ​ប្ប​ទា​ន​ ​ភេរ​វ​កម្ម​ ប៉ុន្តែ​ក៏​ប្រ​ឈម​ជាមួយ​បញ្ហា​មួយ​ចំនួន​ដែល​ក្នុង​នោះ​ក៏​មាន​បញ្ហា​ដែល​បង្ក​ពី​ខាង​ក្រៅ​ផងដែរ។​

​លោក​បញ្ជាក់​ដូច្នេះ​ថា៖​ «យើ​ង​​បាន​សម្រេច​គោល​ដៅ​មួយ​ចំនួន​ហើយ ​តែ​កិច្ច​ការ​នេះ​នៅ​មាន​ប្រឈម​ច្រើន​ទៀត​ ​ហើយ​យើង​នឹង​បន្ត​ធ្វើ​ត​ទៅ​ទៀ​ត​​ដូច​ជា​ភ្លៀង​រលឹម ​យើ​ង​​ធ្វើ​កិច្ច​ការ​ងារ​ច្រើន​ តែ​នៅ​តែមា​ន​កិច្ច​ការ​ងារ​ដែល​យើង​ត្រូវ​ធ្វើ​បន្ត​ទៀត»។​

​​លោក​ ​ឆៃ ​ស៊ីណា​រិ​ទ្ធ​ អគ្គ​ស្នង​កា​ររង​ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​កា​រ​ងារ​បង្កា​រ​ ទប់​ស្កាត់ បង្ក្រាប​បទល្មើស​នៃ​ការ​លាង​សម្អាត​ប្រាក់​ ​និង​ហិរញ្ញ​ប្ប​ទាន​ភេរ​វ​កម្ម​ដែល​ទទួលបាន​ជោគ​ជ័យ​កន្លង​មក​នេះ​​ដោយ​សារ​​​​តែ​សមត្ថ​កិច្ច​បាន​ខិត​ខំ​ស៊ើប​អង្កេត​និង​ ​ស្រាវជ្រាវ​ស៊ី​ជម្រៅ​ទៅ​លើ​បទ​ល្មើស​​ឧក្រិដ្ឋ​ ​តាម​រយៈ​ការ​សហ​ប្រតិ​បត្តិ​ការ​ ជា​មួយ​ស្ថាប័ន​អន្ត​ជាតិ​ និង​ខិត​ខំ​គ្រប់គ្រង​លំហូ​រសាច់​ប្រាក់​តាម​កាស៊ីណូ។​

​​លោក​ ស៊ី​ណារិទ្ធ​ ​ថ្លែង​ថា​៖​ «​ក្នុង​រយៈ​ពេល​កន្លង​ទៅ​ ​ចុង​ក្រោយ​នេះ​គឺ​យើង​បាន​ធ្វើ​ប្រតិ​បត្តិ​ការបាន​ច្រើន​​ ​គឺ​យើង​បាន​រក​ឃើញ​ និង​បាន​ទប់​ស្កាត់​ ​យើង​បាន​ចាត់​វិធាន​ការ​ក្តៅ​ទៅ​លើ​កា​រ​ស​ម្អា​ត​ប្រាក់​នេះ ​ហើយ​យើង​កំពុង​តែ​មាន​ចំណុច​វិជ្ជមាន​ច្រើន»។​

​​លោ​ក​ ស៊ី​ណារិទ្ធ​ អះ​អាង​ថា​ ​លោក​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​បាន​ណែនាំ ​គ្រប់​បណ្តា​អង្គ​ភា​ពពាក់​ព័ន្ធ​ទាំង​អស់​ដែល​ជា​មន្ត្រី​អនុ​វត្ត​ច្បាប់​ ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ចការ​ទាំង​នោះ​ យ៉ាង​ហ្មត់​ចត់​ ហើយ​​សម​ត្ថកិច្ច​បាន​កំពុង​ស្វះ​ស្វែង​រក​ដៃគូ​ និង​ស្ថា​ប័ន​អន្តរ​ជាតិ​ដែល​មាន​បទ​ពិសោធ ដើម្បី​ ​សហ​ការ និង​ផ្តល់​ជំនួយ​​ក្នុង​ការ បណ្តុះ​បណ្តាល​ ​ធន​ធាន​មនុស្ស​ក្នុងការស៊ើប​អង្កេត​ ​ទប់​ស្កាត់​ ​បង្ក្រាប​បទ​ល្មើស​នៃ​ការ​លាង​សម្អាត​ប្រាក់។​

កាល​ពី​ថ្ងៃ​ទី​​ ២៩​ ​ខែ​ ឧសភា​ ​ឆ្នាំ ២០១៩ ​​​ជន​ជាតិ​ចិន​ម្នាក់​ទៀត​ ត្រូវ​បាន​ឃាត់​ខ្លួន​ នៅ​​អាកាស​យាន​ដ្ឋា​ន​អន្តរ​ជាតិ​ភ្នំពេញ​ ​ដោ​យ​ដក​ហូត​លុយ​ជិត ១ ​លាន​ដុល្លារ​​អា​មេរិក​​ ដែល​លុយ​នោះ​ត្រូវ​បា​ន​នាំចូល​ពី​ទីក្រុង​ហុង​កុង​ ​ប្រទេស​ចិន​ និង​ករណី​ដោយ​ឡែក​មួយ​ទៀត​ជន​ជាតិ​ចិន​ចំនួន​ ៣ នាក់ ត្រូវ​បាន​ឃាត់​ពាក់​ព័ន្ធ​នឹង​ការ​នាំ​ចូល​លុយ​ពី​ក្រៅ​ប្រទេស​​យក​​មក​សម្អាត​នៅ​កម្ពុជា​ ​ចំនួន​ ៣ ​លា​ន ៥ ​សែន​ ​២ ​ម៉ឺនដុល្លារ​អាមេរិក។​

ខណៈ​ប៉ុន្មានថ្ងៃថ្មី​ៗ​កន្លង​មក​នេះ​អា​ជ្ញា​ធរ​បាន​ចាប់​ខ្លួន​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ ២ នាក់​ និង​បាន​រឹប​អូស​ប្រាក់​ចំនួន​ ២ ​លាន​ ២​ សែន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ដែល​នាំ​ចេញ​ពី​ទី​ក្រុង​ហុងកុង​ ឆ្លង​កាត់​​ព្រលាន​យន្តហោះ​​ខេត្ត​សៀមរាប។​

លោក​ ស៊ី​ណារិទ្ធ​ ​ថ្លែង​ថា​៖​ «​យើង​គិត​ពី​បញ្ហាលំហូរ​ ផ្នែក​ហិរញ្ញ​វត្ថុ​នានា ​ការ​គ្រប់​គ្រង​​ប្រព័ន្ធ​នៅ​កាស៊ី​​ណូ ​ហើយ​ថា​ប្រសិន​បើ​សមត្ថកិច្ច​ពុំយកចិត្ត​ទុក​ដាក់​ទេ​ទៅ​លើ​លំហូរ​នេះ​ ​វា​នឹង​​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល។​ ពេល​​យើង​ចាប់​បាន​ហ្នឹង​ ​ប្រភព​វា​អត់​ស្រប​ច្បាប់​ ហើយ​វាយ​កម​កមាន​ចេត​នា​ជា​ស្អី?​​យើ​ង​សង្ស័យ​ថា​វា​ពាក់​ព័ន្ធ​នឹង​ការ​​សម្អាត​​ប្រាក់​​បើ​លំហូរ​លុយ​ស្រប​ច្បាប់​គេ​នឹង​តាម​ធនាគារ»។​​

លោក​ ​ឆៃ​ ​ស៊ីណា​រិ​ទ្ធ ​បាន​ថ្លែង​ថា ​សមត្ថ​កិច្ច​បាន​និង​កំពុង​សហ​ការ​ជា​មួយ​ប្រទេស​ពាក់​​ព័ន្ធ​ដើម្បី​ស្រាវ​ជ្រាវ​ ​ករណី​ជនជាតិ​ចិន​ថា​ តើ​ហេតុ​អ្វី​​បាន​ជា​ពួក​គេ​យក​លុយ​ដ៏​ច្រើន​ចូល​មក​ប្រទេស ​កម្ពុជា។​

លោក​​ ស៊ី​ណារិទ្ធ​ ​ថ្លែង​​ថា៖​ «​ខ្ញុំ​មិន​ទាន់​ច្បាស់​ទេ​ឥឡូវ​ហ្នឹង ​សមត្ថ​កិច្ច​គេ​កំពុង​ស៊ើប​អ​ង្កេ​ត​ កិច្ចការ​ខ្លះ​បាន​ ​និង​កំពុង​បន្ត​ជា​មួយ​ប្រទេស​ពាក់​ព័ន្ធ​ដើម្បី​ស៊ើបអង្កេត»។​

​​​​​លោក​ ស៊ឹង​ ​សែន​ករុណា ​អ្នក​នាំពាក្យ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​អាដ​​ហុក​បាន​ថ្លែង​ថា​ រដ្ឋា​ភិបាល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការងារ​បង្ការ​ ​ទប់​ស្កាត់​ ​បង្ក្រាប​បទ​ល្មើស​ទាំង​នោះ​បាន​ច្រើន​ហើយ​ ​​តែ​វា​ពុំ​ទាន់​មាន​ប្រសិទ្ធភាព​​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។​ ​

លោ​ក​​ថា​៖​ «​យើង​ដឹង​ថា ​តើ​រាជ​រដ្ឋាភិ​បាល​មាន​ប្រព័ន្ធ​គ្រប់គ្រង​កាស៊ីណូ ​និង​ប្រព័ន្ធ​វិស័យ​អចល​ន​ទ្រព្យ​ដែរ​ឬ​ទេ​?ដោយ​សារ​យើង​ឃើញ​ថា​ ជនជាតិ​ចិន​មួយ​ចំនួន​បាន​យក​លុយ​​ចូល​មក​កម្ពុជា​ដែល​ពួក​គេ​អាច​ធ្វើ​ឲ្យលុយ​ទាំង​អស់​នោះ​ស្រប​ច្បាប់​បាន​ហើយ​យើង​អត់​ដឹង​ថា​តើ​ប្រភព​លុយ​ទាំង​អស់​នោះ ​មាន​ភាព​ច្បាស់​លាស់​ដែរ​ឬ​ទេ?»៕​