ភ្នំពេញៈ ​ក្រសួង​មហាផ្ទៃ​ បាន​សម្រេច​លុប​ឈ្មោះ​ក្រុម​ហ៊ុន​សន្ដិ​សុខ​ឯកជន​ចំនួន ៣​៣ ចេញ​ពី​ការ​អនុញ្ញាត​ឲ្យ​ផ្ដល់​សេវា​សន្ដិ​សុខ​ឯកជនក្នុង​ចំណោ​​ម​ក្រុម​ហ៊ុន​សន្តិ​សុខ​ឯក​ជនទាំង​អស់​​ចំនួន ២៥៤ ក្រោ​យ​ពី​ក្រុម​ហ៊ុន​ទាំង​នោះ បង្កើត​ឡើ​ង​តែ​គ្មា​ន​​សកម្មភាព និង​ប្រកាស​ក្ស័យធន។​

លោក លឹម សុខា​រស្មី ប្រធា​ន​​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​នៃ​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ បាន​​ថ្លែង​កាល​ពី​​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ក្រសួង​មហាផ្ទៃ​ ប្រកាស​លុប​ឈ្មោះ​ក្រុម​ហ៊ុន​សន្ដិ​សុខ​ឯកជន​ចំនួ​ន ​៣៣ នេះ​ចេញ ព្រោះ​ក្រុម​ហ៊ុន​ទាំង​នេះ​បង្កើត​ឡើង​មិន​មាន​សកម្មភាព​ និង​ក្រុម​ហ៊ុន​មួយ​ចំនួន​ប្រកាស​ក្ស័យ​ធនលើ​អាជីវ​​​កម្ម​របស់​ខ្លួន​។

លោក​ថ្លែង​ថា៖ ​«​ព្រោះ​អនុក្រឹត្យ (ស្ដី​ពី​ការ​គ្រប់​​គ្រង​សន្ដិ​សុខ​ឯកជន) បាន​កំណ​ត់ថា ការ​បង្កើត​ក្រុម​ហ៊ុន​សន្ដិ​សុខ​ឯកជន គឺ​ដើម្បី​ជួយ​បម្រើ​សន្ដិ​សុខ​សណ្តាប់​ធ្នាប់ និ​ង​ការ​ពារ​សុវត្ថិភាព​សង្គម។ ពេ​ល​ពួកគាត់​គ្មាន​សកម្មភាព​បែប​នេះ ទើប​យើង​លុប​ឈ្មោះ​ចេញ»។

លោក សុខា​រស្មី ​ឲ្យ​ដឹង​ថា ភា​គច្រើន​ក្រោយ​​ការ​បង្កើ​ត​ក្រុម​​ហ៊ុន​សន្តិ​សុខ​ឯកជ​ន និង​សហគ្រាសនានាដែល​ផ្ដល់​សេវា​​ជ្រើស​រើស​ភ្នាក់ងារ​សន្តិ​សុខ​ឯកជន​ គឺ​ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់ ជួយ​ការ​ពារ​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់ អាយុជីវិត​ប្រជា​ពលរដ្ឋ​។ ​«ក្រុម​ហ៊ុន​ដែល​យើង​លុប​ចេ​ញ​នេះភាគច្រើន​ជា​ក្រុម​ហ៊ុន​ដែល​​បង្កើត​ឡើង​នៅ​ក្នុង​ស្រុក​ មិន​មែន​ជា​ក្រុម​ហ៊ុន​អន្ដរជាតិ​ទេ»។

លោក សុខា​រស្មី បាន​ចាត់​ទុក​ក្រុម​ហ៊ុន​សន្ដិ​សុខ​ឯកជន​ជា​កម្លាំង​ជំនួយ​មួយ​របស់​សមត្ថ​​កិច្ច​របស់​នគរ​បាល​ជាតិក្នុង​ការ​​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស និង​លើក​កម្ពស់​គោល​នយោបាយ​ភូមិ​ ឃុំ មាន​សុវត្ថិភាព​។ លោក​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃនេះក្រសួង​មហាផ្ទៃ​ ក៏​បាន​ចូលរួម​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ដល់​ភ្នាក់​ងារ​សន្ដិ​សុខ​ឯកជន ដើម្បី​ឲ្យ​យល់​ដឹងពី​តួនាទី ភារកិច្ច កាតព្វកិច្ច​របស់​​ពួកគេ។

លោក​​បញ្ជាក់ថា​៖​ «យើង​ក៏បានប្រាប់​​​ពី​កាតព្វ​កិ​ច្ច​របស់​ពួកគាត់ កម្រិត​ការងារ​រប​ស់​ពួកគាត់ដែល​អាច​ធ្វើ​បានឲ្យ​គា​ត់​ដឹង​ថាគាត់​មិន​មែន​ជា​សមត្ថកិច្ច​ទេគឺ​គ្រាន់​តែ​ជា​ភ្នាក់​ងារ​សន្ដិ​​​​សុខ​ឯកជន ពេលពួកគាត់ ឃា​ត់ ឬ​ចាប់ជន​ល្មើសគឺ​ត្រូវ​សហ​កា​រ​ជា​មួយ​សមត្ថ​កិច្ច និង​ប្រគល់​ជន​ល្មើស​ជូន​សមត្ថកិច្ច»។​

បើ​តាម​លោក សុខា​រស្មី បច្ចុ​ប្ប​​ន្ន​ប្រទេស ​កម្ពុជា មាន​ក្រុ​ម​ហ៊ុន​សន្តិ​សុខ​ឯកជន​ចំនួន​ ​២៥៤​ និង​​មាន​សន្ដិសុខ​​នៅ​​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ជិត​ ​៣ ​ម៉ឺន​នាក់ រួម​នឹង​សន្ដិ​សុខ​ ​តាម​ក្រុម​ហ៊ុន សហគ្រាសនានា និង​តា​ម​​ផ្ទះ​ប្រជា​ពលរដ្ឋ​មាន​ចំនួន​ជាង ​១ ម៉ឺន​នាក់​ថែម​ទៀត។

បើ​តាម​លិខិត​របស់​ក្រសួង​មហាផ្ទៃ​ ស្ដី​ពី​ការ​លុប​ឈ្មោះ​ក្រុម​ហ៊ុន​ផ្ដល់​សេវា​សន្ដិ​សុខ​ឯកជន​ផ្ញើ​ទៅ​​ក្រសួង​ពាណិជ្ជ​​កម្ម​ កាល​ពី​ថ្ងៃ​​ទី ១១ ​ខែ​ កក្កដា​ បញ្ជាក់ថា ក្រសួង​មហាផ្ទៃបា​ន​​ពិនិត្យ ស្រាវ​ជ្រាវ​លើ​ក្រុម​ហ៊ុន​ផ្ដល់​សេវា​សន្តិ​សុខ​ឯកជន​ចំនួ​ន ​៣៣​ ដែល​បង្កើត​ភ្នាក់​ងារ​សន្ដិ​​សុខ​ឯកជន​ ធ្វើ​សេវា​កម្ម ប៉ុន្ដែ​ត្រូវ​បាន​ប្រកាស​ក្ស័យធន និង​ពុំ​មាន​សកម្មភាព​ធ្វើ​សេវា​កម្ម ដែ​ល​មិន​ស្រប​ទៅ​នឹង​ច្បាប់ស្ដី​ពីការ​គ្រប់​គ្រង​សន្ដិ​សុខ​ឯកជន​របស់​ក្រសួង​មហាផ្ទៃ។ ក្រុម​ហ៊ុន​សន្ដិ​សុខ​ឯកជន​​ទាំង​ ៣៣ ដែ​ល​ត្រូវ​លុប​ឈ្មោះ​ចេញ​នោះ​រួម​មា​ន ក្រុម​ហ៊ុន អឌ្ឍមាស ខបភើរេសិន គ្រុប ខូអិល​ធីឌី (Athameas Coporation Group Co., LTD) ក្រុម​ហ៊ុន អេច​ស្ពឺត ខេម​បូឌា ស៊ីឃ្យូ​រីធី (Expert Cam​​bodia Security Co,. Ltd) ក្រុម​ហ៊ុន ខេមរៈ ប្រឹហ្វេស​ស្យូណល ប្រឹ​ថិច​ធឺ ស៊ី​ឃ្យូរីធី ខូអិ​ល​ធីឌី (Khemarak Professional Protector Security Co,.LTD) ជាដើម។

ក្រុម​ហ៊ុន​សន្ដិ​សុខ​ឯកជន​ដែ​​ល​ក្រសួង​មហាផ្ទៃ​ បាន​លុប​ឈ្មោះចេញ​នេះ ​មិន​អាច​សុំ​ការ​បក​​ស្រាយ​បាន​ទេ ដោយ​លេខ​ទូរស័ព្ទ​ក្រុម​ហ៊ុន​​ភាគច្រើន​ ត្រូវ​បាន​បិទ និង​មួយ​ចំនួនប្ដូរ​ម្ចា​ស់​​ប្រើប្រាស់។

លោក ហេង ម៉េងហូ អគ្គនា​​យក​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ លីប្រា​ (Libra Private Security) បាន​ថ្លែង​កាល​ពី​ម្សិល​​មិញថា ក្រុម​ហ៊ុន​សន្ដិ​សុខលី​ប្រា បាន​គោរព​ទៅ​តាម​អ្វី​ដែល​ជា​ច្បាប់​ដាក់ចេញ​របស់​រាជ​រដ្ឋា​​ភិបាល ក៏ដូច​ជា​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​តម្រូវ ដើម្បី​ជា​កិច្ច​សហ​ប្រតិបត្តិការ និង​រក្សា​សុខ​សុវត្ថិភាព​សម្រាប់​សង្គម​ខ្មែរ​។

លោក​ថ្លែង​ថា​៖ «ដូច​ជា​ក្រសួ​ង​​មហាផ្ទៃ​តម្រូវឲ្យ​បញ្ចូន​បុគ្គលិក​ទៅ​បណ្ដុះបណ្ដាល គឺ​ក្រុម​ហ៊ុន​យើង​តែ​ង​តែ​បញ្ជូន​ទៅ​ជា​បន្ដ​​បន្ទាប់ដើម្បី​ឲ្យ​ភ្នាក់​ងារ​សន្ដិ​សុ​ខ​​បាន​យល់​ដឹង​ពី​ច្បាប់​ ឲ្យ​បាន​កាន់​តែ​ច្បាស់​បន្ថែម​ទៀត»។

លោក ម៉េងហូ បាន​លើក​ឡើង​ពី​ផល​លំបាក​មួយ​ចំនួន​ ជុំវិញ​ការ​បង្កើត​ភ្នាក់ងារ​សន្ដិ​​សុខ​ឯកជន​នេះ​ផង​ដែរ ចំពោះ​សមត្ថ​ភាព​របស់​សន្ដិសុខដែ​ល​តម្រូវ​ឲ្យ​មាន​ការ​បណ្ដុះ​បណ្ដា​ល​ខ្លាំង​ ទើប​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ហើយត្រង់​​ចំណុច​នេះ គឺ​ត្រូវ​​ទាម​ទារ​ឲ្យ​មាន​ការ​ចំណាយ​ធនធាន​​ច្រើន​ទៅ​លើ​ការ​បណ្ដុះបណ្ដាល​៕