
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យបង្កើតទីលានហ្វឹកហាត់បាញ់គ្រាប់ពិតរបស់ស្នងការដ្ឋានគរបាលខេត្តកំពត តែតម្រូវឱ្យធ្វើតាមលក្ខណៈបច្ចេកទេស។ រូបថត នគរបាល
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអនុញ្ញាតឱ្យបង្កើតទីលានហ្វឹកហាត់បាញ់គ្រាប់ពិតរបស់ស្នងការដ្ឋានគរបាលខេត្តកំពត តែតម្រូវឱ្យធ្វើតាមលក្ខណៈបច្ចេកទេស ដើម្បីពង្រឹងគុណភាពសមត្ថភាពកងកម្លាំងនគរបាលជាតិក្នុងការការពារសន្តិសុខឱ្យរឹតតែមានប្រសិទ្ធភាព។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃកាលពីចុងខែមុនដែល ភ្នំពេញ ប៉ុស្ដិ៍ ទទួលបានពីម្សិលមិញ។
តាមសេចក្ដីប្រកាសដែលចុះហត្ថលេខាដោយលោក ស ខេង បានឱ្យដឹងថា ទីលានហ្វឹកហាត់បាញ់គ្រាប់ពិតនេះមានឈ្មោះថា (ក្លិបបាញ់កាំភ្លើងបូកគោ) ដែលត្រូវធ្វើឡើងនៅលើដីទំហំ ៧ ម៉ឺនម៉ែត្រការ៉េ (៧ ហិកតា) នៅចំណុចជើងភ្នំកកេស ភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដែលទីតាំងនេះគឺជាដីកម្មសិទ្ធិរបស់ស្នងការដ្ឋានគរបាលខេត្តនេះផ្ទាល់។
លោក ស ខេង បានបញ្ជាក់ក្នុងសេចក្ដីប្រកាសនេះថា៖ «ស្នងការដ្ឋានខេត្តកំពតត្រូវរៀបចំទីតាំងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបង្កើតក្រុមការងារជំនាញក្នុងការហ្វឹកហាត់បច្ចេកទេសប្រើប្រាស់បាញ់គ្រាប់ពិត និងគ្រប់គ្រងរៀបចំសន្តិសុខសណ្តាប់ធ្នាប់ក្នុង និងជុំវិញទីលានបាញ់គ្រាប់ពិតរួមទាំងដាក់ចេញនូវបទបញ្ជាផ្ទៃក្នុងក្រោមការត្រួតពិនិត្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ»។
លិខិតដដែលបន្តថា៖ «ស្នងការដ្ឋានខេត្តកំពតតាមរយៈអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃអំពីកិច្ចដំណើរការរបស់ក្លិបទីលានហ្វឹកហ្វឹនបាញ់គ្រាប់ពិតរៀងរាល់ ១ ត្រីមាសម្តង»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំធ្វើការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេកាលពីម្សិលមិញ។
ប៉ុន្តែលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងកាលពីម្សិលមិញថា លោកមិនទាន់បានទទួលព័ត៌មានពីការអនុញ្ញាតឱ្យបង្កើតក្លិបបាញ់គ្រាប់ពិតនៅក្នុងខេត្តកំពតនេះនៅឡើយទេ ប៉ុន្តែលោកថាជាទូទៅក៏មានការអនុញ្ញាតឱ្យបង្កើតនៅទីតាំងហ្វឹកហាត់បែបនេះនៅកន្លែងផ្សេងផងដែរ។
លោកថា៖ «យើងមានគោលការណ៍អនុញ្ញាតឱ្យបង្កើតទីតាំងបាញ់គ្រាប់ពិតនេះ ព្រោះថានៅក្នុងស្រុកណាក៏គេមានដែរ ប៉ុន្តែអ្វីដែលសំខាន់ យើងត្រូវមានការស្នើសុំ និងមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសច្បាស់លាស់ និងស្របទៅតាមច្បាប់»។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានឱ្យដឹងពីម្សិលមិញថា ក្លិបបាញ់កាំភ្លើងបូកគោ ត្រូវបានបង្កើតឡើងសម្រាប់កងកម្លាំងនៅក្នុងខេត្តធ្វើការហ្វឹកហាត់ជាពិសេសកម្លាំងអន្តរាគមន៍គឺត្រូវការទីតាំងមួយច្បាស់លាស់សម្រាប់ហ្វឹកហាត់ពង្រឹងសមត្ថភាព។
លោកបញ្ជាក់ថា៖ «កន្លងមកនេះនៅខាងកងទ័ព និងប៉េអឹម ពួកគាត់មានកន្លែងសម្រាប់ធ្វើការហ្វឹកហាត់ ប៉ុន្តែសម្រាប់កងកម្លាំងនគរបាលខេត្តកំពតជាប៉ូលិស យើងទើបតែរៀបចំជាលើកទី ១ ហើយមកដល់ពេលនេះការរៀបចំទីតាំងសម្រេចបានប្រមាណ ៤០ ភាគរយ ដោយបានចាប់ផ្តើមអនុវត្តតាំងពីខែមីនា ឆ្នាំ ២០២០ កន្លងមកនេះ»។
លោកបានពន្យល់ទៀតថា៖ «ការបង្កើតក្លិបនេះមានសារៈសំខាន់បំផុត សម្រាប់កងកម្លាំងនៅក្នុងខេត្តពីព្រោះថា នៅតាមបណ្តាប្រទេសនានា ដូចជានៅអាមេរិកជាដើមក៏គេត្រូវការហ្វឹកហាត់គ្រប់ពេលដើម្បីធ្វើឱ្យកងកម្លាំងមានជំនាញ និងសមត្ថភាពច្បាស់លាស់ក្នុងការប្រើប្រាស់អាវុធគ្រប់ប្រភេទ»។
បើតាមលោក ម៉ៅ ច័ន្ទមធុរិទ្ធ នៅស្នងការដ្ឋាននគរបាលខេត្តកំពតមានកងកម្លាំងប្រមាណ ១៧០០ នាក់ក្នុងនោះមានកងកម្លាំងអន្តរាគមន៍ពិសេស ចំនួន ១០០ នាក់ដែលនឹងត្រូវជ្រើសរើសយកមកហ្វឹកហាត់ទាំងទ្រឹស្តី និងអនុវត្តផ្ទាល់ព្រោះក្រុមនេះបានចុះប្រតិបត្តិការមុនគេ។
រីឯកម្លាំងផ្សេងៗនៅតាមអធិការដ្ឋាននគរបាល និងតាមប៉ុស្ដិ៍នៃខេត្តកំពតទាំងមូល គឺអាចទៅហ្វឹកហាត់បាន ប៉ុន្តែសម្រាប់កងកម្លាំងកងរាជអាវុធហត្ថ និងកងទ័ពផ្សេងទៀតក្នុងខេត្តក៏ត្រូវបានអនុញ្ញាតឱ្យចូលហ្វឹកហាត់បានដែរតែត្រូវមានការដាក់លិខិតសុំការអនុញ្ញាតជាមុនឱ្យបានត្រឹមត្រូវ៕