ភ្នំពេញៈ បន្ទាប់ពីសាលារាជធានីបដិសេធលើសំណើដង្ហែក្បួនក្នុងថ្ងៃនៃទិវាសិទ្ធិមនុស្ស ១០ ធ្នូសម្ព័ន្ធអង្គការសង្គមស៊ីវិលកាលពីម្សិលមិញបានដាក់លិខិតជូនដំណឹងទៅកាន់ក្រសួងមហាផ្ទៃពីជំហររក្សាការហែក្បួន និងការផ្លាស់ប្តូរទិសដៅហែក្បួនដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍តែលិខិតនេះត្រូវបានក្រសួងមហាផ្ទៃបដិសេធទទួលយក។
តាមកំណត់ហេតុនៃកិច្ចប្រជុំកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៥ លោក នី ចរិយា តំណាងសម្ព័ន្ធអង្គការសង្គមស៊ីវិលបានជួបប្រជុំជាមួយនឹងអាជ្ញាធររាជធានីដែលដឹកនាំដោយលោក ឃួង ស្រេង អភិបាលរងរាជធានីដើម្បីស្នើដង្ហែក្បួនអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិចាប់ពីម៉ោង ៦ និង ៣០ នាទីព្រឹកដល់ ៦ និង ៣០ នាទីល្ងាចដោយប្រមូលផ្តុំនៅមុខពហុកីឡាដ្ឋានជាតិអូឡាំពិកធ្វើដំណើរមកប្រមូលផ្តុំនៅសួនច្បារវត្តបុទុមវត្តី និងមានអ្នកចូលរួមប្រមាណ ៣ ពាន់នាក់។
ជាលទ្ធផលនៃកិច្ចប្រជុំនោះសាលារាជធានីបានអនុញ្ញាតឲ្យសម្ព័ន្ធអង្គការសង្គមស៊ីវិលប្រារព្ធពិធីនេះនៅទីលានប្រជាធិបតេយ្យដោយបដិសេធសំណើហែក្បួននោះក្រោមហេតុផលចៀសវាងប៉ះពាល់ដល់សុវត្ថិភាពសណ្តាប់ធ្នាប់ និងរបៀបរៀបរយពិសេសការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរក្នុងរាជធានីភ្នំពេញ។
តំណាងសម្ព័ន្ធអង្គការសង្គមស៊ីវិល និងជាប្រធានលេខាធិការគណៈកម្មាធិការនៃអង្គការសមាគមការពារសិទ្ធិមនុស្ស (CHRAC) លោក សួន ប៊ុនសក្តិ បានឲ្យដឹងកាលពីម្សិលមិញថាក្រោយកិច្ចប្រជុំនេះសង្គមស៊ីវិលនៅតែរក្សាជំហរក្នុងការហែក្បួនតែដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ដូចការអះអាងរបស់សាលារាជធានីនោះសង្គមស៊ីវិលបានសម្រេចផ្លាស់ប្តូរការប្រមូលផ្តុំទៅខាងមុខមន្ទីររដ្ឋសភាជាតិវិញហើយហែរទៅប្រមូលផ្តុំនៅលើទីលានប្រជាធិបតេយ្យវិញដោយជូនដំណឹងទៅកាន់ក្រសួងមហាផ្ទៃ។
លោកថា៖ «ការរក្សាសន្តិសុខគឺជាភារកិច្ចរដ្ឋ និងសមត្ថកិច្ចចំណែកឯសន្តិសុខក្នុងពិធីរៀបចំគឺជាភារកិច្ចរបស់ពួកយើងជាសង្គមស៊ីវិលដែលត្រូវរាយការណ៍ក្នុងករណីដែលមានភាពមិនប្រក្រតី»។
យ៉ាងណាក៏ដោយលេខាធិការ CHRAC លោក អៀង ពេជ្រ បានឲ្យដឹងថាក្រសួងមហាផ្ទៃបានបដិសេធទទួលលិខិតរបស់អង្គការសង្គមស៊ីវិល និងណែនាំឲ្យស្នើសុំសាលារាជធានីភ្នំពេញជាថ្មីទៀត។
សម្រាប់ការជូនដំណឹងពីទិសដៅហែក្បួន និងប្រមូលផ្តុំថ្មីនេះអ្នកនាំពាក្យសាលារាជធានីលោក ឡុង ឌីម៉ង់ បានឲ្យដឹងកាលពីម្សិលមិញក្រោយពីកិច្ចប្រជុំថាសាលារាជធានីនឹងបញ្ជូននូវលទ្ធផលកិច្ចប្រជុំថ្ងៃទី ៣០ ខែវិច្ឆិកាជាមួយនឹងការស្នើសុំថ្មីរបស់អង្គការសង្គមស៊ីវិលទៅកាន់ក្រសួងមហាផ្ទៃប្រជុំសម្រេចព្រោះផែនការការងារនេះហួសការសម្រេចរបស់សាលារាជធានី។
លោកថា៖ «តាមច្បាប់សាលារាជធានីអាចសម្រេចបានតែត្រឹម ២០០ នាក់ហើយមិនអនុញ្ញាតឲ្យហែក្បួននោះទេហើយបើពួកគាត់នៅតែបន្តស្នើបែបនេះគឺមានតែក្រសួងមហាផ្ទៃទេទើបអាចសម្រេចបានអ៊ីចឹងយើងបញ្ចូនទៅក្រសួងមហាផ្ទៃហើយ»។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការឆ្លើយតបពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេកាលពីម្សិលមិញ។
បើតាមលោក ឌីម៉ង់ ក្នុងទិវាសិទ្ធិមនុស្ស ១០ ធ្នូទាំងស្ថាប័នជាតិ និងសាលារាជធានីគ្រោងរៀបចំពិធីអបអរសាទរទិវានេះនៅទីតាំងឯកជនគឺមជ្ឈមណ្ឌលកោះពេជ្រចំណែកទីតាំងពហុកីឡដ្ឋានអូឡាំពិកនឹងមានការរៀបចំពិធីមួយពីអង្គការសង្គមស៊ីវិលមួយចំនួនផងដែរ៕