ភ្នំពេញ៖ លោក ព្រុំ សុខា រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ សម្រេច​បង្កើត​ក្រុម​ការងារ​ពិនិត្យ​សំណុំ​ឯកសារ​បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​សុខាភិបាល​ឆ្នាំ ២០២១ ចំនួន ៣ ពាន់​នាក់ ដើម្បី​បម្រើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩។

សេចក្ដី​សម្រេច​របស់​លោក ព្រុំ សុខា ស្ដីពី​ការ​បង្កើត​ក្រុម​ការងារ​ពិនិត្យ​សំណុំ​ឯកសារ​បេក្ខជន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃទី ១០ ខែ​ឧសភា គឺ​យោង​សេចក្ដី​សម្រេច​ចុះ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ របស់​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ផ្ដល់​ក្របខ័ណ្ឌ​បន្ថែម​ជា​ករណី​ពិសេស​ដល់​ក្រសួង​សុខាភិបាល សម្រាប់​ឆ្នាំ ២០២១ ចំនួន ៣ ០០០ នាក់ ដើម្បី​បម្រើ​ការងារ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩។

យោង​ចំណារ​យល់ព្រម​ចុះ​ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២១ របស់​លោក​នាយក​រដ្ឋមន្រ្តី​លើ​លិខិត​លេខ ២២៤ ចុះ​ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២១ របស់​ក្រសួង​សុខាភិបាល និង​យោង​លិខិត​លេខ ១១៩ ចុះថ្ងៃទី​ ១០ ខែ​ ឧសភា ឆ្នាំ ២០២១ របស់​ក្រសួង​សុខាភិបាល​ស្ដីពី​សំណើ​សុំ​ជ្រើសរើស​មន្ត្រី​ចំនួន ៣ ០០០ នាក់ ដែល​កំពុង​បម្រើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​សុខាភិបាល​យោង​តាម​ការ​ចាំបាច់​របស់​ក្រសួង។

ដោយ​យោង​សេចក្ដី​សម្រេច​ខាង​លើ​លោក ព្រុំ សុខា បាន​សម្រេច​បង្កើត​ក្រុម​ការងារ ពិនិត្យ​សំណុំ​ឯកសារ​បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​សុខាភិបាល​ឆ្នាំ ២០២១ ដើម្បី​បម្រើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ ដោយ​បាន​សម្រេច​ឱ្យ លោក យក់ ប៊ុនណា រដ្ឋលេខាធិការ​ប្រចាំ​ការ​នៃ​ក្រសួង​មុខងារ​សាធារណៈ​ជា​ប្រធាន​ក្រុម​ការងារ និង​អនុរដ្ឋលេខាធិការ ទីប្រឹក្សា​អគ្គនាយក អគ្គនាយក​រង ប្រធាន​នាយកដ្ឋាន និង​ប្រធាន​មន្ទីរ​មុខងារ​សាធារណៈ​រាជធានី-ខេត្ដ ចំនួន ២៧ រូប​ទៀត​ជា អនុប្រធាន និង​ជា​សមាជិក។

យោង​សេចក្ដី​សម្រច​ក្រុម​កាងារ​នេះ មាន​ភារកិច្ច​ត្រួត​ពិនិត្យ និង​ផ្ទៀងផ្ទាត់​សំណុំ​លិខិត​បេក្ខជន​ម្នាក់ៗ ដែល​ផ្ដល់​ដោយ​ក្រសួង​សុខាភិបាល ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​សមស្រប​តាម​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការ​ជ្រើសរើស​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រាជការ។

ពិនិត្យ​លើ​ការ​កំណត់​ប្រភេទ​ក្របខ័ណ្ឌ​ឱ្យ​បាន​សមស្រប​តាម​លក្ខណៈ​វិនិច្ឆ័យ​អនុលោម​តាម​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន។

ពិនិត្យ និង​រៀបចំ បញ្ចូល​មន្ត្រី​សុខាភិបាល ដែល​បាន​ជ្រើសរើស​ទៅ​តាម​ប្រភេទ​ក្របខ័ណ្ឌ​នីមួយៗ។

សហការ​ជាមួយ​ក្រសួង​សុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​សុំ​ការ​គាំទ្រ និង​ជួយ​សម្រួល​ភារកិច្ច។ រៀបចំ​សំណុំ​ឯកសារ​របស់​បេក្ខជន​ដែល​បាន​ជ្រើសរើស ដើម្បី​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ពិនិត្យ​សម្រេច​បញ្ចូល​ក្របខ័ណ្ឌ។

លោក​រដ្ឋមន្រ្ដី​បាន​បញ្ជាក់​ថា ក្រុម​ការងារ​ត្រូវ​រៀបចំ​យន្តការ​ការងារ និង​បែងចែក​ការ​ទទួល​ខុស​ត្រូវ​កិច្ចការ​អាទិភាព​តាម​ផ្នែក​នីមួយៗ ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​ការ​អនុវត្ត​ភារកិច្ច​ខាង​លើ សម្រេច​បាន​ឆាប់​រហ័ស។

ក្រៅ​ពី​សមាសភាព​ក្រុម​ការងារ​ដែល​មាន​ចែង​ខាង​លើ ក្រុម​ការងារ​មាន​សិទ្ធិ​ប្រើប្រាស់​មន្ត្រី​ដទៃ​ទៀត ដើម្បី​បំពេញ​ការងារ​តាម​ការ​ចាំបាច់។ ក្រុម​ការងារ​ត្រូវ​ធ្វើ​របាយការណ៍​ជា​ប្រចាំ និង​សុំ​យោបល់​សម្រេច​ពី​រដ្ឋមន្ត្រី​លើ​បញ្ហា​ចាំបាច់​បន្ទាន់។

លោក យក់ ប៊ុនណា បាន​ថ្លែង​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នា​ថ្ងៃ​នេះ​ថា បច្ចុប្បន្ន​ក្រុម​ការងារ​កំពុង​ពន្លឿន​ដោះស្រាយ ព្រោះ​ក្រុម​ការងារ​មន្រ្ដី​សុខាភិបាល​ជួរ​មុខ​ដែល​ជា​បេក្ខជន​ត្រូវ​ជ្រើសរើស​ចូល​ក្នុង​ក្របខ័ណ្ឌ​មន្រ្ដី​រាជការ​នៃ​ក្រសួង​សុខាភិបាល​នេះ គឺ​មាន​ឈ្មោះ​ច្រើន។

លោក​បាន​ថ្លែង​ថា៖ «មន្ត្រី​ដែល​កំពុង​បម្រើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ ដែល​ត្រូវ​ជ្រើសរើស​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​សុខាភិបាល គឺ​អាច​មាន​ចំនួន​កើន​ឡើង​លើស ៣ ពាន់​នាក់ ដែល​បាន​ស្នើ​សុំ​នេះ​ទៅ​ទៀត»។

លោក យក់ ប៊ុនណា បាន​ឱ្យ​ដឹង​ថា តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្រ្ដី គឺ​ក្រុម​បេក្ខជន​ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ គឺ​ជា​គោលការ​មាន​ការ​គិតគូរ​ក្នុង​ការ​ដាក់​បញ្ចូល​ជា​មន្រ្ដី​ក្នុង​វិស័យ​សុខាភិបាល និង​វិស័យ​ដែល​ពាក់ព័ន្ធ។

លោក​បាន​បញ្ជាក់​ថា៖ «យើង​កំពុង​ប្រឹងប្រែង​ធ្វើ​កិច្ច​ការងារ​នេះ​ជា​បន្ទាន់។ ក្រសួង​មុខងារ​សាធារណៈ​បាន​រៀបចំ​ក្រុម​ការងារ​រួច​ហើយ ដូច្នេះ​យើង​នឹង​បន្ត​ធ្វើ​កិច្ច​ការងារ​នេះ ជាមួយ​ក្រសួង​សុខាភិបាល និង​ក្រសួង​ដែល​ពាក់ព័ន្ធ»។

លោក​បាន​ឱ្យ​ដឹង​ថា ក្រុម​ការងារ​នឹង​ប្រឹងប្រែង​ធ្វើ​ការងារ​បញ្ចូល​ក្របខ័ណ្ឌ បេក្ខ​ជន​ទាំង​នេះ ឱ្យ​បាន​មុន​បំណាច់​ឆ្នាំ ២០២១ ដើម្បី​អាច​ឱ្យ​បេក្ខជន​ទទួល​បាន​បៀវត្សរ៍​តាម​ក្របខ័ណ្ឌ​ច្បាប់។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា គាំទ្រ​ចំពោះ​ការ​ទទួល​យក​បេក្ខជន​ដែល​ជា​គ្រូពេទ្យ​ជួរ​មុខ បាន​ចូលរួម​ការងារ​យ៉ាង​សកម្ម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ ជា​មន្រ្ដី​ក្របខ័ណ្ឌ​ពេញ​សិទ្ធិ ស្រប​ពេល​ដែល​មន្រ្ដី​ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា បច្ចុប្បន្ន​មាន​ចំនួន​ខ្វះខាត​នៅ​ឡើយ។

លោក​បាន​ថ្លែង​ថា៖ «អ្វី​ដែល​យើង​ចង់​លើក​ទឹក​ចិត្ដ និង​ចង់​ឃើញ​បន្ថែម គឺ​គួរ​តែ​ផ្ដល់​ឱកាស​ឱ្យ​ស្មើ​ភាព​គ្នា​ទៅ​បេក្ខជន ដែល​មាន​សមត្ថភាព​ក្នុង​ការ​ជ្រើសរើស​បេក្ខជន​ចូល​ជា​មន្រ្ដី​ក្របខ័ណ្ឌ​នាពេល​នេះ»៕