ភ្នំពេញៈ លោក​ យក់ ប៊ុនណា ​អ្នក​នាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ​ជំរុញ​ឲ្យ​មន្ត្រី​បម្រើសេវា​សាធារណៈ​ទូទាំង​ប្រទេស​ចូលរួម​បំពេញការងារ​ឲ្យ​បានល្អ និង​ប្រកប​ដោយ​ភាពស្មោះត្រង់ ស្រប​ពេល​ដែល​ក្រសួង​នឹង​ជំរុញ​បន្ថែមទៀត​ក្នុងការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រីរាជការ ខណៈ​មន្ត្រី​ប្រព្រឹត្ត​មិន​សមរម្យ​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ​តាមច្បាប់​។

ការថ្លែង​របស់លោក​បែបនេះ​បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួង​មុខងារ​សាធារណៈ​» ​កាលពី​ម្សិលមិញ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​មាន​អ្នកចូលរួម​ប្រមាណ ៣០ ​នាក់​។

លោក យក់ ប៊ុនណា បាន​ថ្លែងថា​ក្រសួង​មុខងារសាធារណៈ​ជាទូទៅ​មិន​ធ្វើការ​ជំនួស​ក្រសួង​ស្ថាប័ន​ណា​នោះទេ ប៉ុន្តែ​គឺជា​ស្ថាប័ន​ដែល​ជួយ​រួមចំណែក​ក្នុងការ​រៀបចំ​គោលនយោបាយ គោលការណ៍ និង​ជា​អ្នកជំរុញ​តាមដាន ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការលើកកម្ពស់​គុណភាព​សេវាសាធារណៈ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។

លោក​បាន​បន្តថា ដូច្នេះ​ស្របពេល​ដែល​ក្រសួង​នឹង​ជំរុញ​បន្ថែម​ក្នុងការ​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​មន្ត្រីរាជការ​ទូទាំងប្រទេស​នោះ​គឺ​មន្ត្រី​បម្រើ​សេវាសាធារណៈ​ខ្លួនឯង​ផ្ទាល់ គួរតែ​ប្រឹងប្រែង​បំពេញ​ការងារ​ឲ្យ​បាន​សកម្ម និង​ប្រកប​ដោយ​ភាពស្មោះត្រង់​។

លោក​បាន​បញ្ជាក់ថា​៖ «​កុំ​បាន​ប្រាក់បៀវត្សរ៍​បាន​ការដំឡើង​ប្រាក់​បៀវត្សរ៍​ហើយ​យើង​អត់​ខំប្រឹង ហើយ​នៅ​ដដែល​គឺ​អត់​បានទេ​។ ព្រោះ​យើង​ត្រូវ​គិតថា​យើង​ម្នាក់ៗ​ក្នុងនាម​មន្ត្រីរាជការ ដែល​ធ្វើការ​ក្នុង​វិស័យ​សាធារណៈ​ត្រូវតែ​រួមចំណែក​សំខាន់​ក្នុង​ការផ្តល់​សេវា​សាធារណៈ​។ បើ​និយាយ​ពី​រឿង​ផ្តល់​សេវាសាធារណៈ​គឺ​សម្រាប់​ទាំងអស់​គ្នា​រួមទាំង​មន្ត្រី​ផង​»​។

បន្ថែម​ពីនេះ​លោក​ក៏​ចង់​ឲ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់​គួរ​ផ្លាស់ប្តូរ​ឥរិយាបថ ជា​មន្ត្រី​ដែល​មាន​លក្ខណៈ​គ្រប់គ្រង ឬ​ត្រួតត្រា​មក​ចាត់ទុក​ខ្លួនឯង​ជា​អ្នកផ្តល់​សេវា​ ឬ​ជា​អ្នកបម្រើ​រាស្ត្រ​ដ៏ស្មោះត្រង់ និង​ចូលរួម​គោរព​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងន័យ​ធ្វើ​យ៉ាងណា​ឲ្យ​ការផ្តល់សេវា​ជូន​ពលរដ្ឋ​ដែលមាន​ជាង​ ៥០០ ​សេវា ប្រកប​ដោយ​ប្រសិទ្ធភាព​។

ទន្ទឹមនឹង​ការជំរុញ​ឲ្យ​មន្ត្រីរាជការ​ខិតខំ​បម្រើសេវា​នេះ​លោក យក់ ប៊ុនណា ក៏បាន​លើក​ជា​ឧទាហរណ៍​មួយចំនួន​ផងដែរ ដោយ​លោក​លើកឡើង​ថា មាន​មន្ត្រី​សាធារណៈ​មួយចំនួន​បាន​ប្រឈមមុខ​នឹង​ច្បាប់ និង​ត្រូវ​បានបញ្ចប់ មុខ​តំណែង​ជា​ហូរហែ​ចំពោះ​ទង្វើ និង​អាកប្បកិរិយា​មិនល្អ​។ លោក​ព្រមាន​ដែរ​ថា យន្តការ​នេះ​នៅ​តែ​បន្ត ប្រសិន​បើ​មន្ត្រីរាជការ​នៅតែ​ប្រព្រឹត្ត​កំហុស​។

តាម​របាយការណ៍​សន្និបាត​របស់​ក្រសួង​មុខងារសាធារណៈ​ឆ្នាំ​ ២០១៩ បាន​ឲ្យ​ដឹងថា តាមរយៈ​ការដាក់ចេញ​កម្មវិធី​គ្រប់គ្រង​មន្ត្រីរាជការ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា កម្ពុជា​មាន​មន្ត្រីរាជការ​ស៊ីវិល​សរុប ២១៨ ៤៨២ នាក់​ក្នុង​នោះ​ថ្នាក់ជាតិ​មាន​ប្រមាណ​ ៤៥ ៥៩៩ ​នាក់ និង​ថ្នាក់ក្រោម​ជាតិ​មាន​ប្រមាណ​ ១៧២ ៨៨៣ ​នាក់​។

លោក​ សន ជ័យ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​លើកឡើង​ថា នៅពេល​ដែល​កម្ពុជា​មាន​ការវិវឌ្ឍ​ថ្មីៗ​នៃ​ការរីក​ចម្រើន​សកម្មភាព​សេដ្ឋកិច្ច​គឺ​នឹង​ធ្វើឲ្យ​សេវាសាធារណៈ​មិនមែន​សំដៅ​តែ​ទៅលើ​ការទទួល​បាន​សេវា​ធ្វើ​សំបុត្រ​កំណើត សំបុត្រ​អាពាហ៍ពិពាហ៍ និង​សុំច្បាប់​ផ្សេងៗ​នោះទេ​។ ​ក៏ប៉ុន្តែ​ការផ្តល់​សេវា​ទាំងនេះ​នឹងត្រូវ​សំដៅលើ​បញ្ហា​ធំៗ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្សេងៗ​​ទៀត ដូចជា ដីធ្លី ការសាងសង់ ការចុះបញ្ជី​យានយន្ត និង​ផ្នែក​សុខាភិបាល​ជាដើម​។

លោក​បាន​បន្តថា ដើម្បី​ធ្វើឲ្យ​សេវាសាធារណៈ​ទាំងនេះ​មាន​ភាពល្អ​ប្រសើរ រដ្ឋាភិបាល​គួរ​មើល​លើ​សេវា​ណា​ដែលមាន​អាទិភាព និង​បន្ថយ​ភាពស្មុគស្មាញ​នៃ​ការផ្តល់សេវា​ជុំវិញ​បញ្ហា​ទាំងនោះ ដើម្បី​ធ្វើឲ្យ​ប្រាកដថា ការផ្តល់​សេវាសាធារណៈ​របស់​មន្ត្រីរាជការ​ប្រព្រឹត្ត​ទៅ​បាន​ល្អ​។

លោក​បញ្ជាក់ថា​៖ «​បើ​ប្រព័ន្ធ​នៃ​ការផ្តល់​សេវា​មួយ​ដែលមាន​ភាព​ស្មុគស្មាញ​វា​អាច​នឹង​ធ្វើឲ្យ​មានឱកាស​បន្ទច់បង្អាក់​នៅក្នុង​ការផ្តល់សេវា​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​បង្ខំចិត្ត​បង់លុយ​ក្រៅ​ផ្លូវការ​ដើម្បី​ទទួលបាន​សេវា​ទាំងនោះ​។ កន្លងមក​យើង​ដឹង​ហើយ​សូម្បីតែ​ការសុំច្បាប់​សាងសង់​មួយ​វា​ជា​បញ្ហា​ចម្បង បញ្ហា​ប្រឈម​ដែល​ធ្វើឲ្យ​មាន​ការ​លើកឡើង​ថា សំណង់​ខុសច្បាប់ វា​កើតឡើង​ដោយសារ​តែ​នីតិវិធី​សុំច្បាប់​សាងសង់​មាន​ការស្មុគស្មាញ​ និង​ពិបាក​ដែល​បង្ក​ជា​អំពើ​ពុករលួយ​»៕