ភ្នំពេញ៖ ក្រសួង​មុខងារ​សាធារណៈ​តម្រូវ​ឱ្យ​បេក្ខជន ដែល​បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​​នៅ​តាម​ក្រសួង​ស្ថាប័ន​ចំនួន ៦ ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ទាំង ២ លើក​ឱ្យ​បាន​រួច​ហើយ។

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង ដែល​ចុះ​ហត្ថលេខា​ដោយ​លោក អែវ ប៊ុនថុល រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ប្រឡង​នៃ​ក្រសួង​មុខងារសាធារណៈ​កាល​ពី​ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២១

បញ្ជាក់​ថា ក្រសួង​ស្ថាប័ន​ចំនួន ៦ រួម​មាន​ក្រសួង​មុខងារ​សាធារណៈ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​រដ្ឋលេខាធិការដ្ឋាន អាកាសចរ​ស៊ីវិល សម្រាប់​ឆ្នាំ ២០២១។

សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា នៅ​ថ្ងៃ​ប្រឡង​បេក្ខជន​ទាំង​អស់​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​កាត​សម្គាល់​ដែល​សាមី​ខ្លួន​បាន​ទទួល​វ៉ាក់សាំង។

ក្នុង​ករណី​ដែល​បេក្ខជន​មិន​អាច​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ បាន ត្រូវ​មាន​លិខិត​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត។

បើ​តាម​សេចក្តី​ជូន​ដំណឹង​នេះ ក្នុង​ករណី​បេក្ខជន​ណា​ដែល​មិន​មាន​ប័ណ្ណ​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ឬ​លិខិត​បញ្ជាក់​របស់​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត គណៈកម្មការ​រៀបចំ​ការ​ប្រឡង​មិន​អនុញ្ញាត​ឱ្យ​បេក្ខជន​នោះ​ចូលរួម​ប្រឡង​ឡើយ។

គណៈកម្មការ​រៀបចំ​ការ​ប្រឡង​នឹង​ធ្វើ​ការ​បិទផ្សាយ​បញ្ជី​ឈ្មោះ​បេក្ខជន ដើម្បី​ទុក​សិទ្ធិ​ឱ្យ​តវ៉ា​ក្នុង​ករណី ដែល​មិន​មាន​ឈ្មោះ​ប្រឡង​នៅ​ពេល​ដែល​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃ ២០ កុម្ភៈ ត្រូវ​បាន​បិទ​បញ្ចប់។

លោក យក់ ប៊ុនណា អ្នក​នាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី ៦ ខែ​ឧសភា​នេះ​ថា ចំពោះ​ក្រសួង​មុខងារ​សាធារណៈ​តម្រូវ​ឱ្យ​បេក្ខជន​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ នេះ ដោយសារ​បច្ចុប្បន្ន​ជំងឺ​នេះ កំពុង​តែ​មាន​ការ​រីក​រាលដាល​នៅ​ក្នុង​ប្រទេស។

មន្ត្រី​រាជការ​ទាំង​អស់​ដែល​ជា​អ្នក​បម្រើ​សេវា​សាធារណៈ​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ប្រឆំាង​ជំងឺ​កូវីដ ១៩ ដើម្បី​ការពារ​ខ្លួន​ទប់ទល់​ទៅ​នឹង​ការ​ឆ្លង​ផង និង​កុំ​ឱ្យ​ឆ្លង​ទៅ​អ្នក​ដទៃ​ផង​ដែរ។

លោក យក់ ប៊ុនណា ថ្លែង​ថា៖ «គាត់​ត្រូវ​ចាក់​ទាំង​អស់​គ្នា​ជា​សុវត្ថិភាព​ការងារ និង​ការ​ការពារ​សុវត្ថិភាព​សាធារណៈ​ផង​ដែរ»។

លោក យក់ ប៊ុណ្ណា បញ្ជាក់​ថា ការ​ចាក់​វ៉ាក់សាំង​ការពារ​ខ្លួន គឺ​ជា​រឿង​ចំាបាច់​បំផុត​សម្រាប់​មនុស្ស​គ្រប់​គ្នា​ជាពិសេស​មន្ត្រី​សាធារណៈ ព្រោះ​ពួក​គេ​ជា​អ្នក​ធានា​និរន្តរភាព​ការងារ និង​ទំនាក់ទំនង​ជាមួយ​អ្នក​ស្វែងរក​សេវា​សាធារណៈ​ច្រើន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃទី ៦ ខែ​មេសា​ថា មន្ត្រី​រាជការ​ទាំង​អស់​ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ ១៩ សូម្បី​តែ​មន្ដ្រី​រាជការ​ដែល​ត្រូវ​ជ្រើសរើស​ថ្មី មន្ដ្រី​កិច្ចសន្យា គឺ​ត្រូវ​មាន​លក្ខខណ្ឌ​មួយ​តម្រូវ​ជា​ចំាបាច់ គឺ​ចាក់​វ៉ាក់សាំង​រួច​ហើយ ទើប​អនុញ្ញាត​ឲ្យ​ចូល​ក្របខ័ណ្ឌ ឬ​ប្រឡង​ចូល​ក្របខ័ណ្ឌ។

លោក ហ៊ុន សែន យល់​ឃើញ​ថា បើ​មិន​ដូច​នេះ​ទេ វ៉ាក់សាំង​ដែល​តម្រូវ​ឲ្យ​ចាក់​ក្នុង​រង្វង់​ពី ១០ ទៅ ១៣ លាន នាក់ នឹង​ក្លាយ​ជា​អត់ន័យ ដោយសារ​មនុស្ស​មួយ​ចំនួន​មិន​ទទួល​យក។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​គិត​ពី​ផល​ប្រយោជន៍​រួម​របស់​ជាតិ អំពី​សុខភាព​សាធារណៈ លើក​លែង​តែ​ករណី​មួយ​គត់ គឺ​គ្រូពេទ្យ​បញ្ជាក់​ថា បុគ្គល​នេះ​មិន​អាច​ចាក់​វ៉ាក់សាំង​បាន​ទេ»៕